(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌឫស្សីកែវ បានចេញសេចក្ដីប្រកាសព័ត៌មានបំភ្លឺ ជុំវិញការអនុវត្តវិធានការរដ្ឋបាលចំពោះអ្នកបោះបង្គោលថ្ម និងដាំដើមឈើខុសច្បាប់រំលោភលើដីសាធារណៈរបស់រដ្ឋរបស់ឈ្មោះ សុខ វិសុទ្ធ និងឈ្មោះ ប៊ុន ប៊ុននី (ម្ដាយរបស់ឈ្មោះ Sothida Pokimtherg) លើដីផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២នេះ។

រដ្ឋបាលខណ្ឌប្ញស្សីកែវ បានបញ្ជាក់ ទីតាំងដីដែលឈ្មោះ សុខ វិសុទ្ធ និងឈ្មោះ យិន ប៊ុននី បានបោះបង្គោលថ្ម ដាំដើមឈើ និងសង់សំណង់ផ្សេងៗ គឺជាដីផ្លូវ៣០ម៉ែត្រ ជាដីសាធារណៈរបស់រដ្ឋ ហើយកន្លងមករដ្ឋបាលខណ្ឌ បានចាត់វិធានការចុះធ្វើកំណត់ហេតុណនាំចុះផ្អាក ដកហូតសម្ភារៈល្មើស និងឈានដល់ការរុះរើជាច្រើនលើកច្រើនសារ ប៉ុន្តែឈ្មោះ សុខ វិសុទ្ធ និងឈ្មោះ ប៊ុននី មិនត្រឹមតែមិនអនុវត្តទៅតាមការណែនាំរបស់រដ្ឋបាលខណ្ឌទេ ហើយថែមទាំងរឹងរូសបន្តសកម្មភាពល្មើសច្បាប់ទន្ទ្រានលើដីផ្លូវសាធារណៈរបស់រដ្ឋរហូតដល់ពេលបច្ចុប្បន្ន ដើម្បីធានារក្សាដីផ្លូវ៣០ម៉ែត្រនេះ។

រដ្ឋបាលខណ្ឌ បានសម្រេចអនុវត្តវិធានការរដ្ឋបាលចុះរុះរើបង្គោលថ្មដើមឈើ និង់សំណង់ផ្សេងៗ ដែលឈ្មោះ សុខ វិសុទ្ធ និងឈ្មោះ ប៊ុន ប៊ុននី ធ្វើសកម្មភាពទន្ទ្រានដោយ
ខុសច្បាប់ចេញវិញ។ រដ្ឋបាលខណ្ឌឫស្សីកែវ មានការសោកស្តាយចំពោះម្ចាស់គណនីហ្វេសប៊ុក Sothida Pokimtheng ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត មិនមានមូលដ្ឋានច្បាស់លាស់ និងការបញ្ជាក់ពីអាជ្ញាធរ ក្នុងន័យធ្វើឲ្យសាធារណមតិមានការភន្តច្រឡំ។

ដើម្បីផ្ដល់ព័ត៌មានពិតជូនប្រជាពលរដ្ឋ រដ្ឋបាលខណ្ឌឫស្សីកែវ សូមឲ្យម្ចាស់គណនីហ្វើសប៊ុក Sothida Pokimtheng ធ្វើការកែតម្រូវខ្លឹមសារ និងផ្សព្វផ្សាយព័ត៌មានពិត
ឡើងវិញ។ ក្នុងករណីពុំបានធ្វើការកែតម្រូវ រដ្ឋបាលខណ្ឌ នឹងចាត់វិធានការតាមផ្លូវច្បាប់។

រដ្ឋបាលខណ្ឌ នឹងបន្តចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលដែលរឹងរូសធ្វើសកម្មភាពទន្រ្ទានយកដីផ្លូវរបស់រដ្ឋ និងបុគ្គលដែលប្រឆាំងនឹងការអនុវត្តវិធានការរបស់រាជការសាធារណៈទៅសមត្ថកិច្ចពាក់ព័ន្ធនឹងសា្ថប័នតុលាការ៕