(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ តំណាងលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១៣៦ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ «សន្តិភាព សុខភាព និងសន្តិសុខការងារ» ដែលរៀបចំដោយរដ្ឋបាលខេត្ត និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ។

បន្ទាប់ពីលោក អ៊ុ វាសនា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ បានបង្ហាញរបាយការណ៍សង្ខេបនូវលទ្ធផលការងារដែលសម្រេចបាននាពេលកន្លងមក, លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារជូនជនរួមជាតិ ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ។

លោក ជាម ច័ន្ទសោភ័ណ បានបង្ហាញនូវការប្រារព្ធពិធីនេះឡើងក្នុងន័យរំលឹកដល់បុព្វហេតុរបស់ពលករ កម្មករ នៅលើពិភពលោកទាំងមូល ដែលបានតស៊ូទាមទារសេរីភាព និងយុត្តិធម៌កាលពី ១៣៦ឆ្នាំមុន និងដើម្បីឧទ្ទិសដល់វីរភាពពលករ កម្មករ និងវិញ្ញាណក្ខន្ធរបស់វីរៈជនស្នេហាសេរីភាព និងយុត្តិធម៌។

លោកបណ្ឌិត អភិបាលខេត្ត ក៏បានគូសបញ្ជាក់ពីកត្តាសុខសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងសមិទ្ធផលនានា ដែលសម្រេចបានដ៏ត្រចះត្រចង់ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន និងការស្វែងរកបាននូវសន្តិភាពដែលបានកើតចេញពីការលះបង់សាច់ស្រស់ ឈាមស្រស់ និងភាពអង់អាចក្លាហាន របស់សម្តេច និងថ្នាក់ដឹកនាំយុទ្ធជនកម្ពុជា ដណ្តើមបានជោគជ័យលើរបបប្រល័យ ពូជសាសន៍ខែ្មរក្រហម។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានគូសរំលេចបន្ថែមថា កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយនេះ បានផ្តល់លទ្ធភាពឲ្យកម្ពុជា អាចទាក់ទាញវិនិយោគិនបរទេស ដើម្បីបង្កើតការងារដល់ប្រជាពលរដ្ឋ និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ មានជីវភាពធូរធារ សម្បូរសប្បាយដូចសព្វថ្ងៃ និងជំរុញបន្តចូលរួមថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស។

ក្នុងឱកាសនោះលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានឧបត្ភម្ភដល់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និយោជក កម្មករ និយោជិក ដែលបានចូលរួមនូវថវិកាក្នុងម្នាក់ ២ម៉ឺនរៀល និងក្រម៉ាម្នាក់មួយៗផងដែរ៕