(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ បានជំរុញឲ្យភ្នាក់ងារសន្ដិសុខឯកជន ដែលទទួលបានការបណ្ដុះបណ្ដាលជំនាញពីនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ទៅប្រើប្រាស់ឲ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមថែរក្សាសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ។

ក្នុងឱកាសអញ្ជើញបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៣៩ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី ក៏បានណែនាំ និងអំពាវនាវដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ត្រូវបង្កើត និងពង្រឹងកិច្ចសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន នៅតាមបណ្ដាគោលដៅដែលខ្លួនឈរជើង ខណៈភ្នាក់ងារសន្ដិសុខឯកជននេះ គឺជាកម្លាំងជំនួយដ៏សំខាន់ដល់មន្ដ្រីនគរបាល។

លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានអះអាងថា នៅបានឃើញ ឬសង្ស័យលើសកម្មភាពល្មើសច្បាប់ណាមួយ មិនថាស្ថិតនៅក្នុងទីតាំងខ្លួនឈរជើង ឬទីណានោះទេ ភ្នាក់ងារសន្ដិសុខឯកជន ត្រូវរាយការណ៍ភ្លាមដល់អាជ្ញាធរ មានសមត្ថកិច្ច ឬមកនាយកដ្ឋានផ្ទាល់តាមរយៈលេខទូរស័ព្ទ ឬមធ្យោបាយផ្សេងៗ ដើម្បីរួមគ្នាបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសបានទាន់ពេលវេលា។

អគ្គស្នងការរងនគរបាលជាតិរូបនេះ បានបន្ថែមថា ភ្នាក់ងារសន្តិសុខឯកជន មិនមែនត្រឹមតែបម្រើការងារដល់ក្រុមហ៊ុន ឬគ្រឹះស្ថាននានាតែប៉ុណ្ណោះទេ គឺមានតួនាទីយ៉ាងសំខាន់ក្នុងការ
ចូលរួមថែរក្សាសន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសការពារទ្រព្យសម្បត្តិ និងអាយុជីវិតដល់ប្រជាពលរដ្ឋផងដែរ។ ភ្នាក់ងារសន្ដិសុខឯកជន ក៏ត្រូវបន្ដចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាព។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី ក៏បានណែនាំដល់ភ្នាក់ងារសន្តិសុខឯកជន ត្រូវមានឥរិយាបថសមរម្យក្នុងការចូលរួមធ្វើការងារ ដោយប្រកាន់យកអ្វីដែលជាការត្រឹមត្រូវក្រោយទទួលការបណ្តុះបណ្តាល គោរពឲ្យបាននូវលក្ខណៈសម្បត្តិជាភ្នាក់ងារសន្តិសុខឯកជន ពោលត្រូវមានវិន័យ, ក្រមសីលធម៌,ប្ រើប្រាស់ឯកសណ្ឋានសន្តិសុខឯកជន
និងសម្ភារៈបំពាក់ឲ្យបានគ្រប់គ្រាន់។

បន្ថែមពីនេះ លោកក៏បានស្នើដល់នាយកដ្ឋានបន្តយកចិត្តទុកដាក់ និងជំរុញឲ្យមានវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន ជាបន្តបន្ទាប់ទៀត ខណៈនាយកក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងគ្រឹះស្ថាននានា ក៏ត្រូវបន្តចូលរួមគាំទ្រវគ្គបណ្តុះបណ្តាល ដោយបញ្ជូនភ្នាក់ងារសន្តិសុខ ឯកជនមកចូលរួមវគ្គសិក្សា។ ដោយឡែក សិក្ខាកាមទាំងអស់ត្រូវយកចំណេះដឹងដែលទទួលបានពីការសិក្សានេះទៅអនុវត្ត និងបន្តពង្រីកចំណេះដឹង ភាពឆ្លាតវៃ ភាពឆ្នៃប្រឌិត និងមានភាពទទួលខុសត្រូវខ្ពស់ក្នុងការបំពេញតួនាទីរបស់ខ្លួន។

ក្នុងពិធីនេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានឲ្យដឹងថា រហូតដល់បច្ចុប្បន្ននេះ ការបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន បានចំនួន៣៩លើក មាននាយ-នាយរងនគរបាលជាតិ នៃនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត សរុបចំនួន ១៤៥នាក់ (ស្រី៩នាក់) និងសិក្ខាកាមសរុបចំនួន ៦,៩៣៥នាក់ (ស្រី១៦១នាក់)។

លោកប្រធាននាយកដ្ឋានបានបន្ដថា កិច្ចការបើកវគ្គបំប៉នជំនាញនេះក្នុងគោលបំណងដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការបង្កើនសមត្ថភាព ដើម្បីក្លាយខ្លួនជាភ្នាក់ងារសន្តិសុខឯកជនដែលមានជំនាញ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការចូលរួមចំណែកក្នុងសកម្មភាពថែរក្សា និងការពារស្ថេរភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឲ្យបានល្អប្រសើរ។

លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានកត់សម្គាល់ថា ភ្នាក់ងារសន្តិសុខ ដែលបានឆ្លងវគ្គបំប៉នជំនាញនេះ ធ្វើអោយមានវិជ្ជាជីវៈច្បាស់លាស់ មានក្រមសីលធម៌ល្អ អប្បកិរិយាល្អ មានកិច្ចសហការល្អ និងចេះដឹងផ្នែកច្បាប់មួយចំនួន ធ្វើឲ្យវិស័យសន្តិសុខឯកជននេះមានការគាំពារ ប្រកបដោយគុណភាព និងនិរន្តភាព ប៉ុន្តែនៅមានភ្នាក់ងារសន្តិសុខឯកជន ជាច្រើន ដែលបានធ្វើសកម្មភាពផ្ទុយទៅនឹងច្បាប់ ធ្វើឲ្យមានភាពចន្លោះប្រហោងនូវការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងមានការជាប់ពាក់ព័ន្ធទៅនឹងបទល្មើស គឺសំដៅទៅលើការចាប់បង្ខាំងមនុស្ស ឬបង្ខាំងជនល្មើសដែលបានប្រព្រឹត្តបទល្មើស ហើយរក្សាទុករយៈពេលយូរហើយមិនបានរាយការណ៍ ឬមិនសហការជាមួយសមត្ថកិច្ចនោះទេ។

លោកក៏បានសំណូមពរ ដល់ភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ត្រូវរាយការណ៍អំពីសភាពការណ៍ ឬបទល្មើស ដែលបានកើតឡើងនូវតាមបណ្តាគោលដៅរបស់ខ្លួន ទៅដល់សមត្ថកិច្ច មូលដ្ឋាន ឬសមត្ថកិច្ចជំនាញ ដើម្បីរួមគ្នាបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើស៕