(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ នាល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ បានជួបលោក ផាម ហ្វាងហៀប អនុរដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងខេត្តក្រចេះ នៃកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម នៅសាលាខេត្តក្រចេះ ។

លើកឡើងនាឱកាសនោះ លោក វ៉ា ថន បានសម្តែងការស្វាគមន៍ចំពោះវត្តមាន លោក ផាម ហ្វាងហៀប ដែលបានដឹកនាំក្រុមការងារមកជួបពិភាក្សាការងារ និងបានសង្ខេបអំពីលក្ខណៈភូមិសាស្ត្រប្រជាសាស្ត្រការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងខេត្តក្រចេះ និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយក្នុងនោះខេត្តក្រចេះមានច្រកទ្វារព្រំដែនចំនួន០៣ គឺច្រកទ្វារព្រំដែនទ្វេភាគី(ជ័យឃ្លាំង-ទិនទៀង) ច្រកទ្វារព្រំដែនទ្វេភាគី (អូរលាវ-ជ្រាវ) និងច្រកទ្វារព្រំដែនអន្តរជាតិ (ត្រពាំងស្រែ-វ៉ាលឺ) ។

លោក វ៉ា ថន បានបន្ថែមទៀតថា មកដល់ពេលនេះខេត្តក្រចេះ មានក្រុមហ៊ុនវៀតណាមមកវិនិយោគដីសម្បទានសេដ្ឋកិច្ចលើដំណាំកសិ-ឧស្សាហកម្មចំនួន ១៦ក្រុមហ៊ុន ក្នុងនោះមានបុគ្គលិកវៀតណាម ចំនួន ៥៣៣នាក់ បុគ្គលិកជាជនជាតិខ្មែរចំនួន ៤៤០នាក់ និងកម្មករខ្មែរ ៣ ៧១៩នាក់ ។ ទន្ទឹមនេះក្នុងវិស័យរ៉ែមានក្រុមហ៊ុនវៀតណាមវិនិយោគលើវិស័យថ្មអាក្រានីតចំនួន ០១ក្រុមហ៊ុនផងដែរ។

លោកអភិបាលខេត្តបន្តថា ដោយផ្អែកលើចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ខេត្តក្រចេះ ខេត្តប៊ិញយឿង និងខេត្តប៊ិញភឿក សម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់ ក្នុងនោះបានបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន អាជីវករ ពាណិជ្ជករ បណ្ដាវិនិយោគិនឆ្លងកាត់ ក្នុងការទិញ លក់ដូរទំនិញ និងការសម្របសម្រួលសួរសុខទុក្ខញាតិមិត្ត និងចេញចូលព្យាបាលជម្ងឺ និងការងាររុករកគាស់លើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលីជីវិតកាលសម័យសង្គ្រាមក្នុងភូមិសាស្ត្រខេត្តក្រចេះ ។

លោក ផាម ហ្វាងហៀប ក៏កោតសរសើរខេត្តក្រចេះ ជាទឹកដីដ៏ស្រស់ស្អាត និងជាទឹកដីអំណោយផលលើផ្នែកកសិកម្មដោយប្រជាពលរដ្ឋបានបង្ករបង្កើន​ផលបានច្រើនពេញផ្ទៃដី និងបានផលល្អមានការនាំចេញទៅក្រៅ ហើយខេត្តក្រចេះបានសម្រេចបញ្ចប់ការឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ កន្លងមក ប្រកបដោយសុវត្ថិភាព តម្លាភាព ជោគជ័យ ហើយអ្វីគួរឲ្យគត់សម្គាល់នោះ គឺខេត្តក្រចេះបានគ្រប់គ្រងស្ថានភាពជម្ងឺកូវីដ ដោយប្រើប្រាស់យុទ្ធសាស្រ្តស្រោចវ៉ាក់សាំងជម្ងឺកូវីដបានជោគជ័យ និងមានប្រសិទ្ធភាពដោយការចូលរួមរបស់ប្រជាពលរដ្ឋ ។

លោក ផាម ហ្វាងហៀប បានបន្តថា ប្រទេសទាំង២ គឺជាចំណងមិត្តភាព និងជាបង្គោលគ្រឹះដ៏រឹងមាំក្នុងការកសាង និងអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច រវាងព្រំដែនខេត្តទាំង២ឲ្យបន្តឆ្ពោះទៅរកភាពជោគជ័យ ទាំងបច្ចុប្បន្ននិងថ្ងៃអនាគត ។

សូមបញ្ជាក់ដែរថា នៅក្នុងជំនួបនេះប្រតិភូខេត្តទាំង២បានធ្វើឯកភាពព្រមព្រៀងគ្នាទៅលើសុំស្នើររវាងភាគីទាំង២ ដើម្បីបន្តជម្រុញសាមគ្គីភាពលើកិច្ចសហប្រតិបត្តការណ៍ច្រកព្រំដែនទាំង២ ដើម្បីបង្ករលក្ខណ:ងាយស្រួលដល់ក្រុមហ៊ុនវិនិយោគ និងប្រជាពលរដ្ឋដែលជាកម្មករ ពលករប្រទេសទាំង២ ទទួលបានការធ្វើ សំដៅលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅតាមបន្ទាត់ព្រំដែនផងដែរ៕