(ភ្នំពេញ)៖ តាមរយៈសន្និសិទសារព័ត៌មាន នៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២នេះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ដែលជាប្រេសិតពិសេសប្រធានអាស៊ាន បានឲ្យដឹងថា លោកនឹងទៅបំពេញបេសកកម្មជាលើកទី២ នៅប្រទេសមីយ៉ាន់ម៉ា នាពេលឆាប់ៗខាងមុខនេះ។

ប៉ុន្ដែទោះជាយ៉ាណា ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន មិនទាន់បានបញ្ជាក់អំពីពេលវេលាច្បាស់លាស់ នៃដំណើរបេសកកម្មជាលើកទី២នោះទេ តែលោកគ្រាន់តែបង្ហើបថា នឹងធ្វើឡើងនៅប៉ុន្មានសប្ដាហ៍ក្រោយនេះ ពិសេសក្រោយបញ្ចប់កិច្ចប្រជុំអាស៊ាន-អាមេរិក។

ក្នុងសន្និសីទសារព័ត៌មាន បង្ហាញពីការរៀបចំផ្តល់ជំនួយមនុស្សធម៌ទៅមីយ៉ាន់ម៉ា ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានថ្លែងយ៉ាងដូច្នេះថា «ក្នុងនាមជាប្រេសិតពិសេស ខ្ញុំគ្រោងនឹងទៅបំពេញទស្សនកិច្ចលើកទី២ នាប៉ុន្មានសប្ដាហ៍ខាងមុខនេះ ពិសេសក្រោយពីការទៅចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៉ីនតោន នៅសប្ដាហ៍ខាងមុខនេះ»

ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានបង្ហាញនូវក្ដីសង្ឃឹមថា ការបំពេញតួនាទីរបស់ប្រេសិតពិសេស ការបំពេញតួនាទីរបស់កម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន នឹងជួយសម្រួលលើការងារជាមួយក្នុងការដោះស្រាយវិបត្តិពហុវិស័យ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

សូមជម្រាបថា ប្រេសិតពិសេសប្រធានអាស៊ាន បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារលើកដំបូង នៅប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ដែលធ្វើឡើងតបតាមការអញ្ជើញរបស់ ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បន្ទាប់ពីមេដឹកនាំប្រទេសនេះ គឺលោក មីន អោងឡាំង បានយល់ព្រមឲ្យមានការសម្របសម្រួលមួយចំនួន។

គោលបំណងចម្បង នៃទស្សនកិច្ចនេះគឺដើម្បី ទី១៖ តាមដាននូវលទ្ធផលនៃដំណើរទស្សន-កិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ៧-៨ ខែមករា ឆ្នាំ២០២២, ទី២៖ សម្របសម្រួលដល់ការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ដែលត្រូវបានសម្រេចនៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ និងទី៣៖ ផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនដែលត្រូវការក្នុងប្រទេសមីយ៉ាន់ម៉ា។

ក្នុងជំនួបជាមួយលោក មីង អោងឡាំ កាលពីពេលនោះ កិច្ចពិភាក្សាបានគ្របដណ្ដប់លើស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសមីយ៉ាន់ម៉ា អាណត្តិ តួនាទី និងអាទិភាពរបស់ប្រេសិតពិសេស និងភាពចាំបាច់ក្នុងការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ដែលក្នុងនោះ រួមមាន ការកសាងភាពជឿជាក់ និងទំនុកចិត្តសន្ទនាប្រកបដោយបរិយាបន្ន និងកិច្ចខិតខំប្រឹងប្រែងផ្នែកមនុស្សធម៌ ជូនដល់មីយ៉ាន់ម៉ា។

ពិសេសបានអំពាវនាវឲ្យមានការអនុវត្តអាទិភាពចំនួន៣ គឺ៖ ការបញ្ឈប់អំពីហិង្សា, ការបន្ដផ្ដល់ជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ា និងកិច្ចសន្ទានរវាងភាគីទាំងអស់។

សូមរំលឹកថា កិច្ចព្រមព្រៀងឯកច្ឆន្ទ៥ចំណុច ស្តីពីដំណោះស្រាយសម្រាប់មីយ៉ាន់ម៉ា ត្រូវបានដាក់ចេញដោយ កិច្ចប្រជុំកំពូលអាស៊ាន កាលពីខែមេសា ឆ្នាំ២០២១ ដើម្បីឆ្លើយតបទៅនឹងវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ាក្នុងនោះរួមមាន៖

ទី១៖ ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគ្រប់ភាគីទាំងអស់ត្រូវបង្កើនការអត់ធ្មត់ ឲ្យដល់កម្រិតខ្ពស់បំផុត។
ទី២៖ ចាប់ផ្តើមការសន្ទនាប្រកបដោយការស្ថាបនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាជន។
ទី៣៖ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងសម្រួលដល់ការសម្រុះសម្រួល នៃដំណើរការរៀបចំកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។
ទី៤៖ អាស៊ានត្រូវផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលអាហារ (AHA)។
ទី៥៖ ប្រេសិតពិសេស និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់៕