(កំពង់ធំ)៖ លោក ថោង ខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានបញ្ជាក់ពីការខិតខំរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជម្រាបជូនប្រជាជននៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយភ្ជាប់ជាមួយការខិតខំថែរក្សាសន្តិភាព ការស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាជន ព្រមទាំងការខិតខំអភិវឌ្ឍនៅតាមមូលដ្ឋានភូមិ ឃុំដោយឥតឈប់ឈរ។

ក្នុងពេលចុះបើកការដ្ឋានជួសជុលផ្លូវមួយខ្សែប្រវែង១០គីឡូម៉ែត្រនៅឃុំក្រវ៉ា ស្រុកបារាយណ៍ (ជាការស្ម័គ្រចិត្តចូលរួមរបស់សប្បុរសជននៅស្រុកបារាយណ៍) នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២នេះ លោកប្រធាន ថោង ខុន បានលើកឡើងថា ការស្ម័គ្រចិត្តជួយកសាង-ជួសជុលផ្លូវនាថ្ងៃនេះ គឺដោយសារសប្បុរសជនទាំងនេះមានភាពជឿជាក់លើរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ពិសេសគឺការអរគុណសន្តិភាព អរគុណដល់ស្ថាបនិកឯកនៃសន្តិភាព គឺសម្ដេចតេជោនាយករដ្ឋមន្ត្រីដែលខិតខំថែរក្សាសុខសន្តិភាព ដែលជាកត្តាចម្បងក្នុងការផ្ដល់លទ្ធភាពឱ្យពួកគាត់ ក៏ដូចជាប្រជាជនទូទៅអាចប្រកបមុខរបរការងារប្រចាំថ្ងៃបានងាយស្រួល ហើយពួកគាត់ក៏បានងាកមកតបស្នងជូនរាជរដ្ឋាភិបាលវិញតាមរយៈការជួយកសាងសមិទ្ធផលនៅតាមមូលដ្ឋាន។

លោកបានថ្លែងយ៉ាងដូច្នេះថា «ដោយសារមានសន្តិភាពទើបគេរកស៉ីបាន គេរកស៉ីបានគេក៏មិនភ្លេចស្រុកទេស និងប្រជាពលរដ្ឋទេ»។ លោកបន្តថា នេះគឺជាសច្ចធម៌ប្រវត្តិសាស្ត្រនៅប្រទេសកម្ពុជា ដែលមិនអាចកាត់ផ្ដាច់ចេញពីការខិតខំរបស់គណបក្សប្រជាជនកម្ពុជាបានឡើយ។

លោក ថោង ខុន បានលើកឡើងអំពីនយោបាយយុទ្ធសាស្ត្រចាក់វ៉ាក់សាំងជូនប្រជាជននៅទូទាំងប្រទេស ដែលសម្ដេចតេជោតែងខិតខំកៀរគរតាមរយៈជំនួយ និងចំណាយថវិកាទិញយកមកទុកសម្រាប់ចាក់ជូនប្រជាជន ធានាសុខមាលភាពប្រជាជន។ ប្រជាពលរដ្ឋនៅទីនោះសុទ្ធតែបានចាក់វ៉ាក់សាំងបាន៣ដូសហើយ ខណៈអ្នកខ្លះក៏បានចាក់ដល់ដូសទី៤ហើយដែរ។

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំក៏មិនភ្លេចអំពាវនាវដល់ប្រជាពលរដ្ឋនៅមូលដ្ឋានឃុំក្រវ៉ានោះទៅបោះឆ្នោតឱ្យបានគ្រប់គ្នា ពិសេសត្រូវត្រៀមអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណ ដែលហៅថា ឯ.អ ឱ្យបានរួចរាល់ ដើម្បីប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ៕

សូមជម្រាបថា ការជួសជុលផ្លូវលំជាង១០គីឡូម៉ែត្រខាងលើនេះ ជំហានដំបូងជួសជុលប្រវែង៣,៧០០ម៉ែត្រសិន ចាប់ពីភូមិរូងដល់ភូមិកំពង់ស្តេច ហើយនឹងបន្តនៅជំហានបន្ទាប់ទៀត។ អ្នកឧបត្ថម្ភមានលោក យៀប ហេង លោក ពេជ្រ វីរៈ លោក ញ៉ែម រដ្ឋា។ ការប្រើប្រាស់គ្រឿងចក្ររបស់លោក យៀប ហេង ផ្ទាល់៕