(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី០៤ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Andres Pastrana ប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ ហៅកាត់ថា CDI ចូលជួបសម្តែងគួរសម និងពិភាក្សារការងារមួយចំនួន។

លោក Andres Pastrana អញ្ជើញមកប្រទេសកម្ពុជានាពេលនេះ ដើម្បីចូលរួមសង្កេតការណ៍លើដំណើការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់នៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនាស្អែកនេះ។

បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានប្រាប់ក្រុមអ្នកព័ត៌មានថា នៅក្នុងជំនួបនេះ លោក Andres Pastrana បានចូលរួមសម្តែងមរណទុក្ខជាមួយសម្តេចតេជោ ហ៊ុន សែន ចំពោះមរណភាពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលជាបងប្រុសរបស់សម្តេចតេជោ។

លោក Andres Pastrana បានជម្រាបសម្តេចតេជោថា លោកពិតជាមានកិត្តិយសដែលបានអញ្ជើញមកចូលរួមសង្កេតការណ៍ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់នៅកម្ពុជា។ លោកបានឱ្យដឹងថា លោកធ្លាប់បានចូលរួមសង្កេតការណ៍ដំណើរការបោះឆ្នោតនៅកម្ពុជាចំនួន៣លើកមកហើយ។ លើកទី១ នៅឆ្នាំ២០១៤, លើកទី២ នៅឆ្នាំ២០១៨ និងលើកទី៣ នៅឆ្នាំ២០២២នេះ។

លោក Andres Pastrana បានជូនពរឱ្យដំណើរការបោះឆ្នោតនៅកម្ពុជានាថ្ងៃទី០៥ ខែមិថុនា ទទួលបានជោគជ័យ។

ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណលោក Andres Pastrana ចំពោះការចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំចំពោះការបាត់បង់បងប្រុស ជាមួយសម្តេច។

សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតចែករំលែកព័ត៌មានពាក់ព័ន្ធការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ តាមយុទ្ធសាស្ត្រផ្ការីក។ សម្តេចតេជោ បានគូសបញ្ជាក់ថា ការចាក់វ៉ាក់សាំង បានធ្វើឱ្យកម្ពុជាទទួលបានជោគជ័យលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយបានទប់ស្កាត់មិនឱ្យមានការឆ្លងរយៈពេលជាង២០ថ្ងៃមកហើយ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ លោក Andres Pastrana ដែលបានដឹកនាំប្រតិភូចូលរួមសង្កេតការបោះឆ្នោតនៅកម្ពុជា៕