(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២នេះ បានគូសបញ្ជាក់ថា ការកសាងប្រព័ន្ធគមនាគមន៍ គឺជាការបង្កើតសរសៃឈាមសេដ្ឋកិច្ច សម្រាប់ដឹកជញ្ជូនពហុមធ្យោបាយ ក៏ដូចជាការធ្វើដំណើរទេសចរណ៍ របស់ប្រជាពលរដ្ឋ។

ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធ បើកការដ្ឋានកសាងផ្លូវបេតុងចំនួន៥ខ្សែ ប្រវែងជាង២០០០ម៉ែត្រ ដែលគ្រោងចំណាយថវិកាជាងកន្លះលានដុល្លារ នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២នេះ។

ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ ជាពិសេសអាជ្ញាធរ និងអង្គភាពពាក់ព័ន្ធស្រុកភ្នំស្រុក ដែលបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការពង្រឹង ខឿនការពារជាតិ ការពារបូរណភាពដែនដីនៃមាតុភូមិបានយ៉ាងរឹងមាំ រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់សង្គម ពិសេសការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ការទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ-១៩។

ឧបនាយករដ្ឋមន្រ្តី បានថ្លែងបន្ដថា សម្តេចតេជោ ហ៊ុន សែន ដឹកនាំកម្ពុជាប្រកបដោយចក្ខុវិស័យអភិវឌ្ឍប្រទេសប្រកបដោយចិរភាពទំនើប និងប្រែក្លាយកម្ពុជាជាប្រទេស ដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមក្នុងឆ្នាំ២០៣០ និងចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ បន្តយកចិត្តទុកដាក់លើវិស័យអាទិភាពទាំង៤ «មនុស្ស ផ្លូវ ភ្លើង ទឹក» ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត័បណ្តាញគមនាគមន៍ អគ្គិសនី ត្រូវបានតភ្ជាប់ពីទីប្រជុំជនទៅកាន់តំបន់ជនបទ ព្រំដែន និងភូមិឃុំដាច់ស្រយាល ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងការចរាចរទំនិញលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។

ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានលើកឡើងថា ការកសាងប្រព័ន្ធគមនាគមន៍ គឺជាបង្កើតសសៃឈាមសេដ្ឋកិច្ច សម្រាប់វិស័យដឹកជញ្ជូនពហុមធ្យោបាយ តភ្ជាប់ទៅប៉ូលសេដ្ឋកិច្ចសំខាន់ៗ និងអភិវឌ្ឍរបៀងសេដ្ឋកិច្ចគន្លឹះ ឲ្យកាន់តែមានលក្ខណៈងាយស្រួល និងប្រកួតប្រជែង ក៏ដូចជាសម្រួលដល់ការធ្វើដំណើរ និងទេសចរណ៍ប្រជាពលរដ្ឋ។

ជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងអំណរគុណដល់មហាគ្រួសារអ្នកបន្ទាយមានជ័យ ដែលបានចូលរួមជាមួយសម្តេចតេជោបន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍ និងបានណែនាំឲ្យបន្តអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បន្តចូលរួមអភិវឌ្ឍន៍ភូមិ ឃុំ សង្កាត់ និងថែរក្សា ជួសជុលបណ្តាញគមនាគមន៍ដែលមានស្រាប់ និងកំពុងរងការខូចខាត និងព្រមទាំងអំពាវនាវឲ្យប្រជាជនទៅចូលរួមបោះឆ្នោតក្រុមប្រឹក្សា ឃុំ/សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ ។

ជាទ្រនាប់ដៃ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ បាននាំយកអំណោយជាថវិកាចែកជូន៖

១៖ ឧបត្ថម្ភកម្លាំងនគរបាល កងរាជអាវុធហត្ថ សឹករងស្រុក ប្រជាការពារ ក្រុមគ្រូពេទ្យក្នុង០១ក្រុមៗថវិកា៥០ម៉ឺនរៀល
២៖ ឧបត្ថម្ភប្រជាពលរដ្ឋចូលរួមទាំងអស់ម្នាក់ៗ ទទួលបាន១សារុង
៣៖ ឧបត្ថម្ភសសយក កាកបាទក្រហមកាយរិទ្ធ និងក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ ១០០នាក់ម្នាក់ៗសារុង១ ថវិកា១ម៉ឺនរៀល៕