(ព្រះវិហារ)៖ ក្រសួងទេសចរណ៍ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះវិហារ បានចុះផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន និងសិក្សាស្វែងយល់ដល់ទីតាំងបម្រើសេវាទេសចរណ៍ក្នងខេត្តព្រះវិហារនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។

លោក ឡោ សុវិជ្ជា អគ្គនាយករងម្នាក់នៅក្រសួងទេសចរណ៍ បានប្រាប់ពីគោលបំណងសំខាន់ នៃបេសកកម្មនោះគឺជាការចុះពង្រឹងប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងការជួញដូរ ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ជាមួយការរស់នៅជាមួយប្រក្រតីភាពថ្មីនៃជំងឺកូវីដ១៩ ប្រកាន់ខ្ជាប់នូវទិសស្លោក «៣កុំ និង៣ការពារ» ប្រឆាំងកូវីដ១៩ ប្រល័យកូរ៉ូណា៣កុំ មួយរាយការណ៍ប្រហារគ្រឿងញៀន។

ឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា កម្មវិធីនេះយើងបានរៀបចំជាលើកទី២ បន្ទាប់ពីខេត្តកំពង់ធំកាលពីថ្ងៃទី៦-៧ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ ហើយក្រសួងទេសចរណ៍ និងអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នឹងរៀបចំគម្រោងផ្សព្វផ្សាយតាមបណ្តាខេត្តទេសចរណ៍នានា ជាបន្តទៀតនៅក្នុងពិធីបុណ្យសមុទ្រ និងបុណ្យទន្លេ សំដៅចូលរួមឱ្យបានខ្លាំងក្លានូវយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧ របស់រាជរដ្ឋាភិបាល ក៏ដូចជាយុទ្ធសាស្រ្តនានារបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន៕