(ភ្នំពេញ)៖ កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននិងកំពុងចាត់ការលើករណីមេការហាងខារ៉ាអូខេ DM នៅខណ្ឌទួលគោក បានចាប់រំលោភយុវតីម្នាក់អាយុ១៥ឆ្នាំ បានសម្រេច កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២។

ការបញ្ជាក់ពីចំណាត់ការរបស់សមត្ថកិច្ចជំនាញនេះ ដើម្បីឆ្លើយតបជាមួយបណ្តាញសង្គមមួយចំនួន ដែលចោទថា សមត្ថកិច្ចមិនយកចិត្តទុកដាក់ និងចាត់ការដោះស្រាយករណីមួយនេះ។

លោក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សមត្ថកិច្ចកំពុងចាត់ការករណីក្មេងស្រីរងគ្រោះ ត្រូវបានបុរសជាមេការខារ៉ាអូខេ DM នៅខណ្ឌទួលគោក ចាប់រំលោភកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។

លោកថា ក្រោយកើតហេតុ ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានទទួលពាក្យបណ្តឹងពីឈ្មោះ ន ស ព អាយុ១៥ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេ ឌីអឹម ដោយបានប្តឹងឈ្មោះ អ៊ូ ហុង អាយុ ៥៧ឆ្នាំ មុខរបរ មេការខារ៉ាអូខេ ឌីអឹម ករណីរំលោភសេពសន្ថវៈ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២។

បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចប៉ុស្តិ៍ គរបាលរដ្ឋបាលផ្សារដេប៉ូ៣ បានបញ្ជូនសំណុំរឿងមកការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីអនុវត្តបន្ត ដោយសមត្ថកិច្ចជំនាញចុះធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ។ ជាលទ្ធផលបានឲ្យដឹងថា ជនសង្ស័យខាងលើកំពុងរត់គេចខ្លួន។

បច្ចុប្បន្នការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកំពុងស្វែងរកជនសង្ស័យ និងបានកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕