(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នាថ្មីៗនេះ បានសម្រេចទទួលស្គាល់ សមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងតូរ៉ុនតូ ខេត្តអុនតារីយ៉ូ ប្រទេសកាណាដា ចំនួន៩ រូប សម្រាប់អាណត្តិទី១ លើកទី១។

សមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងតូរ៉ុនតូ ចំនួន៩ រូបនោះរួមមាន៖ ១៖ លោក វង្ស ឡននី ២៖ លោក ង៉ូវ ឈុនអៀង ៣៖ លោក ឡាំង គាងឆាយ ៤៖ លោក លី សុខ ៥៖ លោកស្រី ឈូក លាងហូរ ៦៖ លោក លីម ឆាលី ៧៖ លោក គិត ឃុន ៨៖ លោក តាន់ វុទ្ធី និង៩៖ លោក ទា គីម តុង។

តាមរយៈ សេចក្តីសម្រេចនោះ រាជរដ្ឋាភិបាល ក៏បានទទួលស្គាល់ លោក វង្ស ឡេននី ជាប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងតូរ៉ុនតូ ខេត្តអុនតារីយ៉ូ ប្រទេសកាណាដា សម្រាប់អាណត្តិទី១ លើកទី១ ផងដែរ។

គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសសមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា សម្រាប់អាណត្តិទី១ លើកទី១ បានប្រព្រឹត្តទៅស្របតាមច្បាប់ស្តីពីសភាពាណិជ្ជកម្ម និងនីតិវិធីជាធរមាន នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជា ប្រធានគណៈកម្មការរៀបចំការបោះឆ្នោត និង មានការអញ្ជើញចូលរួមពី ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា។

ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅ ទីក្រុងតូរ៉ុនតូនេះ នឹងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការសម្របសម្រួល ពាណិជ្ជកម្មរវាងកម្ពុជា និងកាណាដា ក៏ដូចជាជួយជំរុញ និងទាក់ទាញវិនិយោគិនកាណាដា មកវិនិយោគនៅក្នុងប្រទេសកម្ពុជា ឱ្យកាន់តែច្រើន៕