(ត្បូងឃ្មុំ)៖ លោក លី តាំងហ៊ុយ អាយុ៣១ឆ្នាំ មានទីលំនៅភូមិចុងកៅស៊ូ ឃុំស្លក្រាម ស្រុកសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ បានចូលខ្លួនមកសារភាព នូវទោសកំហុសរបស់ខ្លួនជាសាធារណៈ នៅចំពោះមុខមន្ត្រីគយ ការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ថា ខ្លួនពិតជាបានផ្តល់ព័ត៌មានខុសការពិតទៅប៉ុស្តិ៍វិទ្យុ ABC ដោយឱ្យផ្សព្វផ្សាយជាសាធារណៈថា គយតំបន់៦ ទារប្រាក់ផាកក្បាលឡានរបស់ខ្លួនចំនួន៦លានរៀល ពីករណីរថយន្តរបស់ខ្លួនដឹកអេតចាយ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១០៖៣០នាទី មន្ត្រីគយការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធតំបន់ ៦ បានធ្វើការចាប់ឃាត់រថយន្តមួយគ្រឿង ម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ផ្លាកលេខ ភ្នំពេញ 2AB:5361 លួចដឹកទំនិញនាំចូល មកពីប្រទេសវៀតណាម តាមច្រករបៀងក្នុងខេត្តត្បូងឃ្មុំ បើគិតជាប្រាក់ពន្ធ និងពិន័យស្មើនឹងជាង១០លានរៀល។ លុះវេលាម៉ោង១៧៖៣៤នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ក៏ឮប៉ុស្តិ៍វិទ្យុ ABC ផ្សព្វផ្សាយព័ត៌មានដូចដែលបានរៀបរាប់ខាងលើ។

ករណីផ្សព្វផ្សាយនេះខុសពីការពិត ដែលធ្វើឱ្យខូចកិត្តិយសដល់អង្គភាពគយ យ៉ាងធ្ងន់ធ្ងរទើប មន្ត្រីគយកោះហៅម្ចាស់ចូលខ្លួនមកស្រាយបំភ្លឺ។ ក្រោយពីម្ចាស់រថយន្តបានចូលខ្លួនសារភាព និងសុំទោសជាសាធារណៈ មន្ត្រីគយបានអនុញ្ញាតឱ្យម្ចាស់វិលត្រឡប់ទៅផ្ទះវិញ ដោយឡែក រថយន្ត និងទំនិញល្មើសច្បាប់គយ ត្រូវថែរក្សាទុកជាបណ្តោះអាសន្ន រង់ចាំអនុវត្តទៅតាមនីតិវិធីច្បាប់៕