(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាប់បញ្ជូនជន សង្ស័យចំនួន០២នាក់ ទៅតុលាការដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង០២នាក់មានឈ្មោះ៖

១៖ ឈ្មោះ សូ តុលា ហៅខ្លា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើត រាជធានីភ្នំពេញ ទីលំនៅបច្ចុប្បន្ន ភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ
២៖ ឈ្មោះ ថា សុធារិទ្ធិ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ស្រុកកំណើត រាជធានីភ្នំពេញ ទីលំនៅបច្ចុប្បន្ន ភូមិកាកាប សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ទាំង០២នាក់នេះត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថ ខណ្ឌសែនសុខឃាត់ខ្លួន ខណៈដែលពួកគេធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ០១គ្រឿង ម៉ាក IPhone 8 ពណ៌មាស កាលពីវេលាម៉ោង១០៖៣០នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង០២នាក់ខាងលើ បានសារភាពឲ្យដឹងដូចគ្នាថា ពួកគេបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះ ពិតប្រាកដមែន ហើយពួកគេក៏ធ្លាប់ធ្វើសកម្មភាពឆក់ ទ្រព្យសម្បត្តិ មានតម្លៃពីប្រជាពលរដ្ឋជាច្រើនលើក ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញផងដែរ៕