(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត កូនប្រុសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅយប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២នេះ បានផ្ញើសារតាមបណ្តាញសង្គមហ្វេសបុក ចូលរួមរំលែកទុក្ខចំពោះ មរណភាពរបស់ លោក ស៊ីនហ្សូ អាបេ (Shinzo Abe) អតីតនាយករដ្ឋមន្រ្តីជប៉ុន។

តាមបណ្តាញសង្គមហ្វេសប៊ុក លោក ហ៊ុន ម៉ាណែត បានសម្តែងនូវសេចក្តីសោកសៅ និងតក់ស្លុតជាខ្លាំង ដែលបានទទួលដំណឹងអំពីមរណភាពរបស់ លោក Shinzo Abe ព្រមទាំងបានសូមចូលរួមរំលែកទុក្ខជាមួយគ្រួសារលោក Abe ប្រទេស និងប្រជាជនជប៉ុនផងដែរ ចំពោះការបាត់បង់រដ្ឋបុរស និងអ្នកដឹកនាំដ៏ឆ្នើមរបស់ជប៉ុន នាពេលនេះ។ លោកថែមទាំងបានបួងសួងដល់វិញ្ញាណក្ខន្ធលោកអាបេបានទៅកាន់សុគតិភព។

សូមបញ្ជាក់ថា ស៊ីនហ្សូ អាបេ (Shinzo Abe) អតីតនាយករដ្ឋមន្ត្រីជប៉ុន បានស្លាប់បាត់បង់ជី វិតនៅមន្ទីរពេទ្យ ក្រោយត្រូវបានបាញ់ប្រហារក្នុងអំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតថ្នាក់ជាតិ នៅភាគខាងលិចទីក្រុងណារ៉ា ប្រទេសជប៉ុន នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០២២នេះ៕