(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ស្អែកនេះ រដ្ឋសភា នឹងបោះឆ្នោតជ្រើសរើសប្រធានគណៈកម្មការទី៤ គឺគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ ជំនួស សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលទទួលមរណភាព។ នេះបើតាម លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

លោក ឡេង ប៉េងឡុង បានអះអាងថា ក្នុងការបោះឆ្នោតនេះ លោក កែប ជុតិមា ដែលជាអនុប្រធានគណៈកម្មការទី៩ រដ្ឋសភា ត្រូវបានគណបក្សប្រជាជនកម្ពុជា និងគ.ជ.ប ឯកភាពជ្រើសតាំងជាបេក្ខជនប្រធានគណៈកម្មការទី៤ ក្រៅពីនោះរដ្ឋសភាបោះឆ្នោតអនុម័តលើការជ្រើសតាំងតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាមថ្មីមួយរូបផងដែរ។

លោក កែប ជុតិមា ជាអតីតអភិបាលរាជធានីភ្នំពេញ ដែលបច្ចុប្បន្នជាតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការទី៩ គឺគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា។

អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បានបញ្ជាក់បន្ថែមទៀតថា ការប្រជុំពេញអង្គ នឹងធ្វើឡើងភ្លាមៗ ក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បន្ទាប់ពីរដ្ឋសភា ប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៅព្រឹកស្អែក។

សូមរំលឹកថា សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង សមាជិកអចិន្រ្តៃយ៍នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម បានទទួលមរណភាព ដោយរោគាពាធ កាលពីរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ។ សពសម្តេចឧត្តមទេពញាណ ត្រូវបានដង្ហែចេញពីគេហដ្ឋានរបស់សម្តេចនៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ឆ្ពោះទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈភ្នំប្រុស នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២៕