(ភ្នំពេញ)៖ យ៉ាងហោចណាស់មានអ្នកសង្កេតការណ៍ជាតិចំនួន៧២ស្ថាប័ន និងអ្នកសង្កេតការណ៍អន្តរជាតិចំនួន៤ ស្ថាប័ន ត្រូវបានគ.ជ.ប ប្រកាសទទួលស្គាល់ សម្រាប់ការចូលរួមសង្កេតការណ៍ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ស្អែកនេះ។ នេះបើតាមលទ្ធផលបណ្តោះអាសន្ន ដែលប្រកាសដោយគ.ជ.ប។

ទោះជាយ៉ាងនេះក្តី គណៈកម្មាធិការជាតិរៀបចំការបើឆ្នោត កំពុងបន្តពិនិត្យលើការស្នើសុំចុះសង្កេតការណ៍ជាតិ និងអន្តរជាតិមួយចំនួនទៀត។ នេះបើតាមការបញ្ជាក់នៅក្នុងសេចក្តីប្រកាសរបស់គ.ជ.បដដែលនេះ។

ក្រៅពីមានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិទាំងនោះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅអាណត្តិទី៥នេះ ក៏មានភ្ញៀវពិសេសចំនួន៤ផងដែរ ត្រូវបានគ.ជ.បសម្រេចទទួលស្គាល់ជាផ្លូវការឱ្យចូលពិនិត្យការបោះឆ្នោតនេះដែរ ជាពិសេសស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និងស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ខណៈដែលស្ថានទូតរុស្ស៉ី គ.ជ.ប កំពុងពិនិត្យបន្ថែម។

សូមបញ្ជាក់ថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះ មានឃុំសង្កាត់សរុបចំនួន១៦៥២ និងការិយាល័យបោះឆ្នោតសរុបចំនួន ២៣,៦០២ ការិយាល័យ។ គ.ជ.ប បានអះអាងថា មានពលរដ្ឋ មានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៩,២០៥,៦៨១នាក់ ស្មើនឹង ៨៧,៩៤ ភាគរយនៃប្រជាជនកម្ពុជាទាំងអស់ ក្នុងនោះមានស្រីចំនួន ៤,៩០៤,៨៣២នាក់ និងការិយាល័យបោះឆ្នោតសរុបចំនួន ២៣,៦០២ ការិយាល័យ៕