(កណ្តាល)៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នឹងឈានចូលមកដល់នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ស្អែកនេះ ខណៈសម្ភារដែលបម្រើដល់ការបោះឆ្នោត ត្រូវបានបញ្ជូនទៅដល់គ្រប់ ១៦៥២ឃុំសង្កាត់អស់ហើយ។

នេះបើតាមលោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ពេលចុះពិនិត្យការិយាល័យបោះឆ្នោត នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២។

លោក ប្រាជ្ញ ចន្ទ បានបញ្ជាក់យ៉ាងដូច្នេះថា «មកដល់ពេលនេះ សម្ភារទូទាំងប្រទេស ដែលបម្រើដល់ការបោះឆ្នោតទាំងអស់ បានដល់គ្រប់ឃុំសង្កាត់ហើយ ទាំងចំនួន ១៦៥២ឃុំសង្កាត់។ នៅតាមខេត្តមួយចំនួន ជួបបញ្ហាមួយចំនួនដែរ ដូចជាភ្លៀងខ្លាំងពេក ឬក៏ខ្យល់រលំរោងជាដើម ប៉ុន្តែយ៉ាងណា បងប្អូនច្នៃប្រឌិត រស់រវើក ក្នុងការចល័តកន្លែងទាន់ពេលវេលា ដើម្បីធ្វើយ៉ាងណាឲ្យការបោះឆ្នោត បានតាមកម្មវិធី ដែលបានគ្រោងទុក តាមការកំណត់ ម៉ោង ៧ព្រឹក ដែលត្រូវចាប់ផ្តើម»

បើតាមប្រធាន គ.ជ.ប ស្ថាប័ននេះប្រឹងប្រែងណាស់ ដើម្បីរៀបចំការបោះឆ្នោត ឲ្យបានត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ តាមរយៈការចូលរួមពីប្រជាពលរដ្ឋ។ ជាក់ស្តែង សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥នេះ មានការិយាល័យមួយ នៅខេត្តក្រចេះ ស្ថិតនៅឆ្ងាយហើយពិបាកធ្វើដំណើរ ទើបត្រូវប្រើប្រាស់ឧទ្ធម្ភាគចក្រ ដឹកសម្ភារបម្រើដល់ការបោះឆ្នោត។

លោកបញ្ជាក់ថា «លើកនេះមានមួយការិយាល័យ ដែលត្រូវដឹកសម្ភារបោះឆ្នោតតាមឧទ្ធម្ភាគចក្រ គឺនៅខេត្តក្រចេះ នេះដោយសារតែផ្លូវលំបាក ហើយការិយាល័យនៅឆ្ងាយ»

សូមជម្រាបថា មានប្រជាពលរដ្ឋខ្មែរប្រមាណ ២៣០៤៩៣នាក់ ក្នុងនោះមានស្រី ១២១ ១៥៤នាក់ ត្រូវបានផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥។ នេះបើតាមរបាយការណ៍របស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

បើតាមការគ.ជ.ប រហូតដល់ពេលនេះ មានពលរដ្ឋ មានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៩,២០៥,៦៨១នាក់ ស្មើនឹង ៨៧,៩៤ ភាគរយនៃប្រជាជនកម្ពុជាទាំងអស់ ក្នុងនោះមានស្រីចំនួន ៤,៩០៤,៨៣២នាក់ និងការិយាល័យបោះឆ្នោតសរុបចំនួន ២៣,៦០២ ការិយាល័យ៕