(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា បើពោលអំពីវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ ដែលរដ្ឋសភាដ៏ឧដុង្គឧត្ដមនៃយើង បានជជែកវែកញែកនិងអនុម័តរួចរាល់ នៅក្នុងកិច្ចប្រជុំនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ ហើយដែលខេមរជនទាំងក្នុងនិងក្រៅប្រទេស មានសេចក្ដីអំណរសាទរយ៉ាងសប្បាយរីករាយគឺជាការបិទបញ្ចប់ទំព័រប្រវត្ដិសាស្រ្ដមេដឹកនំា ដែលមានគំនិតជាតិនិយមក្លែងក្លាយ ក្នុងការបំរើជាតិ មាតុភូមិ និងប្រជាជន។

ពីព្រោះបើពោលអំពីវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ ពិសេសមាត្រា១១៩ថ្មី (មួយ) បានចង្អុលបង្ហាញយ៉ាងច្បាស់ថា «... វរជនដែលនឹងត្រូវទទួលបានការចាត់តាំងជានាយករដ្ឋមន្រ្ដី ត្រូវតែជាតំណាងរាស្រ្ដដែលមានសញ្ជាតិខ្មែរតែមួយគត់» គឺសំដៅដល់ការធានាបាននូវនិរន្តភាពស្ថាប័នជាតិនិងទំនើបកម្មនៃរដ្ឋធម្មនុញ្ញឲ្យទាន់សភាពការណ៍បត់បែននិងស្មុគស្មាញនៃភូមិសាស្រ្ដនយោបាយពិភពលោកថ្មី ដើម្បីការពារឧត្តមប្រយោជន៍ជាតិ។

ទន្ទឹមនឹងនេះចំពោះមតិខ្លះដែលបានបញ្ចេញនូវវោហាសាស្រ្ដក្ដែងៗថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះជាការធ្វើរដ្ឋប្រហារ ឬយ៉ាងណាយ៉ាងណីសព្វបែបយ៉ាងនោះ។ លោក រត្ន័ សណ្ដាប់ ក៏បានទាត់ចោលទាំងស្រុងនូវវោហាសាស្រ្ដទាំងនោះថាសុទ្ធតែជាវោហាសាស្ត្រដោយពុំបានស្វែងយល់និងឈរលើស្មារតីនៃរដ្ឋធម្មនុញ្ញនោះទេ ហើយក៏ជាវោហាសាស្រ្ដបម្រើឲ្យភូមិសាស្រ្ដនយោបាយបរទេសតែប៉ុណ្ណោះ។ ព្រោះការធ្វើវិសោធនកម្មនេះ បានស្របតាមនីតិវិធីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដោយធានាបាននូវការគោរពគោលការណ៍គ្រឹះនៅក្នុងរដ្ឋធម្មនុញ្ញ គឺរបបប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។

ហេតុនេះចំពោះការធ្វើវិសោធនកម្មនេះ ពិតជាមានភាពចាំបាច់និងចម្បងបំផុត ដើម្បីឲ្យស្ថាប័នរបស់ជាតិមានកិច្ចដំណើរការទៅដោយរលូន ធានាបាននូវនិរន្តភាពនៅគ្រប់កាលៈទេសៈដើម្បីឧត្ដមប្រយោជន៍ជាតិនៃយើង។

លោក រត្ន័ សណ្ដាប់ បន្តថា មួយវិញទៀត បើពោលអំពីការធ្វើវិសោធនកម្មនេះទៀតសោត ក៏បានឆ្លុះបញ្ចាំងទៅលើគុណតម្លៃរបស់វរជន ដែលមានទស្សនជាតិនិយមពិតប្រាកដផង និងឆ្លុះបញ្ចាំងទៅលើបុគ្គលដែលមានទស្សនជាតិនិយមក្លែងក្លាយផង។

*អំពីគុណតម្លៃវរជនដែលមានទស្សនជាតិនិយមពិតប្រាកដគឺ៖

ទី១៖ បានសាទរការធ្វើវិសោធនកម្មនេះជាមួយនិងប្រជាជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេស ដើម្បីជាមរតកជាតិតរៀងទៅ ក្នុងការធ្វើឲ្យស្ថាប័នកំពូលរបស់ជាតិ មានដំណើរការរលូនបម្រើជាតិ មាតុភូមិដ៏ស្រស់បវរនៃយើង។

ទី២៖ ការសាទរនេះ ដើម្បីរក្សាការការពារបាននូវសន្ដិភាព ស្ថិរភាពសង្គម និងនយោបាយគ្រប់កាល:ទេស:ទាំងអស់ ទោះជាឋិតនៅក្នងកាល:ទេស:ណាក៏ដោយ រួមបញ្ចូលទាំងការប្រែប្រួលនៃភូមិសាស្ត្រនយោបាយថ្មីរបស់ពិភពលោកក៏ដោយ។ គុណតម្លៃទាំងនេះ បានញាំងឲ្យខ្មែរជាដែនដីនីតិរដ្ឋ ប្រជាធិបតេយ្យ សេរីពហុបក្ស ប្រព័ន្ធទីផ្សារសេរីព្រមទាំងថែរក្សាបានវប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ជាតិយើងទាំងបច្ចុប្បន្ននិងទៅអនាគត។

*អំពីបុគ្គលដែលមានទស្សនជាតិនិយមក្លែងក្លាយគឺ៖

ទី១៖ បុគ្គលដែលមាននិន្នាការប្រឆាំងនិងសង្គមជាតិខ្លួនឯងមួយចំនួនតូច គឺមិនពេញចិត្ដចំពោះការធ្វើវិសោធនកម្មរដ្ខធម្មនុញ្ញនេះទេ ព្រោះបុគ្គលទាំងនោះបានបាត់បង់ឳកាសបិទបាំងល្បិចកលដ៏ខ្មៅកខ្វក់បម្រើបរទេស តួយ៉ាងដូចជា សម រង្ស៊ី ដែលបានចុះកិច្ចព្រមព្រាងដោយខុសច្បាប់កាត់ខេត្ដ៤នៅភាគឥសាន្ដនៃប្រទេសកម្ពុជាគឺខេត្ដរតនគីរី មណ្ឌលគីរី ក្រចេះ និងស្ទឹងត្រែងជាមួយ កុក ស ជាជនជាតិភាគតិចយួនម៉ុងតាញ៉ា ជាដើម។

ទី២៖ បុគ្គលមាននិន្នាការប្រឆាំងទាំងនេះ ដេកមិនលក់ បក់មិនល្ហើយ ដោយឃើញស្រុកទេសរស់ក្នុងសុខសន្ដិភាព និងភាពក្សេមក្សាន្ដ ដែលជាហេតុធ្វើឲ្យពួកគេបាត់បង់ឱកាសដណ្ដើមអំណាចសំរាប់ខ្លួន្ និងបក្ខពួកខ្លួន។

បុគ្គលដែលមានទស្សនជាតិនិយមក្លែងក្លាយទាំងនេះគឺពួកគេតែងតែចិញ្ជឹមចិត្ដ បំពុលសង្គម បង្កភាពរាំងស្ទះ និងរុញច្រានស្រុកទេសឲ្យធ្លាក់ក្នុងសង្រ្គាម ឬបដិវត្ដពណ៌ ដែលជានិច្ចកាលពួកគេតែងបំផុសញុះញុង់សកម្មជនខ្លួនខ្លះឲ្យងើបបះបោរ ម្ដងត្រាប់តាមការបះបោរប្រទេសនេះ ឬត្រាប់តាមប្រទេសនោះមិនចេះឈប់ឈរជាដើម។ ដូច្នេះចំពោះ វិសោធនកម្មរដ្ខធម្មនុញ្ញលើកទី១០នេះ គឺត្រូវបានបិទបញ្ចប់ទំព័រប្រវត្ដិសាស្រ្ដទៅលើមេដឹកនំាដែលមានគំនិតជាតិនិយមក្លែងក្លាយ៕