(ភ្នំពេញ)៖ វិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញត្រូវបានសភាពិភាក្សា និងអនុម័តរួចរាល់ហើយនៅក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ។

វិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញ បើទោះបីមានការបញ្ជាក់យ៉ាងពីគោលបំណងបម្រើដល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាយ៉ាងណាក្តី ក៏នៅមានគណបក្សក្រៅរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនសម្តែងការមិនពេញចិត្ត ហើយបានវាយប្រហារលើរាជរដ្ឋាភិបាលកម្ពុជាចំពោះការធ្វើវិសោធនកម្មនេះផងដែរ។

លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ តំណាងឱ្យរាជរដ្ឋាភិបាលក្នុងនាមជាអ្នកការពារលើការធ្វើវិសោធនកម្មនេះ បានឡើងបង្ហាញនូវទឡ្ហីករណ៍ជាច្រើនជុំវិញការធ្វើវិសោធនកម្មនេះលើទិដ្ឋភាពច្បាប់ និងនីតិវិធីផ្សេងៗ។

នៅចំពោះសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, អនុប្រធានរដ្ឋសភាទាំងពីរ ព្រមទាំងសមាជិក សមាជិការដ្ឋសភាសរុប ១០៦រូប លោក កើត រិទ្ធ បានគូសបញ្ជាក់ថា សំណើធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញនេះ គឺធ្វើឡើងយ៉ាងត្រឹមត្រូវស្របតាមគោលការណ៍ និងនីតិវិធីដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ ជាពិសេសធានាបាននូវការគោរពគោលការណ៍គ្រឹះ នៃរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលជារបបដឹកនាំប្រទេសតាមបែបសភានិយម ព្រមទាំងជាការលើកកម្ពស់នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលប្រជាជនកម្ពុជាបង្ហាញឆន្ទៈ និងប្រើសិទ្ធិអំណាចរបស់ខ្លួនតាមរយៈការបោះឆ្នោត ស្របតាមគោលការណ៍ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ព្រមទាំងច្បាប់ និងបទដ្ឋានគតិយុត្តិជាធរមានរបស់ជាតិ។

លោកបានអះអាងទៀតថា «ការធ្វើវិសោធនកម្មលើកទី១០នៃរដ្ឋធម្មនុញ្ញនេះ ក៏ដូចជាការធ្វើវិសោធនកម្ម៩លើកកន្លងទៅ គឺសុទ្ធតែបានធ្វើឡើង ដើម្បីការពារឧត្តមប្រយោជន៍ជាតិ ជាពិសេសបំពេញចន្លោះខ្វះខាតរដ្ឋធម្មនុញ្ញ និងការធានាឱ្យស្ថាប័នរបស់រដ្ឋមានកិច្ចដំណើរការប្រព្រឹត្តទៅដោយរលូន មិនជាប់គាំង និងធានាបាននិរន្តរភាពនៅគ្រប់កាលៈទេសៈទាំងអស់»

ទន្ទឹមនឹងការបង្ហាញវត្ថុបំណង និងភាពស្របច្បាប់នៃការធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញហើយនោះ លោក កើត រិទ្ធ ក៏ឆ្លៀតឆ្លើយបំភ្លឺទៅនឹងញត្តិរបស់គណបក្សនយោបាយក្រៅរាជរដ្ឋាភិបាលចំនួន៤ ដែលបានផ្ញើជូនរដ្ឋសភា ស្នើសុំមិនឱ្យអនុម័តលើវិសោធនកម្មនេះផងដែរ។

ញត្តិរបស់បក្សក្រៅរាជរដ្ឋាភិបាលនេះ បានលើកឡើងថា ការធ្វើវិសោធនកម្មនេះ ប៉ះពាល់ធ្ងន់ធ្ងរដល់របបសភានិយម ដែលបានបន្ថយអំណាចសភាជាតិ រំលងសភាជាតិក្នុងការតែងតាំងនាយករដ្ឋមន្ត្រី ដោយផ្តល់សិទ្ធិអំណាចទៅគណបក្សនយោបាយ ដែលជាស្ថាប័នក្រៅសភាជាតិ ធ្វើសេចក្តីស្នើដោយផ្ទាល់ទូលថ្វាយព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូបជានាយករដ្ឋមន្ត្រី។

លោក កើត រិទ្ធ បានអះអាងថា ការលើករបស់បក្សនយោបាយទាំង៤នេះ ជាការលើកឡើងមិនត្រឹមត្រូវ និងដោយមិនយល់ដឹងច្បាស់លាស់ទាំងលើខ្លឹមសារពិតប្រាកដនៃសំណើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ ទាំងលើប្រព័ន្ធដឹកនាំប្រទេសតាមរបបសភានិយម។

លោក កើត រិទ្ធ បានបំភ្លឺលើចំណុចសំខាន់ៗចំនួនតបនឹងការលើកឡើងរបស់បក្សនយោបាយក្រៅរដ្ឋាភិបាលទាំង៤នេះ។ ចំណុចទាំង៣នេះរួមមាន៖

ចំណុចទី១៖ យោងតាមមាត្រា១១៩ថ្មី (ពីរ) ដែលជាកម្មវត្ថុនៃការស្នើធ្វើវិសោធនកម្មនាពេលនេះ ការតែងតាំងនាយករដ្ឋមន្ត្រី និងការតែងតាំងសមាជិកដទៃទៀតនៃគណៈរដ្ឋមន្ត្រី គឺត្រូវឆ្លងរដ្ឋសភាទាំងអស់ និងមិនមានការរំលងអំណាចរបស់រដ្ឋសភាដូចការលើកឡើងរបស់គណបក្សនយោបាយទាំង៤លើកឡើងនោះឡើយ ព្រោះរដ្ឋសភានៅតែជាស្ថាប័នបង្កើតរាជរដ្ឋាភិបាលដដែលតាមរយៈការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តតាមមតិភាគច្រើនដាច់ខាត នៃសមាជិករដ្ឋសភាទាំងមូល។

ក្នុងន័យនេះវក្យខណ្ឌទី៤, ទី៥ ,ទី៦ នៃមាត្រា១១៩ថ្មី (ពីរ) ចែងយ៉ាងច្បាស់ថា វរជនដែលត្រូវបានចាត់តាំងនេះ នាំសហការីដែលជាតំណាងរាស្ត្រ ឬជាសមាជិកគណបក្សតំណាងនៅក្នុងរដ្ឋសភា ដែលផ្គូផ្គងឱ្យកាន់តំណែងផ្សេងៗក្នុងរាជរដ្ឋាភិបាលទៅសុំសេចក្តីទុកចិត្តពីរដ្ឋសភា។ ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនេះត្រូវធ្វើលើបញ្ជីសមាសភាពនៃគណៈរដ្ឋមន្ត្រីទាំងមូល។ កាលបើរដ្ឋសភាបានបោះឆ្នោតទុកចិត្តហើយនោះ ព្រះមហាក្សត្រទ្រង់ចេញព្រះរាជក្រឹត្យតែងតាំងគណៈរដ្ឋមន្ត្រីទាំងមូល។ ដូច្នេះវិសោធនកម្មលើកទី១០ មិនបានរំលងទាល់តែសោះនូវអំណាចរបស់រដ្ឋសភាក្នុងការបង្កើតរាជរដ្ឋាភិបាលតាមប្រព័ន្ធរបបសភានិយម ហើយការលើកឡើងរបស់គណបក្សទាំង៤ ដែលបានដាក់ញត្តិជូនរដ្ឋសភា គឺជាការលើកឡើងមិនត្រឹមត្រូវ និងមានលក្ខណៈជាការបំភ្លៃខុសពីខ្លឹមសារពិតប្រាកដនៃមាត្រា ១១៩ថ្មី (ពីរ) ដែលជាកម្មវត្ថុនៃការស្នើសុំវិសោធនកម្មនាពេលនេះ។

២៖ ការលើកឡើងថា គណបក្សនយោបាយជាស្ថាប័នក្រៅសភាជាតិ ជាការលើកឡើងមិនយល់ច្បាស់អំពីដំណើរការប្រជាធិបតេយ្យ សេរី ពហុបក្ស និងដំណើរការរដ្ឋសភាតាមប្រព័ន្ធរបបសភានិយម ដែលបាននឹងកំពុងអនុវត្តនៅកម្ពុជានាពេលបច្ចុប្បន្ន។ មាត្រា១១៩ នៃរដ្ឋធម្មនុញ្ញទាំងខ្លឹមសារដើមពីរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ទាំងខ្លឹមសារបច្ចុប្បន្ន ទាំងខ្លឹមសារក្នុងសំណើធ្វើវិសោធនកម្មនាពេលនេះ សុទ្ធតែកំណត់យ៉ាងច្បាស់អំពីការរៀបចំរាជរដ្ឋាភិបាល ដែលត្រូវជ្រើសរើសចេញពីសមាជិកគណបក្សតំណាងក្នុងរដ្ឋសភា ហើយដែលពាក្យថាគណបក្សតំណាងនេះ គឺសំដៅទាំងគណបក្សដែលមានសំឡេងភាគច្រើនក្នុងរដ្ឋសភា ទាំងគណបក្សមានសំឡេងភាគតិចនៅក្នុងរដ្ឋសភា។

ដូច្នេះការលើកឡើងថា គណបក្សនយោបាយដែលជាគណបក្សតំណាងនៅក្នុងរដ្ឋសភា ជាស្ថាប័នក្រៅសភាជាតិ ជាការលើកឡើងដោយមិនត្រឹមត្រូវ និងមិនបានពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយនូវបញ្ញត្តិនៃមាត្រា១១៩នោះទេ។ ប៉ុន្តែប្រសិនបើគណបក្សនយោបាយនោះ មិនជាប់ឆ្នោត និងគ្មានតំណាងនៅក្នុងរដ្ឋសភា គឺគួរគប្បីចាត់ទុកជាគណបក្សនយោបាយក្រៅសភាជាតិដូចការលើកឡើងរបស់គណបក្សទាំង៤ ដែលបានដាក់ញត្តិជូនរដ្ឋសភា។

ម្យ៉ាងទៀតយោងតាមប្រព័ន្ធប្រជាធិបតេយ្យ សេរី ពហុបក្ស និងប្រព័ន្ធបោះឆ្នោតតាមសមាមាត្រ ដែលបាននិងកំពុងអនុវត្តន៍នៅកម្ពុជានាពេលបច្ចុប្បន្ន គណបក្សនយោបាយ គឺទទួលបានការបោះឆ្នោតដោយផ្ទាល់ពីសំណាក់ប្រជាពលរដ្ឋ ដែលជាម្ចាស់អំណាច ដើម្បីគណបក្សនោះមានតំណាងនៅក្នុងរដ្ឋសភា។ ដូចនេះវាជារឿងធម្មតា និងជារឿងត្រឹមត្រូវបំផុតដែលគណបក្សទទួលបានការបោះឆ្នោតគាំទ្រដោយផ្ទាល់ពីសំណាក់ប្រជាពលរដ្ឋដែលជាម្ចាស់អំណាច និងមានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភា ធ្វើការផ្តួចផ្តើម និងរៀបចំសមាសភាពគណៈរដ្ឋមន្ត្រី ដើម្បីឆ្លងការបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តពីរដ្ឋសភាតាមប្រព័ន្ធនៃការដឹកនាំតាមបែបសភានិយម។

៣៖ គណបក្សនយោបាយដែលបានដាក់ញត្តិមកកាន់រដ្ឋសភា និងបានអះអាងថា វិសោធនកម្មលើកទី១០នេះ ប៉ះពាល់ធ្ងន់ធ្ងរដល់របបសភានិយម គប្បីសិក្សាឱ្យបានស៊ីជម្រៅថែមទៀត ដើម្បីយល់ឱ្យបានច្បាស់អំពីរបៀបនៃការបង្កើតរាជរដ្ឋាភិបាលក្នុងប្រព័ន្ធសភានិយម។ ជាពិសេសអាចសិក្សាប្រព័ន្ធនេះពីបណ្តាប្រទេសដែលប្រកាន់យករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលជារបបដឹកនាំប្រទេសតាមរបបសភានិយមដូចកម្ពុជាដែរ។ ដូចជារបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅចក្រភពអង់គ្លេស ឬប្រទេសម៉ាឡេស៊ីជាដើម។

លោក កើត រិទ្ធ បានគូសបញ្ជាក់ជូនថា ប្រព័ន្ធរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញរបស់កម្ពុជា ក៏មិនមានអ្វីប្រាស់ចាកពីគោលការណ៍គ្រឹះណាមួយនៃប្រព័ន្ធរបបសភានិយម។ ជាពិសេសការធានាបាននូវតុល្យភាពអំណាចរវាងរាជរដ្ឋាភិបាល និងរដ្ឋសភា។

លោក កើត រិទ្ធ ក៏បានឆ្លើយតបទៅនឹងការលើករបស់បក្សនយោបាយក្រៅរដ្ឋាភិបាលទាំង៤ ដែលថាការធ្វើវិសោធនកម្មនេះ មិនគោរពគោលការណ៍ជាមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដោយបំបាត់សំឡេងគណបក្សដែលមានអាសនៈក្នុងរដ្ឋសភាដែលព្រមព្រៀងគ្នាបង្កើតរាជរដ្ឋាភិបាលចម្រុះ។

លោកបានគូសបញ្ជាក់ថា ការលើកឡើងនេះ គឺជាការលើកឡើងដោយពុំបានស្វែងយល់ឱ្យបានត្រឹមត្រូវ និងច្បាស់លាស់អំពីខ្លឹមសារពិតប្រាកដនៃការធ្វើវិសោធនកម្មមាត្រា៤ថ្មីនៃច្បាប់ធម្មនុញ្ញបន្ថែម ក៏ដូចជាមាត្រា១១៩ថ្មី (ពីរ) នៃរដ្ឋធម្មនុញ្ញ ដែលត្រូវបានស្នើធ្វើវិសោធនកម្មនាពេលនេះ។ លោកបន្តថា យោងតាមមាត្រា១១៩ថ្មី (ពីរ) នៃរដ្ឋធម្មនុញ្ញ និងមាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម ដែលត្រូវបានស្នើធ្វើវិសោធនកម្មនាពេលនេះ ការរៀបចំបង្កើតរាជរដ្ឋាភិបាលចម្រុះដោយមានគណបក្សនយោបាយច្រើនចូលរួមនៅតែអាចធ្វើបាន ប្រសិនបើស្ថានភាពនយោបាយ និងកាលៈទេសៈតម្រូវឱ្យមានការរៀបចំរាជរដ្ឋាភិបាលចម្រុះ។

មាត្រា ១១៩ថ្មី (ពីរ) ក្នុងវក្យខណ្ឌទី៤ ចែងយ៉ាងច្បាស់ថា វរជនដែលត្រូវបានចាត់តាំងនេះ នាំសហការី ដែលជាតំណាងរាស្ត្រ ឬជាសមាជិកគណបក្សតំណាងនៅក្នុងរដ្ឋសភាដែលផ្គូរផ្គងឱ្យកាន់តំណែងផ្សេងៗក្នុងរាជរដ្ឋាភិបាលទៅសុំសេចក្តីទុកចិត្តពីរដ្ឋសភា។ ដូច្នេះរាជរដ្ឋាភិបាលនឹងអាចមានសមាសភាពចម្រុះពីគណបក្សនានាដែលជាគណបក្សតំណាងនៅក្នុងរាជរដ្ឋាភិបាល ហើយករណីនេះក៏ធ្លាប់ត្រូវបានអនុវត្តន៍ចាប់តាំងពីឆ្នាំ១៩៩៩ មកម្ល៉េះ។

ដូចគ្នាផងដែរ មាត្រា៤ថ្មី (មួយ) នៃច្បាប់ធម្មនុញ្ញបន្ថែមក៏មិនមានបញ្ញត្តិណាមួយហាមឃាត់ការរៀបចំរាជរដ្ឋាភិបាលចម្រុះដូចការលើកឡើងរបស់គណបក្សនយោបាយក្រៅរដ្ឋសភាចំនួន៤ ដែលបានដាក់ញត្តិជូនរដ្ឋសភានាពេលនេះ ពោលអ្វីៗគឺចំណុះឱ្យស្ថានភាពនយោបាយទៅតាមកាលៈទេសៈនីមួយៗ ហើយទាំងមាត្រា១១៩ថ្មី (ពីរ) នៃរដ្ឋធម្មនុញ្ញ ទាំងមាត្រា៤ថ្មី (មួយ) នៃច្បាប់ធម្មនុញ្ញបន្ថែម ពុំមានការហាមឃាត់ណាមួយឡើយលើការបង្កើតរាជរដ្ឋាភិបាលចម្រុះ។

ចំពោះការលើកឡើងថា ការធ្វើវិសោធនកម្មនេះ បន្ថយសិទ្ធិអំណាច និងតួនាទីតំណាងរាស្ត្រដោយសារការបង្កើតចំនួនតំណាងរាស្ត្រក្នុងការធ្វើញត្តិបន្ទោសរាជរដ្ឋាភិបាល ពី៣០រូប ទៅ ១ភាគ៣ នៃសមាជិករដ្ឋសភាទាំងមូលវិញ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា ការលើកឡើងនេះ ជាការលើកឡើងតែមួយជ្រុង និងពុំមានហេតុផលត្រឹមត្រូវនោះឡើយ។ លោកបន្តថា ការធ្វើវិសោធនកម្មមាត្រា៩៨ថ្មីនេះ ដោយកំណត់ចំនួន ១ភាគ៣ នៃចំនួនសមាជិកសភាទាំងមូល ដើម្បីធ្វើញត្តិបន្ទោស គឺធ្វើឡើងសម្តៅធានាឱ្យបាននូវសង្គត្តភាព និងភាពរលូនជាមួយបទបញ្ញត្តិផ្សេងទៀត ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ដូចជាមាត្រា៨៣ ទាក់ទងការកោះប្រជុំរដ្ឋសភាជាវិសាមញ្ញជាដើម។

ម្យ៉ាងទៀតការផ្តួចផ្តើមធ្វើញត្តិបន្ទោស គឺជាកិច្ចការដ៏សំខាន់របស់រដ្ឋសភាក្នុងប្រព័ន្ធដឹកនាំប្រទេសតាមរបបសភានិយម។ ដូច្នេះការស្នើឱ្យដំណើរការរបៀបវារៈដ៏សំខាន់ទាក់ទងនឹងការអនុម័តញត្តិបន្ទោស ដើម្បីទម្លាក់សមាជិករាជរដ្ឋាភិបាល ឬទម្លាក់រាជរដ្ឋាភិបាលទាំងមូល គប្បីត្រូវអនុវត្តន៍ប្រកបដោយភាពម៉ឹងម៉ាត់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ទន្ទឹមនេះការធ្វើវិសោធនកម្មកែសម្រួលមាត្រា៩៨ថ្មីនេះ ក៏មិនបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិអំណាចរបស់រដ្ឋសភា ពោលគឺរដ្ឋសភានៅតែមានសិទ្ធិអំណាចពេញលេច ដើម្បីទម្លាក់សមាជិករាជរដ្ឋាភិបាល ឬទម្លាក់រាជរដ្ឋាភិបាលទាំងមូលតាមសំឡេងភាគច្រើនដាច់ខាតនៃសមាជិករដ្ឋសភាទាំងមូល។

លោក កើត រិទ្ធ បានគូសបញ្ជាក់យ៉ាងដូច្នេះ «ជារួមការធ្វើវិសោធនកម្មលើកទី១០នៃរដ្ឋធម្មនុញ្ញនាពេលនេះ ក៏មិនបានបន្ថយនូវសិទ្ធិអំណាច និងតួនាទីរបស់តំណាងរាស្ត្រក្នុងប្រព័ន្ធរបបសភានិយមនោះឡើយ ហើយគោលការណ៍នៃតុល្យភាពអំណាចដែលមានចែងកំណត់ក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ រហូតមកទល់ពេលបច្ចុប្បន្ននេះ ក៏មិនមានការប៉ះពាល់នោះដែរ។ ជាអាទិ៍ទី១៖ សិទ្ធិអំណាចរបស់តំណាងរាស្ត្រក្នុងការដាក់សំណួរ ឬអញ្ជើញសមាជិករាជរដ្ឋាភិបាលមកបំភ្លឺរដ្ឋសភាតាមមាត្រ៩៦ និងមាត្រា៩៨ថ្មី, ទី២៖ សិទ្ធិអំណាចរបស់គណៈកម្មការទាំងឡាយរបស់រដ្ឋសភា ក្នុងការអញ្ជើញរដ្ឋមន្ត្រីមកបំភ្លឺអំពីបញ្ហាអ្វីមួយដែលពាក់ព័ន្ធវិស័យទទួលខុសត្រូវរបស់ខ្លួន តាមមាត្រា៩៧, ទី៣៖ សិទ្ធិអំណាចរបស់តំណាងរាស្ត្រ និងរបស់រដ្ឋសភា ក្នុងការអនុម័តញត្តិបន្ទោសទម្លាក់រាជរដ្ឋាភិបាលតាមមតិភាគច្រើនដាច់ខាតនៃសមាជិករដ្ឋសភាទាំងមូលតាមមាត្រា៩៨ថ្មី (មួយ)ជាដើម។ ទាំងនេះ ដោយមិនទាន់បានគិតពីសិទ្ធិអំណាចផ្សេងទៀតដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដោយរួមទាំងសិទ្ធិអំណាចក្នុងការអនុម័តច្បាប់ទាំងឡាយសម្រាប់ការគ្រប់គ្រងប្រទេសជាតិឡើយ»

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបន្ថែមថា ជារួមការធ្វើវិសោធនកម្មលើកទី១០នៃរដ្ឋធម្មនុញ្ញនាពេលនេះ ក៏មិនខុសពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន៩លើកកន្លងមក គឺសុទ្ធតែធ្វើឡើងក្នុងគោលបំណងដើម្បីបំពេញចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញ និងដើម្បីធានាការពារឧត្តមប្រយោជន៍របស់ជាតិ។ ជាពិសេសការធ្វើឱ្យស្ថាប័ន្ថសំខាន់ៗរបស់រដ្ឋមានកិច្ចដំណើរការទៅដោយរលូន មិនជាប់គាំង ធានាបាននូវនិរន្តរភាពនៅគ្រប់កាលៈទេសៈ ដើម្បីបំពេញបេសកកម្មជូនជាតិ និងមាតុភូមិតាមការកំណត់របស់រដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ មិនតែប៉ុណ្ណោះរាល់ការធ្វើវិសោធនកម្មម្តងៗ គឺតែងបានអនុវត្តន៍យ៉ាងត្រឹមត្រូវទៅតាមនីតិវិធីដែលមានចែងកំណត់ក្នុងរដ្ឋធម្មនុញ្ញ ជាពិសេសការធានាបាននូវការគោរពគោលការណ៍គ្រឹះនៅក្នុងរដ្ឋធម្មនុញ្ញ គឺរបបប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។

លោក កើត រិទ្ធ បានលើកឡើងថា ការប្រកាសមិនគាំទ្ររបស់គណបក្សនយោបាយក្រៅរដ្ឋសភាទាំង៤នេះ ចំពោះវិសោធនកម្មនៃរដ្ឋធម្មនុញ្ញនាពេលនេះ គឺជារឿងធម្មតា ហើយវាជាទម្លាប់របស់គណបក្សដែលមានជំហរនយោបាយមិនស្របជាមួយរាជរដ្ឋាភិបាល។ ប៉ុន្តែអ្វីដែលជាកត់សម្គាល់ដ៏សំខាន់នៅក្នុងដំណើរការនៃការធ្វើវិសោធនកម្មលើកទី១០នេះ គឺនៅត្រង់ចំណុចថា ការធ្វើវិសោធនកម្មនេះមានគោលបំណងដ៏សំខាន់ដើម្បីធានាឱ្យស្ថាប័នជាតិ ជាពិសេសរាជរដ្ឋាភិបាលមានដំណើរការប្រព្រឹត្តទៅដោយរលូន មិនមានការជាប់គាំង និងធានាបាននិរន្តរភាពនៅគ្រប់កាលៈទេសៈ។

លោករដ្ឋមន្ត្រីលើកបង្ហាញឡើងទៀត ការធានាបាននូវភាពមិនជាប់គាំងគ្រប់កាលៈទេសៈសម្រាប់ការបង្កើតរាជរដ្ឋាភិបាល និងការធានាឱ្យរាជរដ្ឋាភិបាលអាចមានដំណើរការប្រព្រឹត្តទៅដោយរលូន និងប្រកបដោយនិរន្តរភាព គឺជាតម្រូវការរបស់ប្រទេសជាតិ និងជាបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា ហើយចំណុចសំខាន់ទាំងនេះត្រូវតែមានកំណត់ និងត្រូវតែធានាក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ។ ម្យ៉ាងទៀត បទពិសោធន៍ដែលកម្ពុជាធ្លាប់បានឆ្លងកាត់នាពេលកន្លងមក នៅពេលមានការជាប់គាំងខាងនយោបាយ ឬអស្ថិរភាពនយោបាយ គឺប្រទេសជាតិ និងប្រជាជនកម្ពុជា គឺជាអ្នកខាតបង់ និងរងផលប៉ះពាល់ ហើយប្រជាជនកម្ពុជា ក៏ពុំចង់ឃើញស្ថានភាពបែបនេះកើតឡើងជាថ្មីច្រំដែលៗ។

ប៉ុន្តែផ្ទុយទៅវិញការជាប់គាំងខាងនយោបាយ គឺជាអ្វីដែលគណបក្សមួយចំនួនដែលមានជំហរមិនស្របនឹងរាជរដ្ឋាភិបាល ចង់បានបំផុត ព្រោះនោះគឺជាឧត្តមប្រយោជន៍របស់គណបក្សរបស់ខ្លួន ហើយគេតែងតែរិះរកគ្រប់វិធី គ្រប់បែបយ៉ាងដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ឬឆ្លៀតឱកាសពីចន្លោះប្រហោងនៃរដ្ឋធម្មនុញ្ញ ដើម្បីបង្កជាឧបសគ្គធ្វើឱ្យស្ថាប័នជាតិជាប់គាំង ឬបង្កជាការរំខាននានាដល់កិច្ចដំណើរការនៃស្ថាប័នជាតិសម្តៅតថ្លៃខាងនយោបាយសម្រាប់ផលប្រយោជន៍របស់គណបក្សខ្លួនតែប៉ុណ្ណោះ។ ដូច្នេះការរបស់គណបក្សទាំង៤ ដែលថា មិនគាំទ្រការធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញ វាគឺជារឿងធម្មតា ប៉ុន្តែពុំមែនផ្អែកលើហេតុផលដើម្បីការពាររបបសភានិយម ឬរបបប្រជាធិបតេយ្យ សេរី ពហុបក្ស អ្វីនោះទេ។ ប៉ុន្តែគ្រាន់តែដើម្បីចង់ការពារនូវផលប្រយោជន៍ខាងនយោបាយរបស់ខ្លួនជាយថាហេតុនាពេលខាងមុខតែប៉ុណ្ណោះ៕