(កំពត)៖ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតម្លេច ស្ថិតនៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត មានសមត្ថភាពផលិតទឹកស្អាត២ពាន់ម៉ែតត្រីគុណក្នុងមួយថ្ងៃ ដែលឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ មជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទា និងកងទ័ពក្នុងកងពលតូចថ្មើជើងលេខ៣១ (អតីតកងពលតូចអន្តរាគមន៍លេខ១១) ត្រូវបានសម្ពោធដាក់ឲ្យដំណើរការ។

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតម្លេចនេះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។

លោក ស៉ឹម ស៉ីថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានបញ្ជាក់ថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនេះ គឺឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅតំបន់នេះ រាប់ទាំងប្រជាពលរដ្ឋ ដែលនៅទីប្រជុំជនក្បែរនោះ ក្នុងភូមិសាស្ត្រខេត្តតាកែវផងដែរ។ លើសពីនេះក៏បានជួយបំពេញ នូវសេចក្តីត្រូវការទឹកស្អាត ជូនដល់មជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទា និងកងទ័ពក្នុងកងពលតូចថ្មើជើងលេខ៣១ (អតីតកងពលតូចអន្តរាគមន៍លេខ១១)។

លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានបញ្ជាក់ថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតម្លេច និងប្រព័ន្ធចែកចាយទឹក ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធចាប់ផ្តើមសាងសង់នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ និងបញ្ចប់ដំណើរការសាកល្បងផលិតទឹកស្អាតនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ដោយចំណយថវិកាប្រមាណ១០ពាន់៦៦០លានរៀល (១០,០០០,៦៦០,០០០,០០០)។

លោកអគ្គនាយកបានបញ្ជាក់ទៀតថា «រោងចក្រប្រព្រឹត្តកម្មទឹកស្អាតម្លេចនេះ មានសមត្ថភាពផលិតទឹកស្អាតបាន ២ពាន់ម៉ែតត្រីគុណក្នុងមួយថ្ងៃ»

លោក ស៉ឹម ស៉ីថា ក៏បានរំឭកពីសាវតានៃការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតនេះថា ដោយយោងតាមការចង្អុលបង្ហាញក្នុងទស្សនវិស័យគិតគូវែងឆ្ងាយរបស់លោក ចម ប្រសិទ្ធ ក្នុងពិធីចុះសួរសុខទុក្ខនិងសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង ពលទាហានក្នុងកងពលតូចអន្តរាគមន៍លេខ១១ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦ កន្លងទៅ បានជំរុញឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចុះសិក្សាលទ្ធភាពសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនេះ ដែលមានទីតាំងស្ថិតនៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត សំដៅរួមចំណែកពង្រីកវិស័យផ្គត់ផ្គង់ទឹកស្អាត ជូនដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញ ជាពិសេសកងពលតូចអន្តរាគមន៍លេខ១១។

លោក អ៉ឹង ឆាយ អភិបាលរងខេត្តកំពត បានសម្ដែងនូវការអបអរសាទរ ចំពោះសមិទ្ធផលថ្មីនេះ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាកងទ័ពដែលកំពុងឈរជើងនៅមូលដ្ឋានស្រុកជុំគិរី ខេត្តកំពត ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅផ្នែកខ្លះ នៃខេត្តតាកែវផងដែរ៕