(កំពង់ធំ)៖ លោក ប៊ុន សុធី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារចុះជួយភូមិ ឃុំ និងបេក្ខជនក្រុមប្រឹក្សាឃុំ ចុះឃោសនារកសំលេងឆ្នោតនិងផ្សព្វផ្សាយគោលនយោបាយបក្ស ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

នាឱកាសនេះប្រធានក្រុមការងារ បានថ្លែងអំណរអរគុណចំពោះក្រុមការងារ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ទាំងអស់ដែលបានបំពេញការងារបម្រើ និងការផ្តល់សេវាជូនប្រជាពលរដ្ឋក្នុង រយៈពេល៥ឆ្នាំកន្លងទៅ ជាពិសេសក្នុងរយៈពេល ៨ថ្ងៃកន្លងមក ក្រោយពីការបើកយុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃទី២១ ខែឧសភា ដែលបានធ្វើការផ្សព្វផ្សាយ និងចុះពន្យល់ប្រជាពលរដ្ឋពីគោលនយោបាយរបស់គណបក្ស និងការគូសសន្លឹកឆ្នោត។

លោកបានបញ្ជាក់ជូនប្រជាពលរដ្ឋឡើងវិញពីឆន្ទៈដ៏មុះមុតនិងទឹកចិត្តជាប្រពៃណីរបស់គណបក្សប្រជាជនកម្ពុជា ដែលមិនចេះសន្យា ប៉ុន្តែ ហ៊ានធ្វើពលីកម្មអ្វីៗទាំងអស់ដើម្បីការរស់រានមានជីវិតឡើងវិញ ក្រោយការរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ប៉ុលពត, បានសង្គ្រោះប្រជាជនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយបានបន្តធ្វើការជាប់ជាប្រចាំ ដើម្បីត្រៀមការពារសុខុមាល ភាពរបស់ប្រជាពលរដ្ឋ ក្នុងដំណាក់កាលទាំងអស់ នៃការប្រយុទ្ធនឹងជំងឺនេះ ព្រមការស្តារសេដ្ឋកិច្ចឡើងវិញ ជាមួយនិងការលើស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យទទួលបានការរីកចម្រើន ដូចបច្ចុប្បន្នក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

បន្ថែមពីនេះ លោកក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់គ្នានៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ព្រមទាំងបានណែនាំទៅដល់ប្រជាពលរដ្ឋទាំងអស់ដែលបានទៅចូលរួមបោះឆ្នោត ត្រូវពិនិត្យឱ្យបានច្បាស់លាស់ទៅការគូសសន្លឹកឆ្នោតជាពិសេសលើឡូហ្គោ របស់គណបក្សប្រជាជន ដែលមានសញ្ញាទេវតាបាយផ្កា ជាសម្គាល់ ហើយសម្រាប់លេខរៀងរបស់គណបក្សប្រជាជនកម្ពុជា ឃុំសុចិត្រ នៅលេខរៀងទី១៕