(ភ្នំពេញ)៖ ដើម្បីស្ដារវិស័យទេសចរណ៍ក្នុងនិងក្រោយដំណាក់កាលកូវីដ១៩ ភាគីកម្ពុជា វៀតណាម និងភាគីថៃ បាននិងកំពុងសហការគ្នាចងក្រងខេត្តក្រុងចំនួន១០នៅតាមបណ្ដោយមាត់សមុទ្រឱ្យក្លាយជាខ្សែទស្សនកិច្ចទេសចរណ៍រួមគ្នា ក្រោមទស្សនាទាន «គោលដៅទេសចរណ៍បី ទីផ្សារតែមួយ Three Destination One Marketing»

ដើម្បីជំរុញកិច្ចការនេះឱ្យដំណើរទៅប្រកបដោយផ្លែផ្កា ភាគីកម្ពុជា វៀតណាម និងថៃបានមកជួបជុំគ្នានៅទីក្រុងបាងកក ប្រទេសថៃ តាមរយៈសន្និសីទស្ដីពីកិច្ចសហប្រតិបត្តិការច្រករបៀងសេដ្ឋកិច្ចត្រីភាគី កម្ពុជា-វៀតណាម-ថៃ Cambodia Vietnam Thailand Economic Corridor (CVTEC) ដែលសន្និសីទនេះបានធ្វើឡើងនៅថ្ងៃទី៤ និងបន្តមកដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ ដោយមានការចូលរួមពីលោក ធួន ស៉ីណាន ប្រធានសមាគមទេសចរណ៍អាស៉ីប៉ាស៉ីហ្វិកកម្ពុជា (PATA-CC) លោក ង្វៀន ហុងហ៉ីវ (Nguyen Hong Hieu) តំណាងក្រុមហ៊ុនទេសចរណ៍នៅទីក្រុងកាន់ថឺ ប្រទេសវៀតណាម ព្រមទាំងអ្នកស្រី វីយ៉ាដា សួង (Viyada Srong) អនុប្រធានសភាឧស្សាហកម្មទេសចរណ៍ខេត្តត្រាត ព្រមទាំងតំណាងក្រុមហ៊ុនក្នុងវិស័យទេសចរណ៍នៃប្រទេសទាំង៣ជាង១០០ក្រុមហ៊ុនទៀត។

ខេត្តក្រុងទាំង១០នោះ រួមមាន ខេត្តជលបុរី ខេត្តរយ៉ង់ ខេត្តចន្ទបុរី ខេត្តត្រាត ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប ខេត្តគៀនយ៉ាង និងទីក្រុងកាន់ថឺ (ឬអាចមានទីក្រុងហាទៀង) ខណៈខេត្តក្រុងទាំងនេះសុទ្ធតែនៅជាប់មាត់សមុទ្រ និងទន្លេមេគង្គក្រោម។ ការជំរុញការអភិវឌ្ឍនៅតាមខេត្តទាំងនេះគឺមានកំណត់នៅក្នុងផែនការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ចត្រីភាគី កម្ពុជា-វៀតណាម-ថៃ (CVTEC)។

អ្នកស្រី វីយ៉ាដា សួង (Viyada Srong) តំណាងភាគីថៃ បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជានាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ ឱ្យដឹងថា ខេត្តទាំង១០នៃប្រទេសទាំង៣នេះគឺមានសក្ដានុពលទេសចរណ៍ពិសេសៗដែលអាចរៀបចំជាកញ្ចប់ទស្សនកិច្ចរួមគ្នា សំដៅទាក់ទាញភ្ញៀវទេសចរឱ្យចេញចូលទស្សនាបានច្រើន ដូចជាឆ្នេរសមុទ្រ សមុទ្រ កោះ ម្ហូបអាហារ តំបន់អេកូទេសចរណ៍ កសិទេសចរណ៍ វប្បធម៌ និងភាពទាក់ទាញផ្សេងទៀត។ ក្រៅពីនេះ ការធ្វើដំណើរទេសចរណ៍តាមផ្លូវទឹកក៏ជាផលិតផលទេសចរណ៍គួរឱ្យចាប់អារម្មណ៍ផងដែរ ដោយអាចតភ្ជាប់រវាងកោះឆាង ខេត្តត្រាត នៃប្រទេសថៃ កោះរ៉ុង កោះរ៉ុងសន្លឹម ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៃប្រទេសកម្ពុជា និងកោះត្រល់ ខេត្តគៀនយ៉ាង នៃប្រទេសវៀតណាម។

អ្នកស្រី វីយ៉ាដា បានបន្តថា កិច្ចសហការគ្នាចងក្រងខេត្តក្រុងឱ្យក្លាយជាខ្សែទស្សនកិច្ចទេសចរណ៍រួមគ្នានេះ គឺដើម្បីជួយឱ្យអ្នកប្រកបអាជីវកម្មក្នុងវិស័យទេសចរណ៍នៃប្រទេសទាំង៣ ចាប់ផ្ដើមសកម្មទេសចរណ៍ឡើងវិញ បន្ទាប់ពីខកខានដោយសារការរីករាលដាលកូវីដ១៩រយៈពេល២ឆ្នាំមកនេះ។

តាមរយៈកិច្ចសហការនេះ អ្នកប្រកបអាជីវកម្មក្នុងវិស័យទេសចរណ៍នៃប្រទេសទាំង៣ អាចរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍តភ្ជាប់គោលដៅទេសចរណ៍ជាមួយគ្នា ឆ្លងខេត្ត-ក្រុង ឆ្លងព្រំដែនទៅមក, នេះបើតាមការបន្ថែមរបស់អ្នកស្រី វីយ៉ាដា សួង។

លោក ធួន ស៉ីណាន បានថ្លែងឱ្យដឹងដែរថា សហការគ្នាចងក្រងខេត្តក្រុងចំនួន១០ឱ្យក្លាយជាខ្សែទស្សនកិច្ចទេសចរណ៍រួមគ្នា ក្រោមទស្សនាទាន «គោលដៅទេសចរណ៍បី ទីផ្សារតែមួយ» នេះនឹងជំរុញឱ្យមានចរន្តភ្ញៀវទេសចរឆ្លងកាត់តាមខេត្តក្រុងនៃច្រករបៀងសេដ្ឋកិច្ចនេះកាន់តែច្រើន។

លោកបានបន្តថា កញ្ចប់ទស្សនកិច្ច៣ប្រទេសរួមគ្នា វៀតណាម-កម្ពុជា-ថៃ នឹងចាប់ផ្ដើមរៀបចំឡើងនៅចុងខែមិថុនា ខែកក្កដា និងខែសីហា នៃឆ្នាំ២០២២ ជាទម្រង់ទេសចរណ៍ការ៉ាវ៉ាន់ (Caravan Tour)។ សម្រាប់ច្រកព្រំដែនកម្ពុជាដែលអាចជំរុញចរន្តភ្ញៀវទេសចរឱ្យឆ្លងកាត់បាន គឺមានច្រកព្រំដែនអន្តរជាតិភ្នំដិនជាមួយកាន់ថឺ និងច្រកព្រំដែនអន្តរជាតិព្រែកចាកជាមួយហាទៀង ប្រទេសវៀតណាម រីឯជាមួយភាគីថៃគឺមានច្រកព្រំដែនអន្តរជាតិចាំយាម-ខ្លងយ៉ៃជាមួយខេត្តត្រាត។

ប្រធានសមាគម PATA កម្ពុជារូបនេះបានបង្ហាញសុទិដ្ឋិនិយមថា ក្រៅពីជំរុញឱ្យមានចរន្តភ្ញៀវទេសចរ ច្រករបៀងសេដ្ឋកិច្ចត្រីភាគីនេះក៏នឹងជំរុញឱ្យមានការវិនិយោគបន្ថែមទៀតដែរ ដែលនឹងនាំផលប្រយោជន៍ដល់ប្រជាជនទាំង៣ប្រទេសថែមមួយកម្រិតទៀត។ លោកថា កាលណាបើទេសចរណ៍ងើបឡើងវិញហើយ វិស័យផ្សេងទៀតក៏ងើបឡើងដែរ។

លោក ធួន ស៉ីណាន បានបន្តថា កិច្ចសហប្រតិបត្តិការបែបនេះ គឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់ពេលបច្ចុប្បន្នកាលនេះ ព្រោះក្នុងបរិបទនេះប្រទេសទាំងអស់មានតែជំរុញពាណិជ្ជកម្មរួមគ្នា ជួយគ្នាជំរុញទេសចរពីម្ខាងទៅម្ខាង ពីប្រទេសមួយទៅប្រទេសមួយ។

លោកក៏បានបញ្ជាក់ហើយបញ្ជាក់ទៀតថា ក្នុងបរិបទជំងឺសកល និងសង្គ្រាមនៅអឺរ៉ុបខាងកើត អាស៊ានត្រូវតែចាប់ផ្ដើមដោយខ្លួនឯង ប្រទេសនិងប្រទេសក្នុងតំបន់គួរតែជួយគ្នាទៅវិញទៅមក មិនអាចពឹងទាំងស្រុកលើមហាអំណាចដូចមុននោះទេ។ ការសហការគ្នារវាងដៃគូបីប្រទេស កម្ពុជា-វៀតណាម-ថៃ នេះគឺជាអ្វីដែលសមាគម PATA កំពុងចូលរួមអនុវត្តនោះដែរ សំដៅធ្វើយ៉ាងណាចែករំលែកគ្នា ផ្លាស់ប្ដូរគ្នា រួមគ្នាផ្សព្វផ្សាយអំពី «គោលដៅ៣ ទីផ្សារតែមួយ»។

លោក ង្វៀន ហុងហ៉ីវ បានឱ្យដឹងថា អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតចំពោះសក្តានុពលទេសចរណ៍ថ្មីៗនៅតាមបណ្តោយរបៀងខាងត្បូង (Southern Corridor)។ ជួយអភិវឌ្ឍអាជីវកម្មទេសចរណ៍មូលដ្ឋាន និងជំរុញជីវភាពប្រចាំថ្ងៃ។

លោកបានមើលឃើញថា ភ្ញៀវទេសចរអាចធ្វើដំណើរបានយ៉ាងងាយស្រួលជាងការធ្វើដំណើរតាមផ្លូវអាកាស ហើយលើសពីនេះទៅទៀត គឺសម្រស់ទេសភាពថ្មីៗ និងអាចផ្លាស់ប្តូរវប្បធម៌ពីគ្នាទៅវិញទៅមក ចាប់ផ្តើមពីដីសណ្ដទន្លេមេគង្គ មកដល់ខេត្តកំពត និងខេត្តត្រាត ចន្ទបុរី រួមទាំងទិក្រុងបាងកកនៃប្រទេសថៃផងដែរ។

បើតាមតំណាងភាគីវៀតណាមរូបនេះ រដ្ឋាភិបាលនៃប្រទេសទាំងបីគួរតែចេញនូវកិច្ចព្រមព្រៀងណាមួយដែលបង្កើតខ្សែព្រំដែនតែមួយគត់សម្រាប់ប្រជាជនអាស៊ាន ដើម្បីលើកកម្ពស់សេដ្ឋកិច្ច និងបង្កើនអាជីវកម្មផ្សេងៗជាច្រើន ក្រៅតែអំពីឧស្សាហកម្មទេសចរណ៍។

លោក ង្វៀន ហុងហ៉ីវ បានមើលឃើញទៅឆ្ងាយថា ច្រករបៀងសេដ្ឋកិច្ចនេះនឹងជួយពង្រីកចក្ខុវិស័យអាស៊ាន បង្ហាញអត្តសញ្ញាណ និងសហគមន៍មួយ ខណៈអាស៊ានមិនអាចពឹងផ្អែកទាំងស្រុកតែទៅលើសេដ្ឋកិច្ច-ពាណិជ្ជកម្មលោកខាងលិចជាដើម។

បើតាមលោក ធួន ស៉ីណាន នៅពេលធ្វើដំណើរឆ្លងមកប្រទេសថៃ គឺភាគីកម្ពុជាបានអនុវត្តការសម្រួលជួនភ្ញៀវទេសចរបានស្រួលហើយ នៅឡើយតែភាគីថៃនៅមិនទាន់បង្កលក្ខណៈងាយស្រួលនៅឡើយ ដូច្នេះហើយលោកក៏បានស្នើយ៉ាងទទួចដល់រាជរដ្ឋាភិបាលទាំងពីរដកចេញនូវរបាំងលំបាកៗមួយចំនួនទៀត ពិសេសគឺខាងភាគីថៃ ដូចជាការធ្វើតេស្ត ប្រាក់ធានាដែលមានចំនួនដល់ទៅ១ម៉ឺនដុល្លារ ការអនុញ្ញាតឱ្យភ្ញៀវទេសចរអាចបើកបររថយន្តចូលដោយខ្លួនឯង ក៏ដូចជាការបន្ថែមថ្ងៃចូលក្នុងប្រទេសថៃជាដើម។ ប្រសិនបើកម្ពុជាបើកទូលាយហើយ ប៉ុន្តែប្រទេសជិតខាងមានភាពតឹងរឹងដដែលនោះ ក៏កិច្ចការងារនានាមិនអាចអនុវត្តទៅបានរលូនដែរ ព្រោះប្រជាជាតិយើងត្រូវការពឹងពាក់គ្នាទៅវិញទៅមក មិនអាចរស់តែឯងបានឡើយ ដូច្នេះលោកបានស្នើទៅកាន់រដ្ឋាភិបាលប្រទេសទាំង៣ កម្ពុជា វៀតណាម ថៃ ធ្វើយ៉ាងណាកែសម្រួលគោលនយោបាយឱ្យមានភាពប្រហាក់ប្រហែលគ្នា ដែលមិនបង្កភាពស្មុគស្មាញដល់ភ្ញៀវទេសចរ ក៏ដូចជាអ្នកធ្វើដំណើរ ទាំងផ្លូវគោក ផ្លូវអាកាសជាដើម៕