(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានថ្លែងថា រាល់បញ្ហាគ្រប់បែបយ៉ាងណាដូចជា បញ្ហាដីព្រៃសហគមន៍ ដី បឹង បញ្ហាវប្បធម៌ (របាំ) បញ្ហាសាលាដំណាក់ ដែលមានអាយុកាលជាង៦០ឆ្នាំ និងបញ្ហាប្រឈមនានា គឺឲ្យមន្ត្រីពាក់ព័ន្ធគ្រប់ស្ថាប័ន ត្រូវពន្លឿនការងារនេះ ឲ្យបានឆាប់រហ័ស។

ការថ្លែងនេះ នាឱកាសអញ្ជើញចូលរួម កម្មវិធីវេទិកាសាធារណៈ នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ នៅសាលាដំណាក់ ភូមិវាលវែង ឃុំឈូក ស្រុកប្រាសាទសំបូរ ដោយមានការចូលរួមពីលោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត លោក ឃឹង នុភាព តំណាងរាស្ត្រមណ្ឌលកំពង់ធំ ប្រធានមន្ទីរជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធ រួមទាំងបងប្អូនខ្មែរជនជាតិភាគតិច (កួយ) ជាច្រើននាក់ផងដែរ។

ក្រោយពីបានលើកឡើងនូវបញ្ហាប្រឈម និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋរួចមក។ លោក ងួន រតនៈ បានលើកឡើងថា បញ្ហាសាលាសំណាក់ក្នុងភូមិវាលវែងនេះ គឺលោកបានឲ្យមន្ត្រីជំនាញ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសិក្សាបញ្ហាខាងលើនេះ និងគូសប្លង់ទុក ថតរូបទុក ហើយសិក្សារជួសជុលឡើងវិញ ព្រោះសាលាដំណាក់នេះ មានសភាពទ្រុឌទ្រោមហើយ ដោយឡែកបញ្ហាវាស់វែង ដីធីជាប្រព័ន្ធ (ប្លង់) កាន់កាប់គឺ មន្ត្រីពាក់ព័ន្ធសិក្សាស្រាវជ្រាវជាមួយព្រៃសហគមន៍ថា កន្លែងណាគួរកាត់ឆ្វៀលចេញ ឬមិនគួរឆ្វៀលចេញដើម្បីងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋអាស្រ័យផលធ្វើចំការ។

លោក ងួន រតនៈ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជនជាតិដើមភាគតិច (កួយ) ត្រូវចូលរួមអភិរក្សនូវវប្បធម៌ ប្រពៃណី ល្បែង របាំ របស់ខ្លួនដែលបានបន្សល់ទុកតាំងពីដូនតា ដើម្បីបង្ហាញដល់ភ្ញៀវជាតិ អន្តជាតិបានឃើញ។

លោក ទង់ គឹមតុល អភិបាលស្រុកប្រាសាទសំបូរ បានឲ្យដឹងថា ប្រជាពលរដ្ឋបានលើកយកបញ្ហាប្រឈមដូចជា៖

១៖ បញ្ហាការមិនវាស់ដីជាលក្ខណៈប្រព័ន្ធនៅភូមិវាលវែង ចំពោះដីនៅខាងលិចភូមិប្រមាណ ១,២០០ហិកតា ដែលប្រជាពលរដ្ឋអាស្រ័យផល ដាំដើមស្វាយចន្ទីចាប់តាំងពីឆ្នាំ២០០០មក រហូតដល់បច្ចុប្បន្ននេះ ពួកគាត់បានកាប់ចោល ដំណាំស្វាយចន្ទីចាស់ ហើយបានដាំដំណាំស្វាយចន្ទីថ្មី ហេតុអ្វីមន្ត្រីសូរិយោមិនវាស់វែងឲ្យ។
២៖ បញ្ហាប្រជាពលរដ្ឋទិញដីពីឆ្នាំ២០១៧ឡើងមក ត្រូវទៅបង់ពន្ធសិន ទើបមន្ត្រីសុរិយោដីវែងវាស់ឲ្យ។
៣៖ បញ្ហាប្រជាពលរដ្ឋរស់នៅតំបន់សូគ្រុន មានភាពមិនច្បាស់លាស់ ក្នុងដែនរដ្ឋបាលឃុំសំបូរណ៍ ឬឃុំឈូក។
៤៖ បញ្ហាប្រជាពលរដ្ឋរំលោភយកដីបឹង ត្រពាំង ដីអ្នកតា គឺហាមខាត់មិនឈ្នះទេ។

ប្រជាពលរដ្ឋ បានសំណូមពរដូចជា៖

១៖ ប្រជាពលដ្ឋសំណូមពរ ស្នើសុំរុះរើសាលាឆទាន ដែលមានសភាពទ្រុឌទ្រោម ដើម្បីកសាងថ្មីឡើងវិញ។
២៖ ប្រជាពលរដ្ឋប្រមាណ៦៥០គ្រួសារ ចង់បានប្រព័ន្ធធារាសាស្ត្រអូរពោធិ៍ ដែលមានប្រវែង ៨គីឡូម៉ែត្រ ព្រោះខ្វះទឹកប្រើប្រាស់សម្រាប់រដូវប្រាំង។
៣៖ ការកាត់តំបន់សូគ្រុន ឲ្យមកនៅចំណុះរដ្ឋបាលឃុំឈូក។
៤៖ សូមមេត្តាធ្វើការវាស់វែងផ្ទៃដីធ្វើចំការស្វាយចន្ទីឲ្យក្លាយជាកម្មសិទ្ធិស្របច្បាប់។
៥៖ សូមជួយឧត្ថម្ភសម្ភារដល់ប្រជាការពារភូមិវាលវែង ដើម្បីមានលទ្ធភាពរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងភូមិ៕