(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងបណ្ដាញព័ត៌មាន Fresh News ថា គិតត្រឹមរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២នេះ មិនមានករណីអ្នកឆ្លងជំងឺកូវីដ១៩ មកសម្រាកពេទ្យទេ ដោយសារប្រសិទ្ធភាពនៃវ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

លោកស្រីវេជ្ជបណ្ឌិតបានបន្ដថា «បន្ទាប់ពីមិនមានករណីឆ្លងជំងឺកូវីដ១៩ ចំនួន៥២ថ្ងៃ យើងក៏បានទទួលការឆ្លងឡើងវិញ តែជាចំនួនតិចតួចទេ ដែលរយៈពេលជាងមួយសប្ដាហ៍នេះ សរុបជាង៥០ករណីប៉ុណ្ណោះ ប៉ុន្ដែពួកគាត់មិនមានរោគសញ្ញាអ្វីឡើយ ដោយសារតែពួកគាត់ ទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គ្រប់គ្រាន់ អ្នកខ្លះក៏ទទួលបានដល់ដូសជំរុញទី៥ ដែលជាមូលហេតុមិនមានករណីធ្ងន់ធ្ងរ សម្រាកពេទ្យនោះទេ»។

លោកស្រីវេជ្ជបណ្ឌិតបានថ្លែងបន្ដថា «នៅពេលដែលយើងរកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មីៗនេះ គាត់បានសុំយើងទៅសម្រាកព្យាបាលនៅផ្ទះ ដោយសារគាត់មិនមានរោគសញ្ញាអ្វី បង្កឱ្យមានហានិភ័យទេ ក្រុមការងារយើងក៏បានអនុញ្ញាត ប៉ុន្ដែយើងក៏នៅតាមដានគាត់ បន្ដជាមួយនឹងអាជ្ញាធរមូលដ្ឋាន ហើយមកទល់នឹងពេលនេះ ពួកគាត់ក៏បានជាសះស្បើយភាគច្រើនផងដែរ»

មន្ដ្រីជាន់ខ្ពស់សុខាភិបាលរូបនេះ បានគូសបញ្ជាក់ថា «ទោះក្នុងលក្ខខណ្ឌណាក៏ដោយ ទាំងកំលុងមិនមានករណីឆ្លងជំងឺកូវីដ១៩ ក៏ពួកយើងនៅតែមិនថយដៃ ក្នុងការឆ្លើយតបនឹងជំងឺកូវីដ១៩ ដោយនៅគ្រប់មន្ទីរពេទ្យទាំងអស់ យើងបានត្រៀមលក្ខណៈជានិច្ច ទំាងថ្នាំពេទ្យ សម្ភារៈបរិក្ខារ និងកន្លែងសង្គ្រោះបន្ទាន់ជាដើម ដោយមិនព្រងើយកន្ដើយ ពិសេសយើងមានការប្រជុំជារៀងរាល់២ដងក្នុងមួយសប្ដាហ៍ តាមប្រព័ន្ធវីដេអូ ជាមួយនឹងមន្ដ្រីដែលធ្វើការគ្រប់គ្រងជំងឺឆ្លងតាមព្រំដែន និងតាមសហគមន៍ ធ្វើម៉េចឱ្យការគ្រប់គ្រង់អ្នកជំងឺនេះគ្រប់ជ្រុងជ្រោយ កុំឱ្យមានករណីផ្ទុះឡើងវិញ»។

លោកស្រី យក់ សម្បត្ដិ បានឱ្យដឹងទៀតថា ដោយសារប្រទេសនៅលើពិភពលោក ជំងឺកូវីដ១៩ប្រភេទអូមីក្រុងប្រភេទថ្មី BA. 4, BA. 5 បានឆ្លងចូលប្រទេសកម្ពុជាដែរ អីចឹងហើយបានជាឃើញការឆ្លងនេះត្រលប់មកវិញ ដោយសារវាឆ្លងជាងប្រភេទអូមីក្រុងប្រភេទ BA.1, BA.2 ដែលទាមទារឱ្យយើងទាំងអស់គ្នា ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់។

ទន្ទឹមនឹងនោះ លោកស្រីវេជ្ជបណ្ឌិត បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅទទួលយកវ៉ាក់សាំងការពារជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា ពិសេសវ៉ាក់សាំងដូសជំរុញ ព្រោះវ៉ាក់សាំងនេះបានជួយយើង ទោះបីជាឆ្លងក៏មិនធ្វើឱ្យយើងធ្លាក់ទៅសភាពធ្ងន់ធ្ងរទេ តែបើយើងប្រហេសបន្ដិច ហើយមិនបានចាក់វ៉ាក់សាំងបង្ការនោះ នឹងមានហានិភ័យ។

ជាមួយគ្នានោះ លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ដែលតែងតែជួយជ្រោមជ្រែង និងសហការជាមួយមន្ដ្រីសុខាភិបាលគ្រប់ជាន់ថ្នាក់ ដើម្បីកៀរគរឱ្យប្រជាពលរដ្ឋ មកទទួលនូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ព្រោះវ៉ាក់សាំងជាយុទ្ធសាស្ដ្រសំខាន់ណាស់ ដើម្បីជួយគ្រប់គ្រងជំងឺកូវីដ១៩៕