(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យពុទ្ធាភិសេកព្រះពុទ្ធបរមគ្រូអភយមុទ្ទ មហាតេជោ និងសម្ពោធ មហាកុដិ រួមជាមួយ សមិទ្ធិផលនានា នៅវត្ដពោធិបន្ទាយ ស្ថិតក្នុងឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២។

ថ្លែងក្នុងឱកាសនោះ លោកស្រីបណ្ឌិត បានផ្តាំផ្ញើ និងសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្កពិធីទាំងមូលដោយក្តឺនឹករលឹក និងការគិតគូរអំពីសុខទុក្ខដល់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។

លោកស្រីបណ្ឌិត បានបន្តថា «ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងមន្ដ្រីថ្នាក់ដឹកនាំផ្សេងទៀតរបស់គណបក្សប្រជាជនកម្ពុជា បាននាំមកនូវសុខសន្ដិភាពជូន ប្រទេសជាតិ ដែលបានផ្តល់ឱកាសឲ្យបងប្អូនទាំងអស់គ្នាអាចប្រារព្ធពិធីព្រះពុទ្ធសាសនា តាមទំនៀមទម្លាប់បែបប្រពៃណីសាសនារបស់ជាតិ»

លោកស្រីបន្តថា សមិទ្ធិផលដែលបានពុទ្ធាភិសេក និងសម្ពោធដាក់ឲ្យប្រើប្រាស់នៅក្នុវត្តពោធិ៍បន្ទាយនាពេលនេះ គឺបានមកពីទឹកចិត្ត និងសទ្ធាជ្រះថ្លារបស់នាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងលោកស្រី ហៅ ច័ន្ទសិរីទេពី ព្រមទាំងក្រុមគ្រួសារ និងសប្បុរសជនដែលបានចំណាយថវិកាអស់ ៥៧១.៥៦៥ដុល្លារ ក្នុងការកសាង។ មិនត្រឹមតែប៉ុណ្ណោះ លោក លោកស្រីក៏បានចូលរួមចំណែកយ៉ាងច្រើន ក្នុងការកសាងសមទ្ធិផលនានាជាច្រើន ទាំងក្នុងវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រ ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ខេត្តស្វាយរៀងផងដែរ។

លោកស្រីក៏បានបន្តទៀតថា ព្រះពុទ្ធសាសនា និងទីវត្តអារាម មិនគ្រាន់តែជាទីសក្ការៈបូជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទីកន្លែងសម្រាប់បណ្តុះនូវបញ្ញាញ្ញាណ និងជាថ្នាលសម្រាប់បណ្តុះគ្រាប់ពូជបញ្ញវ័ន្ត សម្រាប់ការកសាងជាតិ ក្នុងគ្រប់វិស័យផងដែរ។

លោកស្រីបណ្ឌិត ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងចូលរួមថែរក្សាសមិទ្ធិផល ដែលយើងបានសម្ពោធក្នុងថ្ងៃនេះឲ្យបានគង់វង្ស ឋិតស្ថេរ ដើម្បីទុកជាទីសក្ការៈ និងជាទីកន្លែងគោរពប្រត្តិបត្តិផ្នែកសាសនា ជាពិសេសសូមចូលរួមការពារជំងឺកូវីដ១៩ទាំងអស់គ្នា បើទោះបីមានការថយចុះក៏ដោយ៕