(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២នេះ បានប្រកាសបើកវគ្គបណ្តុះបណ្តាលស្ដីពី «នីតិវិធីនៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ» ជូនសិក្ខាកាមគោលដៅចំនួន ១៥០នាក់ ដែលជាមន្រ្តីរាជការទទួលមុខងារពាក់ព័ន្ធ ការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ នៃក្រសួងស្ថាប័ន សម្រាប់ចូលរួមចំណែកគាំទ្រ និង អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈដំណាក់កាលទី ៣+២ និងការត្រៀមអនុវត្ត ដំណាក់កាលទី៤ ឲ្យសម្រេចបានប្រកបដោយប្រសិទ្ធភាព និង ចីរភាព។

ពិធីប្រកាសបើកវគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅក្រោមការដឹកនាំដោយ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយ ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងគ្រូបង្គោល គ្រូឧទ្ទេស និង សិក្ខាកាម។

ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ជាកិច្ចការមានសារសំខាន់ ក្នុងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយទ្រព្យសម្បត្តិរដ្ឋ ជាប្រភពចំណូលមិនមែនសារពើពន្ធ ដែលបានរួមចំណែកក្នុងការបង្កើនចំណូលថវិកាជាតិ។

ទន្ទឹមនេះ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ គឺជាការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ប្រកបដោយប្រសិទ្ធភាព គណនេយ្យភាព តម្លាភាព និងចីរភាព សំដៅរួមចំណែកបម្រើឧត្តមប្រយោជន៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម បរិស្ថាន និង វប្បធម៌។

លើសពីនេះ ទ្រព្យសម្បតិ្តរដ្ឋជាធនធានចាំបាច់ នៃកត្តាផលិតកម្ម ជាមូលដ្ឋានក្នុងការធ្វើពិពិធកម្មផលិតកម្ម និង សេវាកម្ម សំដៅជំរុញសកម្មភាពធុរកិច្ច វិនិយោគ បង្កើតការងារធ្វើ និងជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយចីភាព រួមចំណែកដល់ការអភិវឌ្ឍ និងវិបុលភាពសង្គម-សេដ្ឋកិច្ច ។

លោកបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ថា ការបណ្តុះបណ្តាលស្តីពី នីតិវិធីនៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ គឺជាការងារសំខាន់មួយនៃការកសាង និងការអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ លើជំនាញពាក់ព័ន្ធ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឆ្លើយតបនឹងតម្រូវការចាំបាច់របស់ប្រទេសកម្ពុជា ដើម្បីគាំទ្រ និងអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ជាពិសេស គឺគោលដៅគាំទ្រការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ប្រកបដោយប្រសិទ្ធភាព និង មានផលិតភាព។

លោកបណ្ឌិតសភាចារ្យ បានបន្ថែមថា ក្នុងក្របខណ្ឌនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមជាអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ បានបង្កើត និង ដាក់ឲ្យអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS) ដំណាក់កាលទី ១ នៅខែធ្នូ ឆ្នាំ២០២០ កន្លងទៅ។

ប្រព័ន្ធ SARMIS នេះ នឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ធ្វើបច្ចុប្បន្នភាពតម្លៃទ្រព្យសម្បត្តិរដ្ឋកាន់តែមានភាពងាយស្រួល, ការបញ្ជូនទិន្នន័យពីអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ មកអាជ្ញាធរគ្រប់គ្រង ទ្រព្យសម្បត្តិរដ្ឋបានឆាប់រហ័ស ជាពិសេស បានប្រែក្លាយការងារគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឲ្យកាន់តែទំនើប ត្រឹមត្រូវ ជាក់លាក់ តម្លាភាព ប្រសិទ្ធភាព និង គណនេយ្យភាព ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។

នៅពេលខាងមុខ ប្រព័ន្ធ SARMIS នឹងត្រូវធ្វើសន្ធានកម្មជាមួយនឹង ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ដែលជាប្រព័ន្ធតែមួយគត់សម្រាប់ការគ្រប់គ្រង ការរៀបចំ ការអនុវត្ត ការតាមដាន និង ការត្រួតពិនិត្យ លើការអនុវត្តចំណូល-ចំណាយថវិការដ្ឋ ព្រមទាំងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋកម្ពុជា៕