(ពោធិ៍សាត់)៖ លោក យូ សិរីវុឌ្ឍ ប្រធានក្រុមការងារពិសេស និងជាតំណាងអ្នកឧកញ៉ា លី សាម៉េត ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នារសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ បានលើកឡើងថា រយៈពេលជាង៤០ឆ្នាំមកហើយ ដែលគណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសប្រកបដោយសន្តិភាព ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា គឺកើតចេញពីកម្លាំងគាំទ្រពិតប្រាកដរបស់ប្រជាជន តាមរយៈការបោះឆ្នោតគ្រប់ៗអាណត្តិ ពោលគឺមិនមែនកើតចេញពីការផ្ដួលរំលំ ដោយការធ្វើសង្គ្រាម ឬរដ្ឋប្រហារនោះឡើយ។

លោក យូ សិរីវុឌ្ឍ បានលើកឡើងបែបនេះ ក្នុងពិធីជួបសំណេះសំណាល និងផ្សព្វផ្សាយផែនការសកម្មភាពការងារឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ជាមួយមន្ត្រីបក្សថ្នាក់ខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ និងយុវជនជាង១៦០នាក់ នៅស្នាក់ការគណបក្សខេត្ត ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីលោក ជាវ តាយ សមាជិកគណ:កម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានគណ:កម្មាធិការគណបក្សខេត្ត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយក្រុងពោធិ៍សាត់ និងជាអភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់។

លោក ម៉ក់ រ៉ា អនុប្រធានគណៈកម្មាធិការគណបក្ស និងជាប្រធានគណៈប្រចាំការ បានជម្រាបជូនថា គណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ មានរចនាសម្ព័ន្ធរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត មានចំនួន២.៧៩២នាក់ ចងក្រងក្រុមបក្ស មានចំនួន២៨.៤៧៩ក្រុម មាន១០៩.៨៩៥គ្រួសារបក្ស មានសមាជិក២៣៧.៥២៤នាក់ និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត មានចំនួន២៨៧.០៧៩នាក់ ស្មើនឹង៨២,៧៣%(បញ្ជីបោះឆ្នោតឆ្នាំ២០២១)។ ចំពោះរចនាសម្ពន្ធយុវជនគណបក្ស ដឹកនាំដោយលោក កែវ រតនៈ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកកណ្តៀង និងស្រុកក្រគរ មានថ្នាក់ដឹកនាំយុវជន៤.៧៥៤នាក់ ក្នុងនោះថ្នាក់ខេត្ត២៨១នាក់ និងថ្នាក់ស្រុក ក្រុង ឃុំ សង្កាត់ និងមន្ទីរអង្គភាព៤.៤៧៣នាក់។

លោក យូ សិរីវុឌ្ឍ បានថ្លែងថា រយៈពេលជាង៤០ឆ្នាំ គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេស ប្រកបដោយសន្តិភាព «រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នកើតចេញពីការគាំទ្រ និងឆន្ទៈរបស់ប្រជាជន តាមរយៈការបោះឆ្នោតស្របច្បាប់ មិនមែនកើតចេញពីការផ្ដួលរំលំដោយការធ្វើសង្គ្រាម ឬការធ្វើរដ្ឋប្រហារនោះឡើយ»

នាឱកាសនោះ លោកបានអំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្ត្រីបក្សគ្រប់លំដាប់ថ្នាក់ បន្តការខិតខំប្រឹងប្រែង និងចលនាបងប្អូនប្រជាពលរដ្ឋ ពីពេលនេះតទៅ សូមត្រៀមខ្លួនក្នុងការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ដែលនឹងធ្វើឡើងនាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣។

លោកបានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន គឺតែងតែប្រកាន់ខ្ជាប់ នូវការការពារសន្តិភាពជាធំ លើសអ្វីៗទាំងអស់ ដូច្នេះសូមប្រជាជនបោះឆ្នោត ជូនបេក្ខភាពរបស់គណបក្សប្រជាជនកម្ពុជា ទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ និងទាំងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដើម្បីចូលរួមការពារសន្តិភាពឱ្យបានយូរអង្វែង និងបន្តការអភិវឌ្ឍន៍តទៅមុខទៀត។ ឯកឧត្តមបានថ្លែងបញ្ជាក់ឱ្យដឹងថា ចាប់តាំងពីពេលបដិសន្ធិ រហូតដល់បច្ចុប្បន្ន គណបក្សប្រជាជនកម្ពុជា រក្សាខ្ជាប់ឥតប្រែប្រួលនូវសារជាតិរបស់ខ្លួន និងកំពុងបន្តឈានទៅមុខលើមាគ៌ាអភិវឌ្ឍន៍រីកចម្រើន ប្រកបដោយមោទនភាព។ ជាមួយគ្នានោះត្រូវពង្រឹងសាមគ្គីភាព ឯកភាព នៅក្នុងជួរបក្សគ្រប់ថ្នាក់ លើកកម្ពស់ស្មារតី សកម្មភាពទាំងនយោបាយ សតិអារម្មណ៍ និងចាត់តាំងឱ្យមានប្រសិទ្ធភាព។

លោកក៏បានណែនាំក្រើនរំលឹកដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច សូមបន្តអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ការពារសន្តិភាពឱ្យខាងតែបាន ដើម្បីជួយឱ្យប្រជាជនប្រកបមុខរបរប្រចាំថ្ងៃ បានសុខស្រួល ពិសេសនៅពេលបោះឆ្នោតសកលខាងមុខ ត្រូវយកចិត្តទុកដាក់ការពារសុវត្ថិភាព សណ្ដាប់ធ្នាប់ឱ្យបានល្អ ដើម្បីឱ្យដំណើរការទាំងមុនពេល និងក្រោយពេលបោះឆ្នោត ប្រកបដោយរលូន តម្លាភាព ឆ្លុះបញ្ចាំងអំពីប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា៕