(ភ្នំពេញ)៖ លេខាធិការដ្ឋាននៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឹកូវីដ-១៩ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារស្របតាមផែនទីចង្អុលផ្លូវគិតត្រឹមឆមាសទី១ ឆ្នាំ២០២២ នៅទីស្តីការក្រសួងទេសចរណ៍។

លោក ថោង រដ្ឋសក្ដិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្ដិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋានស្ដីទីនៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឹកូវីដ-១៩ បានដឹកនាំកិច្ចប្រជុំនេះ ដោយមានការចូលរួមពីប្រធានអង្គភាព នាយកដ្ឋានពាក់ព័ន្ធទទួលខុសត្រូវ និងប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្ត តាមរយៈប្រព័ន្ធវីដេអូ Zoom សរុបប្រមាណ៧០នាក់។

ថ្លែងក្នុងកិច្ចប្រជុំនេះ លោក ថោង រដ្ឋសក្ដិ បានបញ្ជាក់ពីស្ថានភាពភ្ញៀវទេសចរអន្តរជាតិជារួម ដែលកំពុងមានកំណើនត្រលប់មកវិញជាបណ្តើរៗ ក្នុងនោះគិតត្រឹម៦ខែដើមឆ្នាំ២០២២នេះ ស្ថានភាពទេសចរក្នុងតំបន់អអឺរ៉ុប និងអាមេរិកមានការកើនឡើងពី២០-២៥% និងសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកបានកើនឡើង ១% ដោយសារមិនទាន់មានដំណើរការទេសចរជនជាតិចិន។ ក្នុងនោះផងដែរក្នុងខែកក្កដា ឆ្នាំ២០២២នេះ កម្ពុជាទទួលបានការហោះហើរចូលមកបន្ថែមគួរឱ្យកត់សម្គាល់។

លោកបានបន្តថា បច្ចុប្បន្ននេះ កម្ពុជាបានទទួលទេសចរអន្តរជាតិជារួមកើនឡើងជិត ១៥០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

បច្ចុប្បន្ននេះប្រទេសជាសមាជិកអាស៊ានទាំងអស់កំពុងដាក់អាទិភាពអនុវត្តផែនការសកម្មភាពឆ្នាំ២០២២-២០២៣ លើស្ថានភាពទេសចរណ៍ ដោយផ្តោតសំខាន់លើការជំរុញបន្ថែមនូវការស្តារសេដ្ឋកិច្ចឡើងវិញ រួមជាមួយនឹងការគិតគូរពីបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ការធ្វើឌីជីថលូបណីយកម្ម និងការគិតគូរពីការរៀបចំសហគមន៍ទេសចរណ៍ អេកូទេសចរណ៍ជាផលិតផលទាក់ទាញទេសចរណ៍។

បន្ថែមពីនេះទៀត លោក ថោង រដ្ឋសក្ដិ បានពិនិត្យលើលទ្ធផលការងារដែលសម្រេចបានជារួមកន្លងមក និងបានវាយតម្លៃថា អង្គភាពពាក់ព័ន្ធទាំងអស់បានបំពេញការងារស្របតាមផែនទីចង្អុលផ្លូវដោយសម្រេចបាន ៨០% បើគិតត្រឹមឆមាសទី១ ឆ្នាំ២០២២នេះ។ យ៉ាងណាមិញ លេខាធិការដ្ឋានរង់ចាំរបាយការណ៍បន្ថែមពីផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ដើម្បីដាក់បញ្ចូលនិងបំពេញបន្ថែមក្នុងរបាយការណ៍សមិទ្ធផលរបស់ក្រុមការងារ។

លោកអគ្គនាយកបានស្នើប្រធានលេខាធិការដ្ឋាននៃអនុក្រុមការងារទាំង៣ត្រូវដើរតួនាទីបន្ថែមលើកិច្ចការសម្របសម្រួលជាមួយគ្រប់នាយកដ្ឋាន និងអង្គភាពដែលពាក់ព័ន្ធសម្រាប់អនុក្រុមការងាររៀងៗខ្លួន ដើម្បីពន្យល់និងជំរុញដល់នាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធទាំងនោះបំពេញសកម្មភាពរបស់ខ្លួនឱ្យបានទាន់ពេលវេលា។

លោកក៏បានស្នើប្រធានលេខាធិការដ្ឋាននៃអនុក្រុមការងារទាំង៣រៀបចំជារបបរបាយការណ៍ និងរបបប្រជុំជាប្រចាំសម្រាប់អនុក្រុមការងាររៀងៗខ្លួន ដើម្បីប្រមូលលទ្ធផលពីនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធជាប្រចាំខែ ឬយ៉ាងហោចប្រចាំត្រីមាស និងធ្វើការបូកសរុប រួមនឹងការវាយតម្លៃជាមុន មុននឹងបញ្ចូលមកលេខាធិការដ្ឋាននៃក្រុមការងាររាជរដ្ឋាភិបាលនិងឯកជនធ្វើបូកសរុប។

ប្រធានអង្គភាព និងនាយកដ្ឋានពាក់ព័ន្ធត្រូវតាមដានសកម្មភាពអនុវត្តប្រចាំថ្ងៃរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ និងស្នើសុំការបញ្ជាក់ពីលេខាធិការដ្ឋានភ្លាមៗ ក្នុងករណីមានចម្ងល់ ឬយល់ថាជាន់ភារកិច្ចនៅក្នុងចំណុចសកម្មភាពអនុវត្តណាមួយ ដើម្បីជំរុញការងារទៅមុខ។

សម្រាប់លទ្ធផលការងារដែលសម្រចបានទាំងនេះ នឹងដាក់ផ្សព្វផ្សាយរួមសម្រាប់សមិទ្ធផលការងាររបស់ក្រសួងទេសចរណ៍ក្នុងអង្គសន្និបាតបូកសរុប ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ នាពេលខាងមុខនេះ៕