(ភ្នំពេញ)៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ របស់រាជបណ្ឌិត្យសភាកម្ពុជា បានផ្តល់ការវាយតម្លៃ ៥ចំណុច ចំពោះដំណើរទស្សនកិច្ចលើកទី២ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា របស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងជាប្រេសិតពិសេសប្រធានអាស៊ាន ស្តីពីបញ្ហាមីយ៉ាន់ម៉ា កាលពីសប្តាហ៍មុន។

លោក ប្រាក់ សុខុន បានបញ្ចប់ទស្សនកិច្ចលើកទី២ ទៅកាន់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ ដោយមានការអមដំណើរដោយ លោក ឯកផាប់ ផាន់ថាវង្ស អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សង្គមវប្បធម៌អាស៊ាន និងមន្រ្តីជាន់ខ្ពស់របស់ រាជរដ្ឋាភិបាលមួយចំនួន ព្រមទាំងបុគ្គលិករបស់លេខាធិការដ្ឋានអាស៊ាន ផងដែរ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ លោក គិន ភា បានវាយតម្លៃចំពោះទស្សនកិច្ចនេះ ដូចខាងក្រោម៖

* ទី១៖ បង្ហាញឲ្យឃើញអំពីការយកចិត្តទុកដាក់ក្នុងការអនុវត្តតួនាទីរបស់ លោក ប្រាក់ សុខុន ក្នុងឋានៈជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន សម្រាប់កិច្ចការមីយ៉ាន់ម៉ា ដែលជានិច្ចកាលលោកបានបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយភាពទទួលខុសត្រូវខ្ពស់។

* ទី២៖ បង្ហាញឲ្យឃើញពីឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់បំផុតរបស់ប្រទេសកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ក្នុងការសម្របសម្រួលការស្វែងរកដំណោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា។

* ទី៣៖ វាជាឱកាសដែលកម្ពុជា ពាំនាំបទពិសោធន៍ និងគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន សម្រាប់ឲ្យមីយ៉ាន់ម៉ាយកធ្វើជាគំរូក្នុងការដោះស្រាយបញ្ហារបស់ខ្លួន។

* ទី៤៖ ដំណើរទស្សនកិច្ចនេះ កត់សម្គាល់ឲ្យឃើញនូវការវិវត្តន៍ជាវិជ្ជមានប្រសើរជាមុន ដោយសារលោក ប្រាក់ សុខុន បានជួបជាមួយភាគីពាក់ព័ន្ធជាច្រើន រាប់ទាំងក្រុមប្រដាប់អាវុធជនជាតិភាគតិច ទាំងគណបក្សនយោបាយដែលចូលរួមបោះឆ្នោតឆ្នាំ២០២០ និងការផ្លាស់ប្តូរយោបល់ជាមួយបណ្តាអគ្គរដ្ឋទូតបណ្តាប្រទេសសំខាន់ៗ ដែលមានស្ថានទូតនៅមីយ៉ាន់ម៉ា ជាពិសេសលោកបានជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់សំខាន់ៗ របស់របស់ពួកយោធាមីយ៉ាន់ម៉ា ដែលទាំងអស់នេះគឺជាចំណុចសំខាន់បំផុតសម្រាប់ដំណើរទស្សនកិច្ចរបស់លោក ទៅកាន់មីយ៉ាន់ម៉ា។

* ទី៥៖ ដំណើរទស្សនកិច្ចនេះ បង្ហាញថាលោក ប្រាក់ សុខុន បាននាំសារច្បាស់លាស់បំផុតសម្រាប់មីយ៉ាន់ម៉ាពីកម្ពុជា ក៏ដូចជាពីអាស៊ានទាំងមូល គឺការចង់ឃើញការអនុវត្តដោយពេញលេញនូវកិច្ចព្រមព្រៀង ៥ចំណុចរបស់អាស៊ាន ដែលលោក មីង អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) នៃប្រទេសមីយ៉ាន់ម៉ា បានចុះហត្ថលេខាផងដែរ។ លោក ប្រាក់ សុខុន បានស្នើឲ្យបញ្ជូនលោកស្រី អោង សានស៊ូជី ទៅឃុំខ្លួននៅគេហដ្ឋានវិញ និងសុំជួបលោកស្រី បើទោះការស្នើសុំនេះបរាជ័យក៏ដោយ តែវាបានបង្ហាញឲ្យឃើញពីជំហររបស់កម្ពុជា ជុំវិញការរួមចំណែកស្វែងរកដំណោះស្រាយនយោបាយនៅមីយ៉ាន់ម៉ា។

នៅក្នុងដំណើរទស្សនកិច្ចលើកទី២ ទៅកាន់ប្រទេសមីយ៉ាន់ម៉ានាចុងសប្តាហ៍មុននេះ លោក ប្រាក់ សុខុន មិនទាន់ត្រូវបានអនុញ្ញាតឱ្យចូលជួបលោកស្រី អោង សានស៊ូជី និងអតីតជំទាវធំមីយ៉ាន់ម៉ានោះឡើយ។ ការបាញ់ប្រហារគ្នា ក៏បន្តកើតមានផងដែររវាងក្រុមកាន់អំណាច និងក្រុមមិនកាន់អំណាច ទោះបីជារបបយោធា បានចុះហត្ថលេខាលើបទឈប់បាញ់ និងធ្លាប់លើកឡើងពីការប្រឹងប្រែងអនុវត្តកិច្ចព្រមព្រៀងឯកច្ឆន្ទ ៥ចំណុច របស់អាស៊ានក៏ដោយ។

នៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ក្នុងពេលផ្តល់ព័ត៌មានជូនឯកអគ្គរាជ/រដ្ឋទូត សមាជិកអង្គទូត អ្នកសារព័ត៌មាន និងតំណាងមកពីស្ថាប័នពាក់ព័ន្ធក្នុងស្រុក អំពីលទ្ធផលនៃទស្សនកិច្ចការងារលើកទី២ របស់ខ្លួននៅមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន បានលើកឡើងសង្ខេប នូវចំណុចមួយចំនួន រួមមាន៖

* ភាគីដែលលោកបានជួបក្នុងដំណើរទស្សនកិច្ចនេះ គឺមានភាពចម្រុះជាងទស្សនកិច្ចលើកមុន បើទោះបីជាជំនួបខ្លះដែលបានគ្រោងទុកមិនអាចសម្រេចបានក៏ដោយ។
* លោកបានបន្តរំលេចពីបទពិសោធន៍ និងមេរៀនរបស់កម្ពុជាក្នុងការបញ្ចប់សង្គ្រាម និងជម្លោះដោយមិនប្រើអំពើហិង្សា។ ទោះបីជាអំពើហិង្សាខ្លះ ក្នុងរូបភាពផ្សេងៗនៅតែបន្តកើតមាននៅតាមតំបន់មួយចំនួនក៏ដោយ តែលោកសង្កេតឃើញថាស្ថិរភាពជាទូទៅ បាននិងកំពុងបន្តវិវឌ្ឍឡើងបណ្តើរៗ។
* ជំនួយមនុស្សធម៌មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដោយសារតែនេះមិនពាក់ព័ន្ធរឿងនយោបាយជ្រុល ខណៈដែលមានតួអង្គច្រើនបានស្ម័គ្រចិត្តគាំទ្រ។
* វិបត្តិមីយ៉ានម៉ានៅតែចាក់ឫសយ៉ាងជ្រៅ ហើយមិនមានដំណោះស្រាយងាយស្រួលទេ ព្រមទាំងទាមទារពេលវេលា ភាពអត់ធ្មត់ និងការយោគយល់ទៅវិញទៅមកពីសំណាក់គ្រប់ភាគីពាក់ព័ន្ធ។
* ផ្អែកលើទស្សនៈមួយចំនួន ដំណើរទស្សនកិច្ចនេះប្រហែលជាមិនទាន់សម្រេចបានសមិទ្ធផលជាដុំកំភួននៅឡើយទេ យ៉ាងណាមិញ លោកនិងក្រុមការងារជឿជាក់ថា លោកបាននិងកំពុងបន្តឈានទៅមុខក្នុងកិច្ចខិតខំប្រឹងប្រែងមួយនេះ។

«ពួកយោធាមីយ៉ាន់ម៉ា ហាក់គ្មានសុឆន្ទៈ និងការប្តេជ្ញាចិត្ត និងភាពស្មោះត្រង់ ក្នុងការអនុវត្តកិច្ចព្រមព្រៀងទាំង ៥ចំណុច ដែលខ្លួនបានចុះហត្ថលេខាឡើយ»។ នេះជាការថ្លែង របស់លោក គិន ភា ដែលបានពន្យល់ពីមូលហេតុ ដែលធ្វើឲ្យវិបត្តិនៅមីយ៉ាន់ម៉ាពិបាកដោះស្រាយ។

បើតាមលោកបណ្ឌិត គិន ភា ការណ៍ដែលរបបយោធាដឹកនាំដោយ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង មិនអនុញ្ញាតឲ្យលោក ប្រាក់ សុខុន ជួបតួអង្គក្រៅពីរដ្ឋាភិបាល មិនមែនជារឿងត្រឹមត្រូវទេ។ លោកថ្លែងថា តួអង្គសំខាន់នៅក្នុងបញ្ហាមីយ៉ាន់ម៉ា មានដល់ទៅ ៣ឯណោះ ដែលគេមិនអាចផាត់តួអង្គណាមួយចេញបានឡើយ។

លោកថ្លែងបន្តថា «តួអង្គសំខាន់បំផុតនៅក្នុងបញ្ហានយោបាយនៅមីយ៉ាន់ម៉ានេះ មាន៣ ដែលមានតួអង្គទី១ គឺយោធា ទី២ គឺតួអង្គគណបក្សនយោបាយដែលឈ្នះឆ្នោត ឬតួអង្គស៉ីវិលរបស់មីយ៉ាន់ម៉ា ដែលជាក្រុមលោកស្រី អោង សានស៊ូជី ដែលជាក្រុមសំខាន់មិនអាចផាត់ចេញពីដំណោះស្រាយនយោបាយនៅមីយ៉ាន់ម៉ា និងតួអង្គទី៣ គឺក្រុមប្រដាប់អាវុធជនជាតិភាគតិច។ អញ្ចឹងដំណោះស្រាយជោគជ័យ លុះត្រាតែរាប់បញ្ចូលភាគីពាក់ព័ន្ធទាំងអស់នៅមីយ៉ាន់ម៉ា ដែលគេហៅថា ដំណោះស្រាយនយោបាយប្រកបដោយបរិយាប័ន្ន»

សូមជម្រាបថា ដំណើរទស្សនកិច្ចលើកទី២ របស់ប្រេសិតពិសេសទៅកាន់មីយ៉ាន់ម៉ា មានគោលបំណងតាមដានវឌ្ឍនភាពនៃការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច និងលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ និងដើម្បីរួមចំណែកដល់ការបង្កើតបរិយាកាសអំណោយ ផលសម្រាប់ដំណើរ ការសន្ទនានយោបាយ ប្រកបដោយបរិយាប័ន្ន តាមរយៈការជួបពិភាក្សាជាមួយគ្រប់ភាគីពាក់ព័ន្ធ។

មុនដំណើរទស្សនកិច្ចលើកទី២ នេះដែរ លោក ប្រាក់ សុខុន បានផ្ញើលិខិតជម្រាបជូនក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) នៃសហភាពមីយ៉ាន់ម៉ានូវ «ក្តីកង្វល់យ៉ាងខ្លាំងរបស់សហសេវិកអាស៊ាន» ចំពោះរបាយការណ៍ស្ដីពីការផ្ទេរ លោកស្រី អោងសាន ស៊ូជី ពីលំនៅដ្ឋានទៅកាន់ពន្ធនាគារនៅក្នុងទីក្រុងណៃពិដោ និងបានទទូចឱ្យក្រុមប្រឹក្សារដ្ឋបាលរដ្ឋសម្របសម្រួលដល់ការបញ្ជូនលោកស្រីត្រឡប់ទៅលំនៅដ្ឋាន ដែលជាទីតាំងលោកស្រីត្រូវបានឃុំខ្លួនពីដំបូង។

ក្នុងដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ាលើកនេះ ប្រមុខការទូតកម្ពុជា បានបន្តចូលជួបសម្តែងការគួរសមជាមួយនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង, លោក វ៉ុនណា ម៉ោងល្វីន រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា, លោក យ៉ា ព្យេ ប្រធានគណៈកម្មាធិការសាមគ្គីភាពជាតិ និងការបង្កើតសន្តិភាព (NSPNC), តំណាងអង្គការប្រដាប់អាវុធជនជាតិភាគតិចចំនួន ៧ ដែលបានចុះហត្ថលេខាកិច្ចព្រមព្រៀងបទឈប់បាញ់ ជាមួយក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC), តំណាងគណបក្សនយោបាយចំនួន៧ នៅមីយ៉ាន់ម៉ា ដែលបានចូលរួមបោះឆ្នោត និងផ្លាស់ប្តូរយោបល់ជាមួយឯកអគ្គរដ្ឋទូតបារាំង សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ព្រមទាំងភារៈធារីស្តីទីស្ថានទូតអូស្រ្តាលី ប្រចាំមីយ៉ាន់ម៉ាផងដែរ។

បើតាមលោក គិន ភា គំរូដំណោះស្រាយនយោបាយនៅកម្ពុជា ជាគំរូល្អបំផុត។ ក្នុងនោះ ទី១ គឺគំរូដោយប្រើយន្តការអាស៊ានបូកជាមួយអង្គការសហប្រជាជាតិ ឈានទៅរកការចចារនយោបាយ ដើម្បីដំណោះស្រាយរួមមួយ និងទី២ គឺនយោបាយឈ្នះឈ្នះ ដែលកម្ពុជាអនុវត្តជោគជ័យ គួរយកទៅអនុវត្តនៅមីយ៉ាន់ម៉ាដូចគ្នា។

លោកបន្តថា «ដំណោះស្រាយនយោបាយ មិនមែនខុសដៃយកដៃខុសជើងយកជើងនោះទេ គឺជាការសម្របសម្រួល ជាការអត់អោន រស់ទាំងអស់គ្នា ទើបគេហៅថា ដំណោះស្រាយនយោបាយរួមមួយ ដែលភាគីទាំងអស់ទទួលបានផលប្រយោជន៍ ទើបគេអាចរកបានសន្តិភាព ស្ថិរភាពនយោបាយ និងឯកភាពជាតិ និងសុខដុមនីយកម្មបានពិតប្រាកដ នៅក្នុងប្រទេសមីយ៉ាន់ម៉ា»

ពាក់ព័ន្ធនឹងវឌ្ឍនភាពនៅមីយ៉ាន់ម៉ា ត្រូវបានលោក ប្រាក់ សុខុន អះអាងថា កង់នៃដំណើរការចរចាសន្តិភាពវិលទៅមុខហើយ ពោលគឺក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) ប្រទេសមីយ៉ាន់ម៉ា យល់ព្រមឲ្យបុគ្គល ឬក្រុម ដែលត្រូវបានចាត់ទុកថា ជាភេរវករចូលចរចាបាន។

លោក ប្រាក់ សុខុន បានឲ្យដឹងដែរថា នេះគឺជាវឌ្ឍនភាពដ៏ធំធេង សម្រាប់ដំណើរការចរចាសន្តិភាពរបស់មីយ៉ាន់ម៉ា ប៉ុន្តែការដោះស្រាយបែបណានោះ គឺស្ថិតលើប្រទេសនេះជាអ្នកកំណត់ដោយខ្លួនឯង។ ទោះជាអនុញ្ញាតឲ្យចូលចរចាក្តី អ្នកដែលចង់ចូលចរចាទាំងនោះ ត្រូវផ្លាស់ប្ដូរផ្នត់គំនិតរបស់ខ្លួន ដោយបំពេញលក្ខខណ្ឌ៣យ៉ាង៖ ទី១ មិនមានបំណងបំផ្លាញរដ្ឋាភិបាល, ទី២ មិនមានបំណងមកជំនួសរដ្ឋាភិបាល និងទី៣ យករដ្ឋធម្មនុញ្ញឆ្នាំ២០០៨ មកធ្វើជាមូលដ្ឋានក្នុងការចរចាសន្តិភាព៕