(ក្រចេះ)៖ ក្នុងស្ថានភាពនៃការជាប់ដៃដាំដុះ បង្កបង្កើនផលរបស់បងប្អូនប្រជាពលរដ្ឋ ពួកគាត់អាចប្រឈមបញ្ហាកង្វះស្បៀងអាហារ ហើយជាការយកចិត្តទុកដាក់ពី កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់ ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន បានចាត់លោកវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ បន្តនាំយកអំណោយមកចែកជូនបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ ដើម្បីជួយសម្រួលការលំបាករបស់ពួកគាត់បានមួយគ្រា។

ជាក់ស្តែងនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ប្រជាពលរដ្ឋមកពីភូមិចំនួន៨ របស់ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ចំនួន ៨៨គ្រួសារ ទទួលបានអំណោយសង្គ្រោះពីកាកបាទក្រហមកម្ពុជា។ អំណោយដែល កាកបាទក្រហមកម្ពុជា បានទទួលពីសប្បុរសជនក្នុងឱកាសទិវា ៨ ឧសភា ត្រូវបានផ្តល់ជូនដល់គ្រួសារនីមួយៗនូវ៖ អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកស៊ីអីវ១យួរ, ជែលលាងដៃ២ដប និងឃីត (មុង ភួយ សារុង ក្រមា អាវយឺត) ១ឃីត ។

មានមតិសំណេះសំណាលនាពេលនោះ លោកវេជ្ជ. អ៊ុយ សំអាត បានពាំនាំនូវព្រះរាជបណ្តាំសាកសួរសុខទុក្ខពីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និង ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស ជាពិសេសពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ ហើយជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋយើង និងបានឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ មិនត្រូវឲ្យពលរដ្ឋណាម្នាក់ ស្លាប់បាត់បង់ជីវិតដោយសារខ្វះស្បៀងអាហារនោះទេ។

លោកវេជ្ជ បានបន្តថា «សូមឲ្យបងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ចំពោះសុខភាព ព្រោះជាក់ស្តែងនារដូវភ្លៀងមានទឹកដក់មានដង្កូវទឹកបណ្តាលឲ្យកើតជាមូសខាំដល់កូនចៅ និងក្រុមគ្រួសារយើង បណ្តាលឲ្យកើតជំងឺផ្សេងៗ ដូច្នេះត្រូវគេងក្នុងមុង ពាក់ខោអាវឲ្យបានជិតល្អ រស់នៅស្អាត បរិស្ថានល្អ និងត្រូវបន្តលាងដៃនិងសាប៊ូ ជែល ឬអាល់កុល ធ្វើយ៉ាងណាដើម្បីបង្ការកុំឲ្យកើតជំងឺឆ្លងផ្សេងៗ។
លោកវេជ្ជ បានបញ្ជាក់ផងដែរថា នៅតាមបណ្តាខេត្តនានា ដើមវស្សានេះមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ ធ្វើឲ្យរលំផ្ទះ និងមានរន្ទះបាញ់ធ្វើឲ្យស្លាប់គោក្របីជាច្រើនក្បាល ដូច្នេះត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ជាប់ជានិច្ច។

បន្ទាប់ពីការចែកជូនប្រជាពលងាយរងគ្រោះហើយនោះ ក្រុមការងារបានបន្តដំណើរនាំយកអំណោយមនុស្សធម៌ ជូនដល់លោកយាយលោកតាចាស់ជរា ដែលជាទុរគតជនគ្មានទីពឹង នៅតាមខ្នងផ្ទះមួយចំនួនទៀតផងដែរ៕