(ឧត្តរមានជ័យ)៖ ច្រកទ្វារអន្តរជាតិអូរស្មាច់ ដែលស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានបើកដំណើរការឱ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ឡើងវិញហើយ នៅវេលាម៉ោង ១០៖៣០នាទី ព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២នេះ បន្ទាប់ពីច្រកមួយនេះបានបិទជាបណ្តោះអាសន្នដោយភាគីថៃអស់រយៈពេលជាង២ឆ្នាំ ដោយសារការរីករាលដាលជាសកលនៃមេរោគកូវីដ១៩។

ពិធីបើកច្រកទ្វារអន្តរជាតិអូរស្មាច់ជាផ្លុវការឡើងវិញនាពេលនេះ ធ្វើឡើងក្រោមវត្តមានលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងលោក សុវ៉ះផុង គិទិផាត់ភិប៊ូន អភិបាលខេត្តសុរិន្ទ ប្រទេសថៃ និងមន្ត្រីពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីជាច្រើនរូបទៀត។

សូមបញ្ជាក់ថា មុននឹងឈានដល់ការបើកដំណើរការច្រកទ្វារអន្តរជាតិអូរស្មាច់ឡើងវិញនៅព្រឹកថ្ងៃនេះ ភាគីកម្ពុជា និងភាគីថៃ ដែលដឹកនាំដោយអភិបាលខេត្តនៃប្រទេសទាំងពីរ (ឧត្តរមានជ័យ-សុរិន្ទ) បានបានជួបពិភាក្សាគ្នា កាលពីរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ដោយបានដាក់ចេញនូវគោលការណ៍ និងលក្ខខណ្ឌមួយចំនួនស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំង២។

ដោយឡែកចំពោះគោលការណ៍ និងលក្ខខណ្ឌដែលភាគីថៃបានដាក់ចេញសម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលមានបំណងចូលក្នុងប្រទេសថៃនោះ លោក ប៉ែន កុសល្យ ក៏បានសំណូមពរដល់ភាគីថៃជួយបន្ថូរបន្ថយ និងបន្ថែមនូវចំណុចខ្លះ។

ចំណុចដែលលោកអភិបាលខេត្តឧត្តរមានជ័យ សំណូមពរឱ្យភាគីថៃជួយបន្ថូរបន្ថយនោះ គឺករណីបណ្ណធានារ៉ាប់រងសុខភាព ចំពោះអ្នកកាន់លិខិតឆ្លងដែន (ប៉ាស្ព័រ) ហាក់មានតម្លៃថ្លៃ ចំណែកការសំណូមពរឱ្យភាគីថៃជួយបន្ថែមនោះ គឺចំពោះអ្នកកាន់បណ្ណព្រំដែន (Border Pass) ចូលប្រទេសថៃ ដែលភាគីថៃកំណត់រយៈពេល៣ថ្ងៃ ឱ្យមានសុពលភាព៧ថ្ងៃដូចកាលពីលើកមុន។

សូមបញ្ជាក់ថា ការបើកដំណើរការច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់នាថ្ងៃនេះ កម្ពុជា-ថៃ បានកំណត់ថាជាការបើកសាកល្បងបណ្តោះអាសន្ន បើសិនជាដំណើរការបើកច្រកនេះប្រព្រឹត្របានទៅដោយរលូនមិនមានបញ្ហានោះ ភាគីថៃ នឹងលុបចោលលក្ខខណ្ឌតឹងរឹងមួយចំនួនទៀត ដើម្បីឱ្យការចេញចូលរបស់ប្រជាពលរដ្ឋនៃប្រទេសទាំង២ បានដំណើរការដូចធម្មតាឡើងវិញ ដូចមុនពេលមានវិបត្តិជំងឺកូវីដ-១៩៕