(ព្រៃវែង)៖ ដោយបានកាយកចិត្តទុកដាក់ខ្ពស់ របស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា និងលោក ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត ពិសេសសម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង រួមជាមួយនិងមន្ទីរសុខាភិបាលខេត្ត នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ បានចុះអប់រំផ្សព្វផ្សាយណែនាំ ដល់បងប្អូនប្រជាពលរដ្ឋ នៅតាមសហគមន៍អំពី ការបង្កើនការទប់ស្កាត់ នៃជំងឺគ្រុនឈាមដល់បងប្អូនប្រជាពលរដ្ឋនៅតាមសហគមន៍ ឲ្យយល់ដឹងកាន់តែច្បាស់ អំពីការទប់ស្កាត់ការឆ្លងជំងឺគ្រុនឈាម តាមរយៈមូសខ្លាញី នៅក្នុងរដូវធ្លាក់ភ្លៀងនេះ។

ថ្លែងនៅក្នុងឱកាសនោះ លោក រស់ចាន់ ណាវុឌ្ឍ ប្រធានការិយាល័យកម្មវិធីប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងគ្រុនឈាមខេត្តព្រៃវែង បានលើកឡើងថា មកដល់ត្រឹមពេលនេះ ក្នុងឆ្នាំ២០២២នេះ គឺមានអ្នកកើតនៅជំងឺគ្រុនឈាម មានតែ៥ករណីតែប៉ុណ្ណោះ ហើយក៏បានព្យាបាលជាសះស្បើយផងដែរ។

លោកបានលើកឡើងបន្ថែមថា កត្តាដែលកើតនូវជំងឺគ្រុនឈាម គឺមកពីមូសខ្លាញីដែលជាប្រភព នៃការចម្លងជំងឺគ្រុនឈាម ដែលធ្វើឲ្យមានកើតនូវជំងឺនេះ មកលើមនុស្សគ្រប់វ័យ មិនថា ចាស់ ក្មេងនោះទេ ហើយកត្តាមួយទៀតនោះ គឺបណ្ដាលមកពីមានព្រៃច្រើននៅជុំវិញផ្ទះ, ផ្ទះបិទជិតមិនមានពន្លឺចេញចូលល្អ ,មានថ្លុក, សំបកកំប៉ុង ,កង់ឡាន ជាដើមដែលជាកន្លែងជម្រកមូសខ្លា។ រោគសញ្ញាជំងឺគ្រុនឈាម មានក្ដៅខ្លួនខ្លាំងភ្លាមៗ លើសពី២៤ម៉ោង និងមានកន្ទួលក្រហមលើស្បែក រឺឈឺក្បាល និងឈឺខ្លួនប្រាណ។

ជាមួយគ្នានេះ លោកស្រី អ៊ុក មាសសូលីណា នាយិកាសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានលើកឡើងផងដែរថា ដើម្បីបង្កាទប់ស្កាត់ជំងឺគ្រុនឈាម នៅក្នុងសហគមន៍របស់យើង គឺត្រូវចូលរួមទាំងអស់គ្នា ដោយត្រូវប្រមូលសំបកកំប៉ុងរបស់របរសម្ភារៈ ដែលអាចដក់ទឹកបានត្រូវកប់ចោល ឬដុតចោលឲ្យអស់ ត្រូវដាក់ថ្នាំអាបេតនៅក្នុងពាងទឹក ឬដាក់ត្រី ៧ ពណ៌ ដែលជាប្រភពនៃជម្រកមូសខ្លានៅក្នុងពាងទឹក ឬនៅក្នុងសំបកក៏កំប៉ុងនោះ ត្រូវកាប់ឆ្ការព្រៃដែលនៅជុំវិញផ្ទះ បោះសម្អាតឲ្យបានស្អាត និងបើកបង្អួចនៅពេលថ្ងៃឲ្យមានពន្លឺចេញចូលល្អ ដើម្បីកុំឲ្យមានមូសខ្លាខាំ នៅពេលយើងសម្រាកនៅពេលថ្ងៃ និងត្រូវគេងនៅក្នុងមុង ឬកមុងជ្រលក់ថ្នាំឲ្យបានត្រឹមត្រូវ ដើម្បីបង្ការទប់ស្កាត់ការឆ្លងជំងឺគ្រុនឈាម ឬជំងឺផ្សេងៗ ដែលអាចឆ្លងតាមរយៈមូសផងដែរ។

សូមបញ្ជាក់ថា យុទ្ធនាការចុះអប់រំផ្សព្វផ្សាយនេះ គឺធ្វើគ្រប់ភូមិទាំងអស់ក្នុងក្រុងព្រៃវែងទាំង៤ សង្កាត់ ស្មើនិង២៣ភូមិតែម្តង តាមថ្ងៃបន្តបន្ទាប់៕