(ភ្នំពេញ)៖ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ របស់លោក ម៉ម សូណង់ដូ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ បានប្រកាសគាំទ្រទាំងស្រុង ចំពោះការអនុម័តរបស់រដ្ឋសភា លើសេចក្តីព្រាង វិសោធនកម្ម លើកទី១០ នៃរដ្ឋធម្មនុញ្ញ។

តាមរយៈញត្តិគាំទ្រ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន លោក ម៉ម សូណង់ដូ បានបញ្ជាក់ថា «ខ្ញុំ ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងតាងនាមឲ្យសមាជិក-សមាជិការ ទាំងអស់ ខ្ញុំសូមគាំទ្រទាំងស្រុង ចំពោះច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញដែលរដ្ឋសភាបានអនុម័តជាស្ថាពរ កាលពីព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ កន្លងមកនេះ»

លោក ម៉ម សូណង់ដូ បានជូនពរ និងអមដំណើរច្បាប់ថ្មីនេះ ក្នុងការកែលម្អដំណើរការនៃស្ថាប័នជាតិឲ្យបានរលូន និងមានប្រសិទ្ធិភាពខ្ពស់ក្នុងការដឹកនាំនាវាកម្ពុជា និងទទួលបាននូវជោគជ័យក្នុងគ្រប់វិស័យឲ្យកាន់តែល្អប្រពៃតទៅមុខទៀត។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ធម្ម នុញ្ញស្តីពីការស្នើសុំធ្វើវិសោធនកម្ម មាត្រា១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា ១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា ៣ថ្មី និងមាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានរដ្ឋសភាអនុម័តទាំងស្រុងក្រោមសំឡេង ១០៥ លើ១០៦ ក្នុងសម័យប្រជុំពេញអង្គនាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ៕