(ភ្នំពេញ)៖ អនុសមាសភាគទី២.២ នៃគម្រោង SAAMBAT នារសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ដំណើរការជាផ្លូវការកម្មវិធីពន្លឿនអាជីវកម្មកសិកម្មឌីជីថល ដែលកម្មវិធីនេះត្រូវបានរៀបចំឡើង នៅសណ្ឋាគារ Raffles Hotel Le Royal ក្រោមអធិបតីភាពរបស់បណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” តំណាងក្រុមការងាររបស់គម្រោង SAAMBAT។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការជាផ្លូវការ កម្មវិធីពន្លឿនអាជីវកម្មកសិកម្មឌីជីថលដល់ធុរជន សាធារណជន និងដៃគូពាក់ព័ន្ធនានាដែលធ្វើការ ក្នុងវិស័យកសិកម្ម កសិ-ពាណិជ្ជកម្ម ធុរកិច្ចថ្មី ឬថ្នាលឌីជីថលដែលមានស្រាប់ ប៉ុន្តែនៅខ្វះខាតការគាំទ្រ ទាំងធនធាន និងបច្ចេកទេស អាចមានសិទ្ធិ ក្នុងការស្នើសុំមូលនិធិពន្លឿនអាជីវកម្មកសិកម្មឌីជីថល ដើម្បីស្វែងរកនវានុវត្តន៍ថ្មីៗបន្ថែមទៀត។

លើសពីនេះទៅទៀត សិក្ខាសាលាបានចែករំលែកចំណេះដឹង បទពិសោធន៍ និងធ្វើបទបង្ហាញសំខាន់ៗចំនួន ២ ដែលប្រធានបទទី ១ គឺនិយាយអំពីសកម្មភាពរបស់អនុសមាសភាគទី ២.២ និងប្រធានបទទី ២ គឺ កម្មវិធីពន្លឿនអាជីវកម្មកសិកម្មឌីជីថល ក៏ដូចជាកិច្ចពិភាក្សាស្តីពីលទ្ធភាពក្នុងការស្នើសុំមូលនិធិនេះផងដែរ ហើយបេក្ខជនដែលមានសក្ដានុពលនឹងត្រូវបានជ្រើសរើស ឱ្យចូលរួមក្នុងកម្មវិធីនេះផងដែរ ។

អ្នកទទួលបានជ័យលាភីក្នុងកម្មវិធីពន្លឿនអាជីវកម្មកសិកម្មឌីជីថលនេះ នឹងទទួលបាននូវគុណប្រយោជន៍ជាច្រើនដែលកម្មវិធីនឹងផ្តល់ជូន ដូចជាការផ្តល់ជូនមូលនិធិ, ទីកន្លែងបំពេញការងារដោយរួមទាំងសេវាអ៊ិនធឺណេត, ការចូលរួមក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីកម្ពុជា, ការទទួលបាននូវការប្រឹក្សាយោបល់ពីសហគ្រិន និងអ្នកណែនាំដែលមានបទពិសោធន៍ល្អៗ, ការប្រើប្រាស់Cloud របស់ Amazon Web Service (AWS), ការទំនាក់ទំនងល្អជាមួយអ្នកវិនិយោគ និងភ្នាក់ងារហិរញ្ញវត្ថុនានា ជាពិសេសកម្មវិធីនវានុវត្តន៍ដែលទទួលបានជ័យលាភី ក៏អាចធ្វើការថ្ពក់ជាមួយបណ្តុំថ្នាលកសិកម្មខ្មែរ (Khmer Agriculture Suite – KAS Core Platform) ដែលអាចទទួលបានព័ត៌មានកសិកម្ម ក៏ដូចជាថ្នាលសម្រាប់សហគ្រាសជនបទ ក្នុងការជួញដូរទំនិញ និងលើកកម្ពស់ជីវភាព រួមទាំងសមត្ថភាពចំណេះដឹងសហគ្រិនភាព របស់ពួកគាត់ផងដែរ។

តំណាងមកពីភាគីពាក់ព័ន្ធសំខាន់ៗរបស់គម្រោងIFAD ក៏ដូចជាធុរកិច្ចកសិកម្ម កសិ-ពាណិជ្ជកម្ម និងស្ថាប័នហិរញ្ញវត្ថុនានា ដែលបាននិងកំពុងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីដោះស្រាយបញ្ហាប្រឈម ក្នុងវិស័យកសិកម្ម ត្រូវបានអញ្ជើញមកចូលរួមក្នុងអង្គសិក្ខាសាលានេះ។

ជាលទ្ធផល អ្នកចូលរួមមិនត្រឹមតែបានចូលរួមជជែកវែកញែកប្រកបដោយផ្លែផ្កាប៉ុណ្ណោះទេ ថែមទាំងទទួលបានព័ត៌មាន ស្តីពីវិធីនៃការដាក់ពាក្យចូលរួមក្នុងកម្មវិធីពន្លឿនអាជីវកម្មកសិកម្មឌីជីថល ដើម្បីទទួលបានរង្វាន់ជ័យលាភីយកទៅធ្វើអាជីវកម្ម រួមទាំងជ្រួតជ្រាបកាន់តែច្បាស់ អំពីអត្ថប្រយោជន៍នៃដំណើរការនៃការធ្វើនវានុវត្តន៍បច្ចេកវិទ្យា ដែលមានសារៈសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រដោយផ្តល់នូវឱកាសសេដ្ឋកិច្ចដល់ប្រជាជននៅទីជនបទ។

ជាពិសេសបច្ចេកវិទ្យាឌីជីថលមានលទ្ធភាពដើម្បីជួយដល់កសិករនៅទីជនបទ និងអ្នកពាក់ព័ន្ធនានា តាមរយៈបណ្តុំថ្នាលកសិកម្មខ្មែដែលអាចអោយពួកគាត់ទទួលបានព័ត៌មានកសិកម្ម ក៏ដូចជាថ្នាលសម្រាប់សហគ្រាសជនបទ ក្នុងការជួញដូរផលិតផលកសិកម្ម និងលើកកម្ពស់ជីវភាព រួមទាំងជំនាញ សមត្ថភាព និងចំណេះដឹងសហគ្រិនភាពរបស់ពួកគាត់ផងដែរ ដើម្បីជាប្រយោជន៍ក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឱ្យកាន់តែរីកចម្រើនទៅមុខ ស្របតាមបរិបទនៃការរីកលូតលាស់ឥតឈប់ឈរនៃបច្ចេកវិទ្យាឌីជីថលក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០៕