(បន្ទាយមានជ័យ)៖ លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ និងលោក ហួត គង់ បានជួយធ្វើផ្លូវ១ខ្សែ ចាក់បេតុងប្រវែង២០០ម៉ែត្រ ទទឹង១២ម៉ែត្រ និងជួយជួសជុលផ្លូវចាស់ប្រវែង២០០០ម៉ែត្រ ក្រាលគ្រួសក្រហម ដល់អ្នកភូមិគោរដ្ឋាន និងភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ សម្រាប់បម្រើដល់តម្រូវការយ៉ាងចាំបាច់របស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ។

លោក លី សារី បានថ្លែងថាយោងតាមការណែនាំពីលោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ លោកបានកៀងគររកសប្បុរជន មកជួយជួសជុលផ្លូវចាស់ប្រវែង២០០០ម៉ែត្រ និងធ្វើផ្លូវដីថ្មីចាក់បេតុងប្រវែង២០០ម៉ែត្រ ដែលបានមកពីលោក ហួត គង់ និងភរិយា ជួយដល់ភូមិរោងម៉ាស៊ីន និងភូមិគោលរដ្ឋាន ដើម្បីឲ្យពលរដ្ឋងាយស្រួលក្នុងការធ្វើចរាចរណ៍ ចេញចូលទៅវិញទៅមក និងតាមដងស្ទឹងសិរីសោភ័ណហើយផ្លូវដែលកំពុងស្ថាបនាជួសជុលផ្លូវ២ខ្សែប្រវែង បណ្ដោយ២គីឡូម៉ែត្រ ទទឹង១២ម៉ែត្រ ក្រាលដោយគ្រួសក្រហម ដែលតភ្ជាប់ផ្លូវទឹកស្អាត ទៅដល់ស្ទឹងសិរីសោភ័ណ ដែលចំណាយថវិកាផ្ទាល់ របស់លោកចំនួនជិត១០ម៉ឺនដុល្លារ។

លោក ហួត គង់ បានឲ្យដឹងថា ថវិកានេះវាមានចំនួនច្រើនណាស់ តែរូបលោក និងភរិយាកូនចៅបានចូលរួម ចំណែកដល់អាជ្ញាធរខេត្ត ដើម្បីអភិវឌ្ឍនក្នុងខេត្តយើងកាន់តែរីកចំរើន ជាពិសេសឲ្យពលរដ្ឋរស់ភូមិខាងលើ ងាយស្រួលក្នុងការធ្វើចរាចរណ៍៕