(ព្រះវិហារ)៖ លោក មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ បានលើកឡើងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដឈ្លាសវៃ និងប៉ិនប្រសព្វប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍន៍គ្រប់វិស័យ និងតែងគិតគូរជានិច្ចដល់កម្លាំងពលកម្មពលកររបស់យើងទាំងក្នុង និងក្រៅបករទេស។

ការថ្លែងលើកឡើងរបស់លោកទេសរដ្ឋមន្ត្រី មាស សុភា ក្នុងឱកាសដែលលោកចូលរួមក្នុងពិធីអបអរសារទរខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ «សន្តិភាព សុខភាព និងសន្តិសុខការងារ» ដោយមានការចូលរួមពីលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ, លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស ក្រុមហ៊ុន សហគ្រាសជាច្រើនទៀត នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២។

លោកទេសរដ្ឋមន្ត្រី មាស សុភា បានលើកឡើងទៀតថា គោលនយោបាយក្នុងប្រទេសរបស់រាជរដ្ឋាភិបាលចំពោះពលកររបស់យើង គឺបានដំឡើងប្រាក់ខែសមរម្យ បានដោះស្រាយការផ្តល់បណ្ណសម្រាប់ព្យបាលជំងឺដោយមិនគិតថ្លៃ មានច្បាប់ការងារត្រឹមត្រូវ និងគោលនយោបាយមួយចំនួនទៀត ពិសេសគឺបានគិតគូរចំពោះពលករចំណាកស្រុកធ្វើការនៅក្រៅប្រទេសជាដើម។

លោកទេសរដ្ឋមន្ត្រី បានថ្លែងរំលឹកលើកឡើងវិញ ពីរបបប្រល័យពូជសាសន៍ប៉ុលពត ដែលជារបបគុកឥតជញ្ជាំង ហើយលោកថែមទាំងហៅថាគ្រប់វណ្ណៈទាំងអស់គឺជាវណ្ណៈកសិករ ហើយជាកសិករកម្រិតទាបទៀតផង ព្រោះមិនមានទ្រព្យសម្បត្តិ មិនមានដីធ្លី មិនមានផ្ទះសំបែង ព្រោះមានតែអង្គការ និងកសិករក្រប៉ុណ្ណោះ។ ប៉ុន្តែក្រោយឆ្នាំ១៩៧៩មក ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺបានយកចិត្តទុកដាក់ចំពោះកម្មករ និយោជិតរបស់យើងគ្រប់វិស័យ ខុសពីរបបខ្មែរក្រហម។

លោកទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើឱ្យចូលរួមអបអរសារទេខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ១ ឧសភា ២០២២ និងឆ្នាំបន្តទៀត និងត្រូវបន្តការពារសុខសន្តិភាព និងការអភិវឌ្ឍន៍គ្រប់វិស័យ និងចូលរួមទប់ស្កាត់កុំ ឱ្យមានរបបប្រល័យពូជសាសន៍កើតមានឡើងវិញ។

លោកថា «ថ្នាក់ដឹកនាំខេត្ត និងមន្ទីរជំនាញត្រូវចូលរួមឧបត្ថម្ភ និងគាំទ្រការបណ្តុះបណ្តាលបច្ចេកទេសនៅវិទ្យាល័យជាស៊ីមត្បែងមានជ័យ លោកគ្រូ អ្នគ្រូ និងថ្នាក់ដឹកនាំសាលាត្រូវបន្តការគ្រប់គ្រង និងពង្រឹងការបណ្តុះបណ្តាលឱ្យ បានសមស្របតាមគោលនយោបាយ សិស្សបច្ចេកទេសគ្រប់ជំនាញត្រូវឧស្សាហ៍ព្យាយាម សិក្សា រៀនសូត្រ ទាំងនៅថ្នាក់រៀននិងស្វ័យសិក្សា សំដៅក្រោយបញ្ចប់ការសិក្សា»