(បាត់ដំបង)៖ សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីការប្រកួតប្រជែង ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ ត្រូវបានធ្វើឡើងនៅខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប» និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅសាលប្រជុំសណ្ឋាគា ស្ទឹងសង្កែ ក្រុងបាត់ដំបង។

លោក សុខ លូ បានលើកឡើងថា សិក្ខាសាលាផ្សព្វផ្សាយមួយនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ដល់អាជីវករ ឬអ្នកប្រើប្រាស់ឱ្យមានការយល់ដឹងអំពីច្បាប់ទាំងអស់នេះ ព្រោះថាដោយសារមានទំនិញ ឬផលិតផលមួយចំនួនមានផ្ទុកនៅសារជាតិគីមី ឬសារជាតិដែលធ្វើឱ្យប៉ះពាល់ដល់សុខុមាលភាពរបស់អ្នកប្រើប្រាស់ ដែលនេះគឺជាអ្វីដែលអាជីវករ អ្នកប្រើប្រាស់ត្រូវស្វែងយល់។

ឆ្លៀតក្នុងឱកាសនោះ លោកក៏បានធ្វើការស្នើសុំដល់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប» ក្នុងការពិចារណាផ្ដល់ជូននូវរថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ ដើម្បីបង្កភាពងាយស្រួលដល់ខេត្តបាត់ដំបង ក្នុងករណីមានការពុលចំណីអាហារនៅខេត្តបាត់ដំបងងាយស្រួល ក្នុងការស្វែងរកប្រភពនៃការពុលនេះកាន់តែឆាប់រហ័ស។

លោកមានសង្ឃឹមយ៉ាងមុតមាំថា នៅថ្ងៃខាងមុខនេះនឹងមានការធ្វើសិក្ខាសាលាផ្សព្វផ្សាយច្បាប់នេះឱ្យកាន់តែធំទូលាយជាងនេះទៀត ដើម្បីអ្នកចូលរួមមានអាជីវករ អ្នកប្រើប្រាស់បានចូលរួមកាន់តែច្រើនឡើងថែមទៀត បង្កើនចំណេះដឹងដល់គាត់ផងដែរ ហើយរដ្ឋបាលខេត្តបាត់ដំបង រីករាយសហការជាមួយ ក.ប.ប ជានិច្ចដើម្បីឱ្យដំណើរការនៃសិក្ខាសាលាកាន់តែទូលំទូលាយផងដែរ។

លោក ផាន អូន បានលើកឡើងថា សិក្ខាសាលាផ្សព្វផ្សាយថ្ងៃនេះ មានគោលបំណងជំរុញចំពោះកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង សុវត្ថិភាពម្ហូបអាហារ ព្រមទាំងចែករំលែកបទពិសោធន៍ល្អៗទៅវិញទៅមក និងពិភាក្សាបញ្ហាថ្មីដែលកំពុងកើតមាន និងដើម្បីធ្វើការផ្សព្វផ្សាយច្បាប់ដែលទើបតែនឹងបានអនុម័តឱ្យប្រើប្រាស់ថ្មីៗកន្លងទៅនេះ។

លោកបានស្នើដល់មន្រ្ដីអនុវត្តច្បាប់ ឱ្យធ្វើការបង្កើនការអនុវត្តច្បាប់ ដោយធ្វើការចុះអង្កេតនៅតាមទីផ្សារ សិប្បកម្ម ដើម្បីឱ្យប្រជាពលរដ្ឋមានទំនុកចិត្តមកលើផលិតផលក្នុងស្រុករបស់យើង។ លោកបានបន្តទៀតថា តាមរយៈសំណើរសុំរបស់លោក សុខ លូ ពាក់ព័ន្ធនឹងការស្នើឱ្យមានរថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ លោកនឹងធ្វើការស្នើសុំដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីស្នើសុំទិញរថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ នៅពេលឆាប់ៗខាងមុខនេះមាននៅខេត្តបាត់ដំបងផងដែរ៕