(ត្បូងឃ្មុំ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាត់តំណាងដឹកនាំកម្លាំងសហប្រតិបត្តិការជាមួយកងទ័ពប្រជាជនវៀតណាម ការពារសុវត្ថិភាព និងនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តកងទ័ពមិត្តភាពកម្ពុជា-វៀតណាម ចុះពិនិត្យជំងឺ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-១៦ ស្ថិតក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកងទ័ពមិត្តភាពកម្ពុជា-វៀតណាម ដែលបានចុះមកពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញ ដឹកនាំលោកវរសេនីយ៍ឯក រ័ត្ន ចាន់ណា មេបញ្ជាការរងខេត្តត្បូងឃ្មុំ។

ក្រុមគ្រូពេទ្យស័្មគ្រចិត្ត ដែលបានចុះមកពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ក៏បានថ្លែង ផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ថ្នាក់ដឹកនាំអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ សៅ សុខា ជូនចំពោះប្រជាពលរដ្ឋជាទីស្រឡាញ់ទាំងអស់ក្នុងមូលដ្ឋាន។

ជាមួយគ្នានោះលោកវរសេនីយ៍ឯក រ័ត្ន ចាន់ណា បានរំលឹកណែនាំដល់ប្រជាពលរដ្ឋឱ្យចេះថែរក្សាសុខភាពឱ្យបានល្អ ត្រូវមានអនាម័យក្នុងការរស់នៅ ដោយលាងដៃជាមួយសាប៊ូជានិច្ចមុននឹងបរិភោគ ត្រូវពិសាទឹកឆ្អិនដាំពុះ ឬទឹកស្អាត ហើយត្រូវរួសរាន់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យឱ្យបានទាន់ពេលវេលាក្នុងករណីដែលមានជំងឺឈឺស្កាត់ផ្សេងៗ តាមរយៈការជួបពិគ្រោះជាមួយគ្រូពេទ្យដែលមានជំនាញច្បាស់លាស់៕