(ភ្នំពេញ)៖ លោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជា ដែលបានផ្ញើរំលែកទុក្ខជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចំពោះមរណភាពរបស់សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ដែលត្រូវជាបងប្រុសបង្កើត។

ក្នុងលិខិតរំលែកទុក្ខដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២នេះ លោក Jacques Pellet បានរៀបរាប់ថា «ខ្ញុំបានទទួលដំណឹងដ៏សោកស្ដាយអំពីមរណភាពរបស់ ឯកឧត្តម ហ៊ុន ណេង ដែលជាបងប្រុសរបស់សម្ដេច។ ក្នុងឱកាសប្រកបដោយសមានទុក្ខនេះ សូមសម្ដេចមេត្តាទទួលនូវការរំលែកទុក្ខដ៏ស្មោះស្ម័គ្រ ព្រមទាំងសមានចិត្តដ៏ជ្រាលជ្រៅអំពីខ្ញុំ»

សូមជម្រាបថា សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៨:២៥ នាទី ក្នុងជន្មាយុ៧២ឆ្នាំ ដោយរោគាពាធ។

សពរបស់ សម្ដេច ហ៊ុន ណេង បានដង្ហែទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២នេះ៕