(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងមួយខ្សែ ប្រវែង៥៧២ម៉ែត្រ ទទឹង៦ម៉ែត្រ កំរាស់២០សង់ទីម៉ែត្រ ចំណាយថវិកា ២៧៤,២៨០,០០០រៀល និងបើកការដ្ឋានផ្លូវបេតុងប្រវែង ៦០១ម៉ែត្រ គ្រោងចំណាយថវិកា ៣៣៨, ៩៦៤,០០០រៀល សមិទ្ធផលទាំងនេះជាការផ្តួចផ្តើមរបស់ព្រះគ្រូសីលមុនីវង្ស តុន ពិសី ព្រះគ្រូចៅអធិការ វត្តគុហនគរ និងថ្នាក់ដឹកនាំឃុំ ព្រះអង្គបានដឹកនាំពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយ ក្នុងនិងក្រៅប្រទេសក្នុងការកសាងផ្លូវនេះ។

នៅក្នុងពិធីនេះដែរព្រះគ្រូសីលមុនីវង្ស តុន ពិសី មានសង្ឃដិកាថា សមិទ្ធផលនេះបានមកពីមានការសាមគ្គីភាព ការគាំទ្ររបស់ញាតិញោមជិតឆ្ងាយក្នុងនឹងក្រៅ ប្រទេស។ ការលះបង់របស់ញាតិញោមពិតជាធំធេងណាស់ ជាការចូលរួមនូវការអភិវឌ្ឍ ជាមួយរាជរដ្ឋាភិបាល។

ព្រះគ្រូសីលមុនីវង្ស ក៏បានថ្លែងអំណរគុណដល់លោកអភិបាលស្រុក ដែលតែងតែផ្តល់ជាគំរូរ និងផ្តល់កម្លាំងចិត្តដល់ព្រះអង្គ ពេលឃើញលោកខិតខំប្រឹងប្រែងអភិវឌ្ឍ ដើរតាមមូលដ្ឋាន រហូតក្នុងនាមជាមាតាបិតារបស់ប្រជាពលរដ្ឋក្នុងស្រុកតាំងគោក នេះជាមូលហេតុដែលនាំឲ្យព្រះអង្គខិតខំចូលរួមអភិវឌ្ឍ ភូមិ ឃុំជាមួយលោក អភិបាលស្រុកនិងពុទ្ធបរិស័ទ។

លោក ហាក់ ម៉ុងហួត បានឱ្យដឹងថា សមិទ្ធផលនេះជាគុណប្រយោជន៍ដល់ប្រជាជនក្នុងការធ្វើដំណើរ ងាយស្រួលដល់ភ្ញៀវទេសចរ ក្នុងការធ្វើដំណើរមកទស្សនា ប្រាសាទគុហនគរ។ លោកក៏សំណូមពរដល់ប្រជាពលរដ្ឋជួយថែរក្សាផ្លូវនេះឲ្យបានយូរអង្វែង ហើយក៏មេត្តាអត់ធ្មត់យោគយល់នៅពេលសាងសង់តែងតែមានការ ប៉ះពាល់បន្តិចបន្តួច ដូចជារបង់ជាដើម ព្រោះផ្លូវនេះជារបស់យើងទាំងអស់គ្នា៕