(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានក្រើនរំលឹកដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឡើងវិញ

ការក្រើនរំលឹកនេះ បានធ្វើឡើង នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២នេះ នៅទីស្តីការគណៈរដ្ឋមន្រ្តី។

តាមលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់នូវបញ្ហាមួយចំនួន។ សម្តេចបានក្រើនរំលឹកដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឡើងវិញនាពេលកន្លងមកថ្មីៗនេះ។

ជាមួយគ្នានេះ សម្តេចតេជោ ក៏បានបន្តអំពាវនាវឱ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងប្រទេសកម្ពុជា អញ្ជើញទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញឱ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស ជំងឺកូវីដ-១៩ អូមីក្រុងបំប្លែងថ្មី ប្រភេទ BA.4 និង BA.5 ព្រមទាំងដើម្បីបង្កភាពស៊ាំនៅក្នុងសហគមន៍៕