(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) លើកទី៥៥ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានចូលរួមពីមេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងសមាជិកអាវុធហត្ថជាច្រើនរូបទៀត។

លើកឡើងនាឱកាសនោះលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានណែនាំដល់នាយ នាយរងអាវុធហត្ថ ត្រូវបង្កើនការយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ក្នុងកិច្ចការពារ សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ឲ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់គណៈប្រតិភូរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលអញ្ជើញចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធដែលនឹងប្រព្រឹត្តិទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ នាពេលខាងមុខនេះ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានក្រើនរំលឹកជាថ្មីទៀតដល់សមាជិកក្រោមឱវាទទាំងអស់បន្តចូលរួមបង្កា ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប្រភេទអូមី ក្រុងបំប្លែងថ្មី ដែលកំពុងកើតមានឡើង គឺឆ្លងលឿន ឆ្លងរហ័ស និងទាមទារឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ដោយបន្តអនុវត្តនូវវិធានការ «៣កុំ ៣ការពារ» របស់ប្រមុខរាជ រដ្ឋាភិបាល ក៏ដូចជា ការណែនាំរបស់ក្រសួងសុខាភិបាល គ្រប់ពេលវេលា និងគ្រប់ទីកន្លែងផងដែរ៕