(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី៦ ខែឧសភា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារប្រុងប្រៀប ដើម្បីត្រៀមរៀបចំពិធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនកម្ពុជា-វៀតណាម ថ្នាក់រដ្ឋមន្រ្តីលើកទី១ និងកិច្ចសន្ទនាគោលនយោបាយការពារជាតិ ថ្នាក់អនុរដ្ឋមន្រ្តីលើកទី៥ និងជាប្រធានក្រុមការងាររៀបចំពិធីរំលឹកខួបទី៤៥ នៃទិវាចងចាំ ដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត(២០ មិថុនា ១៩៧៧ - ២០ មិថុនា ២០២២)។

កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ឧត្តមសេនីយ៍មកពីក្រសួងការពារជាតិ និងអ្នកដែលមានការពាក់ព័ន្ធជាច្រើននាក់ផងដែរ។

កាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានអញ្ជើញចុះត្រួតពិនិត្យទីតាំងភូមិសាស្ត្រព្យាបាលជំងឺជូនប្រជាជន និងប្រគល់អំណោយគោពូជ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-១៦ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយមានភាគីមិត្តវៀតណាម និងបានចូលក្នុងទឹកដីវៀតណាមដើម្បីត្រួតពិនិត្យកន្លែងមួយចំនួនផងដែរ៕