(ភ្នំពេញ)៖ ក្នុងជំនួបដកបទពិសោធន៍ការងារគ្រប់គ្រងសន្តិសុខឯកជន ជាមួយក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថាននានា (លើកទី២) នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ បានដាក់ចេញនូវការណែនាំមួយចំនួនដល់នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន និងក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជនទាំងអស់ ដើម្បីពង្រឹងសមត្ថភាពភ្នាក់ងាររបស់ខ្លួន សំដៅចូលរួមថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈសង្គម ជាមួយកងកម្លាំងមានសមត្ថកិច្ច។

ក្នុងកិច្ចប្រជុំដែលមានការចូលរួមពីថ្នាក់ដឹកនាំនគរបាល និងនាយក នាយិការក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថាន ជ្រើសរើសភ្នាក់ងារសន្តិសុខឯកជន នៅអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានធ្វើការណែនាំដូចខាងក្រោម៖

ទី១៖ បន្ដជំរុញអនុវត្តឲ្យបានត្រឹមត្រូវតាមបទដ្ឋានច្បាប់ អនុក្រឹត្យ ប្រកាសរបស់ក្រសួងមហាផ្ទៃ និងសេចក្ដីណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅក្នុងការអនុវត្ត ក៏ដូចជាការបំពេញការងារពាក់ព័ន្ធវិស័យសន្ដិសុខឯកជន។ ក្នុងនោះមានការកំណត់អំពីបែបបទនៃការជ្រើសរើសភ្នាក់ងារ, ការប្រើប្រាស់ឯកសណ្ឋាន, សម្ភារបំពាក់ឲ្យភ្នាក់ងារជាដើម។

ទី២៖ សូមឲ្យយកចិត្តទុកដាក់ពិនិត្យឲ្យបានម៉ត់ចត់ក្នុងការជ្រើសរើសភ្នាក់ងារសន្ដិសុខ ឲ្យស្របទៅតាមលក្ខខណ្ឌ។ ចំណុចនេះត្រូវធ្វើកិច្ចការងារដោយប្រុងប្រយ័ត្នជៀសវាងឲ្យបាននូវការជ្រៀតចូលនៃសមាសភាពដែលមិនល្អ ដែលមានគំនិតប៉ុនប៉ងប្រព្រឹត្តបទល្មើសផ្សេងៗ ក្រោមរូបភាពនៃការជ្រើសរើស ហើយបង្កប់ការធ្វើសកម្មភាពក្នុងក្រុមហ៊ុន ឬគ្រឹះស្ថាន។

សូមលើកទឹកចិត្តឲ្យក្រុមហ៊ុន ឬគ្រឹះស្ថាន ផ្ដល់អាទិភាពក្នុងការជ្រើសរើសយកអតីតមន្ដ្រី ឬកងកម្លាំងប្រដាប់អាវុធ ដែលបានចូលនិវត្តន៍ពីការងាររដ្ឋដែលមានសុខភាពល្អ អាចបំពេញការងារឲ្យក្រុមហ៊ុន ព្រោះពួកគាត់អាចយល់ដឹងច្រើនអំពីវិធីការពារ និងការងារមួយចំនួន ដែលអាចជួយបានដល់ក្រុមហ៊ុន ឬគ្រឹះស្ថាន។

ទី៣៖ បន្ដសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យបានកាន់តែស៉ីជម្រៅ និងបន្ដសហការជាមួយស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ឲ្យបានល្អក្នុងការធ្វើកិច្ចការរបស់ខ្លួន ទាក់ទងនឹងការគ្រប់គ្រង ដំណើរការសកម្មភាពការងាររបស់ក្រុមហ៊ុន ក៏ដូចជាគ្រឹះស្ថាន។ ចំណុចនេះទាមទារឲ្យមានការអនុវត្តច្រើន ព្រោះកិច្ចសហការនេះជាការធានានូវនិរន្ដរ៍ភាពនៃដំណើរការរបស់គ្រឹះស្ថាន ឬក្រុមហ៊ុន។

ជួយគាំពារគ្នាទៅវិញទៅមករវាងការកាត់បន្ថយបទល្មើសនៅតាមមូលដ្ឋាន ហើយកាលណាកាត់បន្ថយបានបទល្មើសនៅតាមមូលដ្ឋាន គឺបង្កើតបាននូវភាពកក់ក្ដៅរបស់អតិថិជន ទំនុកចិត្តការពឹងពាក់ ការត្រូវការសេវាដែលជាមូលដ្ឋានស្លាប់រស់ របស់ក្រុមហ៊ុនក្នុងការធ្វើអាជីវកម្ម។

ទី៤៖ សមត្ថកិច្ចត្រូវយកចិត្តទុកដាក់បណ្ដាគ្រឹះស្ថាន ដែលនៅក្នុងភូមិសាស្ដ្ររបស់ខ្លួន ពិសេសបណ្ដាខេត្តដែលមានភូមិសាស្ដ្រស្មុគស្មាញ ត្រូវគ្រប់គ្រងឲ្យបានបណ្ដាទីតាំងដែលប្រើប្រាស់ភ្នាក់ងារសន្ដិសុខឯកជន។ សម្រាប់ក្រុមហ៊ុន ឬគ្រឹះស្ថាន ត្រូវយកចិត្តទុកដាក់គ្របគ្រងភ្នាក់ងាររបស់ខ្លួនឲ្យណែននៅក្នុងដៃ ព្រោះការគ្រប់គ្រងនេះសំខាន់ណាស់ ដោយហេតុថា ខ្លាចភ្នាក់ងាររបស់ខ្លួនងាកទៅប្រើប្រាស់ទំនាក់ទំនងនៅខាងក្រៅ ហើយធ្វើសកម្មភាពនៅគោលដៅឈរជើងដោយខុសច្បាប់។

ទី៥៖ លើកកម្ពស់ និងគាំទ្រការបណ្ដុះបណ្ដាលជំនាញភ្នាក់ងារសន្ដិសុខឯកជន ដោយស្នើឲ្យនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បន្ដបើកវគ្គបណ្ដុះបណ្ដាលនេះបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាព លើកស្ទូយជំនាញ។

យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានឲ្យដឹងថា ភ្នាក់ងារសន្តិសុខឯកជនកំពុងបម្រើការងារទូទាំងប្រទេស ចំនួន២៨,៦៨១នាក់ (ស្រី២,៣៧៦នាក់) ក្នុងនោះរួមមាន៖ ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន សរុបចំនួន២៦១ក្រុមហ៊ុន ប៉ុន្តែក្រុមហ៊ុនកំពុងដំណើរការចំនួន២៣៣ក្រុមហ៊ុន ប្រើប្រាស់ភ្នាក់ងារសន្តិសុខឯកជន ចំនួន១៤,៩១៩នាក់ (ស្រី២,០៣៧នាក់) និងសហគ្រាសគ្រឹះស្ថានជ្រើសរើសភ្នាក់ងារសន្តិសុខឯកជន ចំនួន១,៩៧១គ្រឹះស្ថាន ប្រើប្រាស់ភ្នាក់ងារសន្តិសុខឯកជន ចំនួន១៣,៧៦២នាក់ (ស្រី៣៣៩នាក់)។

សម្រាប់ការងារបណ្ដុះបណ្ដាលវិញ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានអះអាងថា រហូតដល់បច្ចុប្បន្ននេះ ការបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន បានចំនួន៣៩លើក មាននាយ-នាយរងនគរបាលជាតិ នៃនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត សរុបចំនួន១៤៦នាក់ (ស្រី០៩នាក់) និងសិក្ខាកាមជាភ្នាក់ងារសន្តិសុខឯកជនសរុបចំនួន ៦,៩៣៥នាក់ (ស្រី១៦១នាក់)៕