(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២នេះ លោក ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និងជាអគ្គលេខាធិការ បានដឹកនាំកិច្ចប្រជុំប្រកាសអនុក្រឹត្យស្ដីពីការតែងតាំងប្រធាននាយកដ្ឋាន ចំនួន០២រូប និងប្រកាសសេចក្ដីសម្រេចស្ដីពីការបែងចែកភារកិច្ចជូនទីប្រឹក្សា គ.ជ.គ.ម. និងអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងកិច្ចការងារទូទៅនៅក្នុងអគ្គលេខាធិការដ្ឋាន គ.ជ.គ.ម.។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីអគ្គលេខាធិការរង, ទីប្រឹក្សា និងជានាយកកម្មវិធីជាតិ, ប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធមួយចំនួន ដែលពិធីនេះធ្វើឡើងនៅសាលប្រជុំ គ.ជ.គ.ម.។

ជាកិច្ចចាប់ផ្ដើម លោក ឡាំ ហេងហួត បានអនុញ្ញាតឲ្យលោកប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ អានអនុក្រឹត្យស្ដីពីការប្រកាសតែងតាំងប្រធាននាយកដ្ឋាន ចំនួន០២រូប និងបានប្រគល់អនុក្រឹត្យ ជូនប្រធាននាយកដ្ឋានថ្មីទាំង០២រូប ផងដែរ។ បន្ថែមពីនេះ លោកបានអនុញ្ញាតឲ្យប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ អានសេចក្ដីសម្រេចស្ដីពីការបែងចែកភារកិច្ចជូនទីប្រឹក្សា គ.ជ.គ.ម. និងអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

ឆ្លៀតក្នុងឱកាសនេះ លោក ឡាំ ហេងហួត បានឲ្យនាយកដ្ឋានទាំង០៦ ឡើងរាយការណ៍ជូនអង្គប្រជុំទាំងមូល អំពីវឌ្ឍនភាពការងាររបស់នាយកដ្ឋាននីមួយៗ ដែលបានអនុវត្តកន្លងមក និងបានណែនាំវិន័យដល់មន្ត្រីក្រោមឱវាទទាំងអស់ឲ្យយកចិត្តទុកដាក់ និងសហការគ្នាក្នុងការបំពេញការងារស្នូល ដែលថ្នាក់ដឹកនាំបានប្រគល់ជូនឲ្យកាន់តែល្អប្រសើរ។

លោក ឡាំ ហេងហួត ក៏បានឲ្យក្រុមការងារតាមផ្នែកសម្រាប់ចូលរួមរៀបចំ «វេទិកាជាតិស្ដីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយលើកទី២៩» ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ឡើងរាយការណ៍អំពីវឌ្ឍនភាពក្នុងរៀចំការងារជូនអង្គប្រជុំ។

លោកបានសង្ឃឹម និងជឿជាក់ថា ក្រុមការងារទាំងអស់នឹងយកចិត្តទុកដាក់ខ្ពស់ ចំពោះកិច្ចការងារដែលនឹងខិតជិតមកដល់នាពេលខាងមុខនេះ ពិនិត្យមើលការងារឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឲ្យកម្មវិធីប្រព្រឹត្តទៅបានយ៉ាងរលូន។ ជាពិសេស លោកបានឲ្យក្រុមការងារដែលទទួលខុសត្រូវកែសម្រួល «ផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ឆ្នាំ២០២២» រៀបចំការងារដែលនៅសេសសល់ឲ្យបានឆាប់រហ័ស ដើម្បីបោះពុម្ពផ្សព្វផ្សាយឲ្យបានទាន់ពេលវេលា និងដាក់ជូនក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងអង្គការជាតិ-អន្តរជាតិ នាឱកាសប្រារព្ធវេទិកាជាតិស្ដីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ខាងមុខនេះ។

ជាកិច្ចបញ្ចប់ លោក ឡាំ ហេងហួត បានផ្ដាំផ្ញើបន្ថែមដល់មន្ត្រីថ្នាក់ដឹកនាំទាំងអស់ត្រូវរួមគ្នា និងខិតខំប្រឹងប្រែងធ្វើការងារឲ្យបានល្អ ជាពិសេសត្រូវរួមសហការជាមួយកម្មវិធីជាតិរបស់ គ.ជ.គ.ម. ដោយសារកម្មវិធីជាតិនេះទៀតសោតជារបស់អង្គភាពយើង មិនមែនជារបស់អង្គការណាមួយទេ ហើយគ្រប់គម្រោងទាំងអស់ដែលមានត្រូវរួមសហការគ្នាធ្វើជាមួយនាយកកម្មវិធីជាតិ៕