(កែប)៖ លោក ជិន ប៊ុនស៊ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប បានអំពាវនាវដល់កម្មករកម្មការិនី ឱ្យចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុននេះ ឱ្យបានគ្រប់ៗគ្នា។

ការអំពាវនាវបែបនេះរបស់លោក ជិន ប៊ុនស៊ាន បានធ្វើឡើងក្នុងឱកាសដែលបានអញ្ជើញអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២២ នៅក្នុងបរិវេណរោងចក្រ កៃយ៉ាងស៊ីនស៊ូ ស្ថិតនៅភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២។ ពិធីនេះ ក៏មានការចូលរួមពីសំណាក់លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ព្រមទាំងសមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានភូមិ ឃុំ សង្កាត់ ក្រុង ស្រុក និងខេត្ត ព្រមទាំងបងប្អូន កម្មករ កម្មការិនី ប្រមាណ៣០០នាក់។

ស្ថិតក្នុងឱកាសនោះ លោកបានក្រើនរំឮកបន្ថែមឱ្យកម្មករ កម្មការិនី ត្រូវខិតខំថែរក្សាសុខភាពឱ្យបានល្អ និងត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទាំងដូសមូលដ្ឋាន ឬដូសជំរុញ និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ «៣កុំ ៣ការពារ» និងវិធានការសុខាភិបាលនានា។ បន្ថែមពីនេះ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដោយត្រូវពាក់មួកសុវត្ថិភាព និងគោរពសិទ្ធិជាអាទិភាព។

លោក ជិន ប៊ុនស៊ាន បានលើកឡើងថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពជា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងមានការរីកចម្រើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រពេញផ្ទៃប្រទេសរួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសង្គម ការកសាងធនធានមនុស្ស ផ្លូវថ្នល់ អគ្គិសនី ទឹកស្អាត សាលារៀន មន្ទីរពេទ្យ វត្តអារាម វិហារសាសនា ផ្សារលក់ដូរ និងការយកចិត្តទុកដាក់អភិវឌ្ឍន៍លើផ្នែកផ្សេងៗទៀត។

លោក សោម ពិសិដ្ឋ បានអានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់កម្មករនិយោជិតថា ទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅកម្ពុជា ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីថ្ងៃរំដោះ ពីរបបប្រល័យពូជសាសន៍ ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន បើទោះបីកម្ពុជា និងប្រទេសនានានៅក្នុងសកលលោកកំពុងប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ប្រភេទ អូមីក្រុង ក៏កម្ពុជានៅតែបន្តទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ប្រភេទថ្មីនេះ និងនៅតែបន្តឱ្យមានការរៀបចំរំលឹកនូវទិវាដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រនេះក្នុងទ្រង់ទ្រាយតូច និងតាមស្ថានភាពជាក់ស្តែង។

បច្ចុប្បន្នរាជរដ្ឋាភិបាល បាននិងកំពុងខិតខំអនុវត្តបានដោយជោគជ័យនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល រួមទាំងគោលនយោបាយអាទិភាពសំខាន់ៗ ដើម្បីបង្កើនល្បឿនការអភិវឌ្ឍ និងបង្កើតការងារសមរម្យជូនប្រជាពលរដ្ឋ ក្នុងនោះរួមមាន គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម នៅកម្ពុជា ឆ្នាំ២០១៥-២០២៥, គោលនយោបាយជាតិស្តីពី មុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥, គោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ និងការអនុវត្តនូវការកែទម្រង់មុតស្រួច ក្រោមអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ និងបាវចនា កែទម្រង់ខាងក្នុង និងបង្កើតមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ។

ក្នុងឱកាសនោះដែរ លោក ស្រី សាម៉ន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានលើកឡើងក្នុងរបាយការណ៍ ថា តាមការពិនិត្យលើស្ថិតិស្តីពី ចំនួនសហគ្រាស គ្រឹះស្ថាន និងចំនួនកម្មករនិយោជិត ត្រឹមខែមេសា ឆ្នាំ២០២២ ខេត្តកែប មានសហគ្រាស គ្រឹះស្ថានសរុប១៤៦ មានកម្មករនិយោជិត សរុប ១,៩៣០នាក់ ក្នុងនោះមានផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងចំនួន២ គ្រឹះស្ថាន មានកម្មករនិយោជិតចំនួន ៦៧៩នាក់ ស្រី៦០៧នាក់។

សហគ្រាសក្រៅពីកាត់ដេរ និងផលិតស្បែកជើងចំនួន១៤៤ មានកម្មករនិយោជិតសរុបចំនួន ១,២៥១នាក់ ស្រី៥៨៩នាក់ ផ្នែកសំណង់ ៦សហគ្រាស មានកម្មករនិយោជិត ១៤៤នាក់ ស្រី៤២នាក់ ផ្នែកសេវាកម្សាន្ត ៨៩ គ្រឹះស្ថាន មានកម្មករនិយោជិត៦៧៤នាក់ ស្រី ៣៧៧នាក់ និងផ្នែកផ្សេងៗមាន ៤៩គ្រឹះស្ថាន មានកម្មករនិយោជិត ៤៣៣នាក់ ស្រី១៧០នាក់។

លោកបានបន្តថា ក្រោមការចង្អុលបង្ហាញពី លោកអភិបាលខេត្តកែប មន្ទីរបានសហការជាមួយមន្ទីរសុខាភិបាលខេត្ត និងរដ្ឋបាលស្រុកដំណាក់ចង្អើរ ចុះសម្របសម្រួលធ្វើតេស្តជំងឺកូវីដ១៩ ដល់កម្មករនិយោជិត សាខារោងចក្រផលិតគ្រឿងបន្សំស្បែកជើង ចំនួន ២កន្លែង ចូវអ៉ីស៊ូ និងកៃយ៉ាងស៊ិនស៊ូ ដែលមានកម្មករ កម្មការិនី ចំនួន ៣៦៥នាក់ ស្រី ៣២៣នាក់ លទ្ធផលវិជ្ជមានចំនួន ៧នាក់ ហេីយត្រូវបានព្យាបាលដោយយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ៕