(ពោធិ៍សាត់)៖ នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោកស្រី ជា ខេង រួមដំណើរដោយលោកស្រីឧកញ៉ា ភាព ហៀក ប្រធានក្រុមហ៊ុនជីពម៉ុង, លោកស្រីឧកញ៉ា យិន ផាន្នី ថុង អ៊ុយប៉ាង នាយកកាសែតកោះសន្តិភាព, លោកស្រី ហង្សរី អ៊ឹម សិទ្ធី និងលោកស្រី ឆាយ ស៊ីណា ជីវ កេង បានជួបសំណេះសំណាល និងនាំយកសម្ភារប្រើប្រាស់ សម្ភារៈសិក្សាមួយចំនួន មកប្រគេនដល់សាមណសិស្ស ដែលកំពុងសិក្សានៅពុទ្ធិកវិទ្យាល័យពោធិ៍សាត់។ ពិធីនេះប្រារព្ធធ្វើនៅវត្តពាលញែក ក្រុងពោធិ៍សាត់ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះពោធិ៍វង្សាវិមល កែវ កន ព្រះមេគណខេត្ត និងលោកស្រី លាង ហៃ ជាវតាយ ផងដែរ។

តាមរបាយការណ៍ព្រះតេជគុណនាយកពុទ្ធិកវិទ្យាល័យបានឱ្យដឹងថា សាមណសិស្សសរុបមានចំនួន៣៤៥អង្គ ក្នុងនោះពុទ្ធិកវិទ្យាល័យពោធិ៍សាត់ ចំនួន២២៥អង្គ ពុទ្ធិកវិទ្យាល័យវត្តនទីមង្គល ហៅវត្តកំពង់ក្រសាំង ចំនួន១២០អង្គ និងលោកគ្រូអ្នកគ្រូ ចំនួន១១នាក់។

លោក ស៊ុយ សែម មានប្រសាសន៍ថា បន្ទាប់ពីទទួលបានព័ត៌មានពីព្រះមេគណខេត្តថា ការសិក្សារបស់សាមណសិស្សនៅខេត្តពោធិ៍សាត់នេះ ជួបការខ្វះខាតខ្លះៗ ដូចជាខ្វះសម្ភារៈប្រើប្រាស់ អគារសិក្សាលិចទឹកភ្លៀង ខ្វះទីចាត់ការ បណ្ណាល័យ និងខ្វះខាតចង្ហាន់ជាដើម លោក និងលោកស្រី ក៏បានកៀងគរមិត្តភ័ក្កិជិតស្និទ្ធមួយចំនួន ដើម្បីមកជួយឧបត្ថម្ភ ទៅតាមលទ្ធភាពជាក់ស្ដែង ដែលអាចធ្វើទៅបាន។

លោក ស៊ុយ សែម បានថ្លែងកោតសរសើរចំពោះព្រះមេគណខេត្ត កែវ កន ដែលព្រះអង្គមានព្រះបញ្ញាញាណឆ្លាតវៃ មានការដឹកនាំគ្រប់គ្រង ទំនាក់ទំនងល្អជាមួយថ្នាក់ដឹកនាំ និងសប្បុរសជនគ្រប់លំដាប់ថ្នាក់។ ដោយឡែកលោកស្រីឧកញ៉ា ដែលអញ្ជើញមកចូលរួមនាពេលនេះ ក៏ជាពុទ្ធសាសនុបឋម ចូលរួមបម្រើការងារមនុស្សធម៌ និងកសាងសមិទ្ធផលគ្រប់ទីកន្លែងផងដែរ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។ លោករដ្ឋមន្ត្រី សូមឱ្យសាមណសិស្សទាំងអស់ ខិតខំសិក្សាលើគ្រប់មុខវិជ្ជាទាំងអស់ ព្រោះថាការសិក្សានៅពុទ្ធិកវិទ្យាល័យ សញ្ញាប័ត្រមានតម្លៃដូចនៅវិទ្យាល័យចំណេះដឹងទូទៅដែរ។

តាមរយៈលោក ស៊ុយ សែម និងលោកស្រី ជា ខេង ក្នុងឱកាសនោះ លោកស្រីឧកញ៉ា ភាព ហៀក ប្រធានក្រុមហ៊ុនជីពម៉ុង បានឧបត្ថម្ភម៉ាស៊ីនព្រីនធ័រ ចំនួន០២គ្រឿង កុំព្យូទ័រ០២គ្រឿង តុនិងកៅអីគ្រូ ចំនួន៥០ ថវិកា៣០០០ដុល្លារ ចូលរួមកសាងកុដិវត្តកំពង់ក្រសាំង១០០០ដុល្លារសម្រាប់ទិញសម្ភារសិក្សា ឧបត្ថម្ភថវិកា៨លានរៀល ក្នុងមួយខែ សម្រាប់ចង្ហាន់សាមណសិស្សរយៈពេលមួយឆ្នាំ ព្រមទាំងជួយជុសជុលដំបូលអគារសិក្សា ដែលលិចទឹកភ្លៀង និងផ្ដល់តុកៅអីគ្រូ ចំនួន៥០ឈុតផងដែរ។

លោកស្រី លាង ហៃ ជាវតាយ ឧបត្ថម្ភអង្ករក្នុងមួយខែ ចំនួន៤តោន ហើយក៏មានការឧបត្ថម្ភបន្ថែម សម្រាប់ចង្ហាន់ពីលោកស្រី ហង្ស រី អ៊ឹម សិទ្ធី ចំនួន១០០០ដុល្លារ, លោកស្រីឧកញ៉ា យិន ផាន្នី ថុង អ៊ុយប៉ាង ចំនួន២លានរៀល, លោកស្រីឧកញ៉ា អ៊ឹង ស៊ីស្រ៊ន ចំនួន១៤លានរៀល, លោកស្រី ឆាយ ស៊ីណា ជីវ កេង ចំនួន២លានរៀល និងលោកស្រី ជា ខេង ស៊ុយសែម ចំនួន៨លានរៀល។

ដោយឡែក លោក ស៊ុយ សែម និងលោកស្រី បានប្រគេនអង្ករ ចំនួន២តោន, ថវិកា១លានរៀល សម្រាប់ជុសជុលស្ពានយោលវត្តកំពង់ក្រសាំង, ជូនគ្រូបង្រៀន១១នាក់ ម្នាក់១០ម៉ឺនរៀល និងប្រគេនសៀវភៅសរសេរ៥ក្បាល ប៊ិច២ដើម ដល់សាមណសិស្សទាំង៣៤៥អង្គផងដែរ៕