(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ ចេញសេចក្តីណែនាំដល់ប្រជាពលរដ្ឋ ឲ្យបញ្ឈប់សកម្មភាពចុះទន្ទ្រានបោះបង្គោលដីរដ្ឋជាបន្ទាន់ ក្នុងទីតាំងដីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច CHPB ក្នុងឃុំកំពងចាម ឃុំវឌ្ឍនៈ ស្រុកសំបូរ និងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ មុនអាជ្ញាធរចុះអនុវត្តន៍ច្បាប់។

នៅក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋខេត្តក្រចេះ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ បានឱ្យដឹងថា កន្លងមកក្រុមការងារ ចម្រុះខេត្ត ស្រុក ឃុំ រួមជាមួយក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានចុះពិនិត្យវាស់វែង និងបានកាត់ចេញនូវផលប៉ះពាល់ដីស្រែចំការរបស់ប្រជាពលរដ្ឋដែលបានកាន់កាប់ប្រើប្រាស់ និងអាស្រ័យផលកន្លងមក ក្នុងទីតាំងដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុន ស៊ី អេច ភី ប៊ី ស្ថិតនៅឃុំកំពង់ចាម ឃុំវឌ្ឍនៈ ស្រុកសំបូរ និងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

បន្ទាប់ពីបានកាត់ឆ្កៀលនូវផលប៉ះពាល់រួចមក ក្រុមការងារចម្រុះនៃគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តក្រចេះ បានចុះកាយក្រវ៉ាត់ព្រំដីដែលនៅសល់ដើម្បីចុះបញ្ជីជាដី ឯកជនរបស់រដ្ឋ។ ប៉ុន្តែក្នុងពេលថ្មីៗនេះមានមេខ្យល់ចុះទៅ ឃោសនាកៀរគរអូសទាញ ប្រជាពលរដ្ឋឲ្យចូលទន្ទ្រានហ៊ុព័ទ្ធបោះបង្គោលយកដីរដ្ឋ នៅក្នុងក្រវ៉ាត់ព្រំដីដែល បានកាយរួច យ៉ាងអនាធិបតេយ្យ។ ទង្វើបែបនេះគឺជាអំពើខុសច្បាប់ រដ្ឋបាលខេត្តក្រចេះចាត់ទុកជាសកម្មភាពញុះញង់ ប្រព្រឹត្តបទល្មើស បង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម ដែលត្រូវប្រឈមចំពោះមុខច្បាប់ជាធរមាន។

រដ្ឋបាលខេត្តក្រចេះ ក៏បានអំពាវនាវដល់សាធារណជន មន្ទីរ អង្គភាព អាជ្ញាធរមូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋ ដែលបាននឹងកំពុងចូលរួម ជាមេខ្យល់ ដែលបានឃោសនា គៀងគរ អូសទាញឲ្យចូលទន្ទ្រានហ៊ុព័ទ្ធបោះ បង្គោលយកដីរដ្ឋ នៅក្នុងក្រវ៉ាត់ព្រំដីដែលបានកាយរួច ត្រូវបញ្ឈប់សកម្មភានេះជាបន្ទាន់៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តក្រចេះ៖