(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី សមាជិករដ្ឋសភា ប្រធានគណៈកម្មាធិការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅរសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពបិទមហាសន្និបាតលើកទី១ ស្ដីពីលទ្ធផលការងារឆ្នាំ២០២១ ផ្សព្វផ្សាយទិសដៅការងារ និងផែនការសកម្មភាពឆ្នាំ២០២២-២០២៣ របស់វេទិកាសន្តិភាពកម្ពុជា (វ.ស.ក)។

ពិធីនេះមានការចូលរួមពីលោក សួន សេរីរដ្ឋា រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និងប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា, លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា, លោក ទៀ សីហា អភិបាលខេត្តសៀមរាប ព្រមទាំងថ្នាក់ដឹកនាំវេទិកាសន្តិភាពកម្ពុជា និងមានការចូលរួមពីសំណាក់សមាជិក សមាជិកាចំនួន១,០០០នាក់ នៅខេត្តសៀមរាប។

នាឱកាសនោះដែរ លោក សួន សេរីរដ្ឋា បានរាយការណ៍ថា វេទិកាសន្តិភាពកម្ពុជា បានចុះបញ្ជីជាផ្លូវការនៅក្នុងក្រសួងមហាផ្ទៃ និងធ្វើសកម្មភាព១ឆ្នាំ ៥ខែ មកហើយ ចំពេលស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា បាននឹងកំពុងរាតត្បាតយ៉ាងខ្លាំងក៏ដោយ ប៉ុន្តែ វេទិកាសន្តិភាពកម្ពុជា បានធ្វើសកម្មភាពមនុស្សធម៌របស់ខ្លួនជាច្រើននៅតាមបណ្តារាជធានី-ខេត្តនានា ជាដើម។

លោកបានបន្តថា វេទិកាសន្តិភាពកម្ពុជា ជាអង្គការមិនមែនរដ្ឋាភិបាល ដែលបានផ្តួចផ្តើមឡើងពីឆន្ទៈរបស់ក្រុមយុវជន និងប្រជាពលរដ្ឋខ្មែរ ជាអ្នកស្រឡាញ់សន្តិភាព ស្គាល់អំពីតម្លៃពិតប្រាកដ នៃសន្តិភាព និងប្តេជ្ញាការពារសន្តិភាពយ៉ាងមុតមាំដែលបានមកពីការលះបង់ពិកម្មតស៊ូដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលលោកបានខិតខំប្រឹងប្រែងស្វែងរកដោយលំបាកយកមកផ្តល់ជូនប្រជាពលរដ្ឋខ្មែរ។

លោកបានបន្តថា វេទិការសន្តិភាពកម្ពុជា បង្កើតឡើងក្នុងគោលបំណងរៀបចំឱ្យមានវេទិកាសាធារណៈ សម្រាប់ប្រជាពលរដ្ឋស្ថិតនៅក្នុងរាជធានីភ្នំពេញ នៅតាមបណ្តាខេត្ត ក្រុង ស្រុក ខណ្ឌ សង្កាត់ សម្រាប់សិស្សនៅតាមវិទ្យាល័យ និងសម្រាប់និស្សិតនៅមហាវិទ្យាល័យនានា ដើម្បីផ្សព្វផ្សាយពន្យល់ឱ្យប្រជាពលរដ្ឋ និងយុវជនខ្មែរ សិស្ស និស្សិតយល់ដឹងពីឬសគល់នៃដំណើរប្រវត្តិដ៏លំបាកអំពីការកសាងសន្តិភាព អំពីតម្លៃសន្តិភាព និងផលប្រយោជន៍នានាដែលទទួលបានពីសន្តិភាព ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតចំពោះមគ្គុទេសក៍សន្តិភាព និងភាពដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

បន្ថែមពីនេះ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជារូបនេះ បានបញ្ជាក់ថា វេទិកាសន្តិភាពកម្ពុជា មានបេសកកម្មបណ្តុះស្មារតីឱ្យស្រឡាញ់ ថែរក្សា ការពារសន្តិភាពនិងគុណតម្លៃ នៃសន្តិភាព ក្នុងចំណោមយុវជន និងប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ គ្រប់ស្ថាប័ន គ្រប់គ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន នៅទូទាំងប្រទេស និងក្រៅប្រទេសបានយល់ជ្រួតជ្រាបអំពីដំណើរប្រវត្តិ នៃការកសាងសន្តិភាព ស្គាល់ពីតម្លៃនៃសន្តិភាព និងយល់ពីផលប្រយោជន៍នានា ដែលបានមកពីសន្តិភាព។

លោកបានជំរុញឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ ជាពិសេសយុវជន ត្រូវរួមគ្នាប្តេជ្ញាការពារសន្តិភាពនៅកម្ពុជា ដែលសម្តេចតេជោ បានកសាងមកដោយលំបាក ដោយបានប្រើអាយុជីវិតធ្វើជាដើមទុន ឱ្យសន្តិភាពនៅកម្ពុជាមានជារាងរហូត។

បន្ទាប់ពីស្តាប់របាយការណ៍របស់លោក សួន សេរីរដ្ឋា រួចមក, លោក ហ៊ុន ម៉ានី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្ដើមនៃការបង្កើតឱ្យមានអង្គវេទិកាសន្តិភាពកម្ពុជា ក្នុងគោលបំណងរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា និងបញ្ជៀបការយល់ដឹងអំពីការស្វែងរកសុខសន្តិភាព គុណតម្លៃ និងផលប្រយោជន៍ជាតិ ដើម្បីគាំទ្រដល់យុវជន និងប្រជាពលរដ្ឋកម្ពុជា។

ទន្ទឹមនឹងការលើកឡើងខាងលើ, លោក ហ៊ុន ម៉ានី បានបន្ថែមថា៖ «ជាការពិតណាស់ការដឹកនាំស្ថាប័ននីមួយៗពិតជាមានការលំបាក និងត្រូវបត់បែនតាមស្ថានភាពជាក់ស្តែងជានិច្ច ជាពិសេសការដឹកនាំស្ថាប័ន អង្គការចាត់តាំងបែបនេះ ត្រូវធ្វើឡើងដោយការគ្រប់គ្រងច្បាស់លាស់ដោយសន្សឹមៗ និងត្រូវបង្កើនភាពជឿជាក់ជាបន្តបន្ទាប់ ដើម្បីទទួលបានការគាំទ្រ ការជឿទុកចិត្ត និងការចូលរួមដោយមិនមានការបង្ខិតបង្ខំ»

គួរបញ្ជាក់ដែរថា ក្រោមបរិយាកាសដែលពោរពេញដោយភាពស្និទស្នាល និងសាមគ្គីភាព ក្នុងពិធីបិទមហាសន្និបាតលើកទី០១ របស់អង្គវេទិកាសន្តិភាពកម្ពុជា ប្រកបដោយភាពរីករាយ និងស្មារតីគាំទ្ររបស់សមាជិក សមាជិកា នៃអង្គពិធីទាំងមូលបានធ្វើឱ្យដំណើរនៃពិធីនេះប្រព្រឹត្តទៅដោយរលូន និងបញ្ចប់ដោយជោគជ័យក្រោមអធិបតីភាពរបស់លោក ហ៊ុន ម៉ានី៕