(ភ្នំពេញ)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើឱ្យបញ្ចូលខ្លឹមសារអប់រំខ្លីៗ ទាក់ទងនឹងការលើកកម្ពស់សីលធម៌សង្គម និងតម្លៃស្ត្រី ទៅក្នុងបណ្តាភាពយន្ត ចម្រៀង ភាពយន្តខ្នាតធំ ភាពយន្តភាគ ឬវីដេអូរបស់ខ្លួន ហើយប្រកាន់ភ្ជាប់នូវវប្បធម៌អហិង្សា។

លោកស្រីរដ្ឋមន្ត្រីស្នើបែបនេះ ក្នុងសិក្ខាសាលាស្តីពីតួនាទីផលិតករ សិល្បករ រួមចំណែកក្នុងការលើកកម្ពស់សីលធម៌សង្គម និងទប់ស្កាត់ អំពើហិង្សាលើស្រ្តី និងកុមារតាមរយៈ វីដេអូខ្លីនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នៅទីស្តីការក្រសួង។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងឆ្លើយតបនឹងអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាអនុប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី និងអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកិត្តិយសគណៈកម្មាធិការជាតិលើកកម្ពស់សង្គម តម្លៃស្រ្តីនិងគ្រួសារខ្មែរ ដោយមានការចូលរួមពីភាគីដែលពាក់ព័ន្ធរួមមាន តំណាងអង្គភាពប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ តំណាង ក្រសួងកិច្ចការនារី តំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រុមប្រឹក្សាវិន័យ មន្ទីរវប្បធម៌ រាជធានី-ខេត្ត ផលិតកម្មជាតិ និងសិល្បករ សិល្បការិនីក្រៅប្រព័ន្ធដែលមានចំនួនសរុបជាង ៨០រូប នៅទូទាំងប្រទេស។

នាឱកាសនោះ លោកស្រីបណ្ឌិតសភាចារ្យ បានលើកឡើងថា កន្លងមកសម្តេចតេជោនាយករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំដល់ក្រសួង ស្ថាប័ន ពាក់ព័ន្ធត្រូវសហការត្រួតពិនិត្យតាមដានជាប្រចាំនូវខ្លឹមសារ រូបភាព និងការសម្តែងតាមកម្មវិធីនានា ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយរូបភាព និងការសម្តែងផ្ទាល់ ត្រូវមានវិធានការនិងសារក្នុងគោលដៅអប់រំ និងថែរក្សាវប្បធម៌ ប្រពៃណីដ៏ល្អផូរផង់ ប្រកបដោយកិត្តិយស សេចក្តីថ្លៃថ្នូរ ព្រមទាំងរក្សាបាននូវតម្លៃនៃអក្សរសាស្រ្តជាតិ។

លោកស្រីបានបន្តទៀតថា បច្ចុប្បន្នវិស័យភាពយន្តនៅកម្ពុជាមានការរីកលូតលាស់ច្រើនគួរជាទីមោទនៈ ក្នុងនោះការផលិតវីដេអូកម្សាន្តនៅលើបណ្តាញសង្គមនានា ជាលក្ខណៈបុគ្គលឬក្រុមក៏មានច្រើនគួរឲ្យកត់សម្គាល់។ ស្របពេលជាមួយគ្នានេះ លោកស្រីបានមើលឃើញពីការខិតខំប្រឹងប្រែងរបស់ផលិតករ អ្នកនិពន្ធ ម្ចាស់ផលិតកម្ម និងអ្នកផលិតមាតិកាកម្សាន្តលើបណ្តាញសង្គមជាច្រើន ដែលបានផលិតជាភាពយន្តឬវីដេអូវែងឬខ្លី ដែលមានការបញ្ចូលខ្លឹមសារអប់រំស្តីពីតម្លៃស្រ្តី និងការទប់ស្កាត់អំពើហិង្សាលើកុមារជាដើម គឺនៅមានចំនួនតិចតួចនៅឡើយ។ ម្យ៉ាងទៀតភាពយន្ត ឬវីដេអូមួយចំនួនបានបង្កើតឲ្យមានវប្បធម៌ហិង្សា ការសងសឹក ការប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀន និងអំពើហឹង្សាក្នុងទម្រង់ធ្ងន់ធ្ងរ ដែលជាវប្បធម៌មួយមិនល្អ នាំឲ្យក្មេងៗជំនាន់ក្រោយបែរជាយកមកចម្លង និងអនុវត្តតាម។

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «ខ្ញុំក្នុងនាមថ្នាក់ដឹកនាំក្រសួង សូមស្នើដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ពិសេសក្រុម ឬបុគ្គលជាអ្នកផលិតមាតិកាកម្សាន្តលើបណ្ដាញសង្គម ត្រូវខិតខំបន្ថែមទៀត ក្នុងការបញ្ចូលខ្លឹមសារអប់រំខ្លីៗ ទាក់ទងនឹងការលើកកម្ពស់សីលធម៌សង្គម និងតម្លៃស្ត្រី ទៅក្នុងបណ្តាភាពយន្ត ចម្រៀង ភាពយន្តខ្នាតធំ ភាពយន្តភាគ ឬវីដេអូរបស់ខ្លួន ហើយសូមប្រកាន់ភ្ជាប់នូវវប្បធម៌អហិង្សា និងលើកកម្ពស់ការរស់នៅប្រកបដោយភាពស៉ីវីល័យ ឱ្យសាកសមជាប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍ»

យោងតាមរបាយការណ៍របស់លោកស្រី ម៉ិញ កុសនី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើការវាយតម្លៃខ្ពស់លទ្ធផលដែលក្រុមការងារទទួលបាន នាពេលកន្លងមក និងបានលើកទឹកចិត្តក្រុមការងារជាបន្ត ក្នុងការរៀបចំផែនការសកម្មភាពយេនឌ័រក្នុងវិស័យវប្បធម៌ និងសិល្បៈ ដើម្បីរួមចំណែកជាមួយដៃគូពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណាសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕